2023-08-17 11:08
122


ខេត្តព្រៃវែង៖ ស្នងការដ្ឋាននគរបាលខេត្តព្រៃវែង នៅរសៀលថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៣នេះ បានឱ្យដឹងថា មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូ និងម៉ូតូ បានកើតឡើង ដោយភាគីម្ខាងបត់ឆ្វេងឆ្លងផ្លូវមិនបើកភ្លើងសញ្ញាសុំផ្លូវ ក៏ត្រូវបានភាគីម្ខាងទៀតចាប់ហ្វ្រាំងមិនទាន់ជ្រុលទៅបុកបណ្ដាលឱ្យរងរបួសធ្ងន់ម្នាក់ និងស្រាល ២នាក់ ត្រូវបានកម្លាំងនគរបាលស្រុកពារាំង ចុះអន្តរាគមន៍ ។

ហេតុការណ៍នេះ បានកើតឡើង ត្រង់ចំណុចលើផ្លូវក្រាលកៅស៊ូមុខរបងវត្តអម្ពព្រឹក្ស (ហៅវត្តស្វាយព្រះហ៊ូត)ភូមិស្វាយ ឃុំព្រៃស្រឡិត ស្រុកពារាំង ខេត្តព្រៃវែង កាលពីព្រឹកមិញនេះ។ អ្នករងរបួស ៣នាក់ខាងលើ ទី១ ឈ្មោះ ណុន វណ្ណា ភេទប្រុស អាយុ ១៤ឆ្នាំ រស់នៅភូមិក្រាំង (ខ) ឃុំព្រៃស្រឡិត ស្រុកពារាំង ខេត្តព្រៃវែង (រងរបួសធ្ងន់) ទី២ ឈ្មោះ ម៉ៃ មាន ភេទប្រុស អាយុ ៦៤ ឆ្នាំ រស់នៅភូមិស្វាយ (ក) ឃុំព្រៃស្រឡិត ស្រុកពារាំង ខេត្តព្រៃវែង (រងរបួសស្រាល) ទី៣ ឈ្មោះ ខាត សៅ ភេទស្រី អាយុ ៦៣ឆ្នាំ នៅភូមិស្វាយ (ខ) ឃុំព្រៃស្រឡិត ស្រុកពារាំង ខេត្តព្រៃវែង (រងរបួសស្រាល) ។

គួរបញ្ជាក់ថា នៅមុនពេលកើតហេតុ ឈ្មោះ ណុន វណ្ណា បើកបរម៉ូតូ ១គ្រឿង ម៉ាកហុងដា សេ ១២៥ ពណ៌ខ្មៅ ពាក់ផ្លាកលេខ ព្រៃវែង 1-M5170 (ដោយមានពាក់មួកសុវត្ថិភាព) ក្នុងទិសដៅពីជើងទៅត្បូង លុះមកដល់ចំណុចកើតហេតុ ក៏មានម៉ូតូ ១គ្រឿងម៉ាក់ហុងដា សេ ១២៥ ពណ៌ខ្មៅ ពាក់ផ្លាកលេខ ព្រៃវែង 1M-1854 បើកបរដោយឈ្មោះ ម៉ៃ មាន និងអ្នករួមដំណើរម្នាក់ ឈ្មោះ ខាត សៅ បើកបរក្នុងទិសដៅស្របគ្នា ពីជើងទៅត្បូង ដោយបើកនៅពីខាងមុខម៉ូតូឈ្មោះ ណុន វណ្ណា ពេលនោះស្រាប់តែម៉ូតូដែលបើកបរនៅខាងមុខបានបត់ឆ្វេងដៃដោយមិនបានវ៉ៃភ្លើងសញ្ញាសុំផ្លូវ ពេលនោះម៉ូតូដែលបើកបរដោយឈ្មោះ ណុន វណ្ណា ក៏បានជ្រុលទៅប៉ះម៉ូតូដែលនៅពីខាងមុខ បណ្ដាលឱ្យឈ្មោះ ណុន វណ្ណា រងរបួសធ្ងន់ ចំណែកឈ្មោះ ម៉ៃ មាន និងប្រពន្ធ ដែលបើកបរម៉ូតូនៅខាងមុខ រងរបួសស្រាល ។ 

បច្ចុប្បន្ន អ្នករងរបួស ត្រូវបានក្រុមគ្រួសារយកទៅព្យាបាលនៅមន្ទីរពេទ្យ រីឯវត្ថុតាងម៉ូតូទាំង ២គ្រឿង ត្រូវបាននគរបាល យកមករក្សាទុកនៅប៉ុស្តិ៍នគរបាលរដ្ឋបាលព្រៃស្រឡិត ដើម្បីដោះស្រាយបន្តនីតិវិធី ៕