2024-03-19 05:03
45

កែប៖ អាជ្ញាធរស្រុកដំណាក់ចង្អើរ និងមន្ត្រីពាក់ព័ន្ធបាននាំគ្នាចុះពិនិត្យមើលលើទីតាំងដីមួយកន្លែងដែលចាក់អាចម៍ដីរំលោភប្រឡាយទឹក និងដីចំណីអាងទឹករបស់រដ្ឋ និងកំពុងរៀបចំឯកសារមិនប្រក្រតីដើម្បីស្នើសុំចុះបញ្ជីដីធ្លីដាច់ដោយឡែក បន្ទាប់ពីមានការរិះគន់។ 

ការចុះពិនិត្យទីតាំងដីមិនប្រក្រតីមួយកន្លែង ស្ថិតក្នុងស្ថិតនៅក្បែរភ្នំពោន ឃុំពងទឹក ស្រុកដំណាក់ចង្អើរ ខេត្តកែប ដឹកនាំដោយលោក អ៊ុក វុទ្ធី អភិបាលរងស្រុកដំណាក់ចង្អើរ មន្ត្រីជំនាញពាក់ព័ន្ធ និថអាជ្ញាធរមូលដ្ឋានផងដែរ។ 

ក្នុងពេលចុះពិនិត្យនោះ អាជ្ញាធរបានឲ្យមន្ត្រីជំនាញផ្ទៀងផ្ទាត់លើទីតាំងចាក់អាចម៍ដី និងមានការស្នើសុំធ្វើប្លង់កម្មសិទ្ធិ គឺកាត់ចំណីព្រែក (ផ្លូវទឹក) ១៥ម៉ែត្រ និងដីចំណីអាងទឹក ២០ម៉ែត្រ ដោយរកឃើញការពិតជាបានរំលោភចូលដីសាធារណៈរបស់រដ្ឋមែន។ 

សូមរំឭកថា ដីចំណីព្រែក និងអាងទឹករបស់រដ្ឋមួយកន្លែងត្រូវបានបុគ្គលកម្នាក់ ឃុបឃិតជាមួយអាជ្ញាធរ និងមន្ត្រីគ្រាប់ល្ពៅមួយក្តាប់តូចរៀបចំឯកសារ ដើម្បីស្នើសុំធ្វើប្លង់កម្មសិទ្ធដាច់ដោយឡែក ប៉ុន្តែក្រោយបែកធ្លាយរឿងមិនប្រក្រតីជុំវិញបញ្ហានេះ លោកប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តកែប បានដកឯកសារទុកសិន និងអះអាងថា «រឿងដីនេះលុះត្រាតែមានការសម្រេចពីថ្នាក់លើ»។

នាពេលកន្លងមក ទីតាំងដីដែលកំពុងស្នើសុំធ្វើប្លង់កម្មសិទ្ធដោយភាពមិនប្រក្រតីនោះ អាជ្ញាធរខេត្តកែប ធ្លាប់បានឲ្យម្ចាស់ទីតាំងរំលោភបំពាន ធ្វើការកាយអាចម៍ដីដែលចាក់ចេញវិញដោយឥតលក្ខខណ្ឌរក្សាទុកជាដីសម្បត្តិរដ្ឋឡើងវិញ។ 

យោងតាមឯកសារនានាបានឲ្យដឹងថា អ្នកដែលស្នើសុំចុះបញ្ជីដីធ្លី រំលោភយកដីចំណីព្រែក និងអាងទឹកខាងលើមានឈ្មោះ រៀម សុខុន ភេទប្រុស អាយុ ៦៣ឆ្នាំ និងប្រពន្ធឈ្មោះ យុង សុវណ្ណារ៉ា មានទីលំនៅផ្ទះលេខ ១៤៤ A4 ផ្លូវលេខ ១៤៣ ភូមិ៤ សង្កាត់បឹងកេងកង ខណ្ឌចំការមន រាជធានីភ្នំពេញ៕