2023-05-30 05:05
287


ភ្នំពេញ៖ កម្លាំងជំនាញ នៃមន្ទីរប្រឆាំងគ្រឿងញៀន អគ្គស្នងការនគរបាលជាតិ បានបង្ក្រាបចាប់ឃាត់ខ្លួនជនសង្ស័យជនជាតិវៀតណាមម្នាក់ ក្នុងករណីជួញដូរគ្រឿងញៀនឆ្លងដែន តាមរយៈដាក់ផ្ញើរកញ្ចប់បញ្ញើប្រៃសណីយ៍កម្ពុជា (វត្តភ្នំ) ជាង ៥គីឡូក្រាម។


តាមរបាយការណ៍របស់មន្ទីប្រឆាំងគ្រឿងញៀន បានឲ្យដឹងថា សមត្ថកិច្ចជំនាញឃាត់ខ្លួនជនសង្ស័យ ០១នាក់ មានឈ្មោះ វ៉ូ ហ្វាងម៊ិញ (VU QUANG MINH)   ភេទប្រុស ជនជាតិវៀតណាម កើតនៅថ្ងៃទី១៦ ខែសីហា ឆ្នាំ១៩៨៤ បានធ្វើសកម្មភាពជួញដូរគ្រឿងញៀន ផ្ញើរកញ្ចប់បញ្ញើប្រៃយ៍ណី ដោយរឹបអូសបានគ្រឿងញៀន ជាង ៥គីឡូក្រាម។
ប្រតិបត្តិការខាងលើនេះ អនុវត្តតាមបញ្ជានាយឧត្ដមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងនាយឧត្ដមសេនីយ៍ ម៉ក់ ជីតូ អគ្គស្នងការរង ទទួលផែនប្រឆាំងបទល្មើសគ្រឿងញៀន ក្រោមការបញ្ជាដឹកនាំផ្ទាល់របស់ ឧត្ដមសេនីយ៍ឯក ឃឹង សារ៉ាត់ នាយកមន្ទីរប្រឆាំងគ្រឿងញៀនផ្ទាល់តែម្តង 


របាយការណ៍ បានបង្ហាញថា នៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៣ វេលាម៉ោង ០៩និង០០នាទី កម្លាំងការិយាល័យរដ្ឋបាល សរុប (ក១) ដឹកនាំដោយលោក ឧត្តមសេនីយ៍ទោ អ៊ិន សុង នាយករងមន្ទីរ លោកវរសេនីយ៍ឯក ម៉ាក់ សេរីវឌ្ឍនៈ នាយករងមន្ទីរ សហការជាមួយ លោក ស៊ឹម ធី អគ្គនាយករង ប្រៃសណីយ៍កម្ពុជា ឧត្តមសេនីយ៍ឯក សម វណ្ណវិរ: ប្រធាននាយកដ្ឋានសន្តិសុខផ្ទៃក្នុង និងសមត្ថកិច្ចគយប្រចាំការនៅប្រៃសណីយ៍ ដោយមានការដឹកនាំសម្របសម្រួលដោយលោក ស៊ិត វណ្ណៈ ព្រះរាជអាជ្ញាររង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បង្ក្រាបករណីជួញដូរគ្រឿងញៀនឆ្លងដែន តាមរយ:កញ្ចប់បញ្ញើ នៅចំណុចប៉ុស្តប្រៃសណីយ៍កម្ពុជា (វត្តភ្នំ) និងត្រង់ចំណុចបន្ទប់លេខB1B ជាន់ទី១១ ខុនដូ ស្ថិតនៅក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។
ជាលទ្ធផល សមត្ថកិច្ចចាប់ខ្លួនជនសង្ស័យជនជាតិវៀតណាមម្នាក់ និងរឹបអូសយកគ្រឿងញៀន រួមមាន៖ គ្រឿងញៀន ប្រភេទ កេតាមីន (KETAMINE) ទម្ងន់ ៤,២១២ក្រាម និងគ្រឿងញៀន ប្រភេទ អ៊ិចស្តាស៊ី (MDMA) ទម្ងន់ ១,០១៨ក្រាម។
បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងបានកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមនីតិវិធី៕