2024-02-08 06:02
61

ខេត្តប៉ៃលិន ៖     នៅព្រឹកថ្ងៃទី០៧ ខែកុម្ភ: ឆ្នាំ២០២៤នេះ ខណ:បុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ចិន វៀតណាម កាន់តែខិតជិតមកដល់ រដ្ឋបាលក្រុងប៉ៃលិន បានដឹកនាំក្រុមការងារ និងមន្រ្តីជំនាញ ចុះណែនាំដល់ប្រជាពលរដ្ឋ និងអាជីវករលក់ដូរនៅក្នុងផ្សារសាមគ្គី ហៅប៉ាហ៊ី ដើម្បីរក្សាបាននូវសន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈ ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី៩ ដល់ថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៤ ខាងមុខនេះ។ 
   ដោយអនុវត្តតាម រដ្ឋបាលខេត្តប៉ៃលិន លោក លី សុងហ៊ី អភិបាលក្រុងប៉ៃលិន ក៏សូមធ្វើការណែនាំដល់មន្ទីរ អង្គភាព ឃុំ សង្កាត់ សមាគម ក្រុមហ៊ុនឯកជន អង្គការក្រៅរដ្ឋាភិបាល និងសាធារណជនក្នុងខេត្តប៉ៃលិន ដូចតទៅ៖
  បម្រាមមិនឱ្យមានការដុតផាវ កាំជ្រួច ឬបង្កសម្លេងផ្ទុះគ្រប់ប្រភេទក្នុងឱកាសពិធីបុណ្យនេះ។ មិនឱ្យមានលេងល្បែងស៊ីសង និងល្បែងភ្នាល់គ្រប់ប្រភេទ។ រាល់ការហែក្បួនផ្សេងៗ ទាំងបែបសាសនា ឬប្រពៃណី ដែលគ្មានការអនុញ្ញាតត្រូវហាមឃាត់។ នៅគ្រប់ទីកន្លែងកម្សាន្តសប្បាយនានា មន្ទីរ អង្គភាព រោងចក្រ សហគ្រាស គេហដ្ឋាន ត្រូវរក្សាសន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់សាធារណៈ សេចក្តីថ្លៃថ្នូរ និងត្រូវប្រុងប្រយ័ត្នក្នុងការអុជទៀនធូប ក្រដាសសែន ភ្លើងចង្ក្រាន ចរន្តអគ្គិសនី ដែលអាចបង្កឱ្យមានគ្រោះអគ្គិភ័យកើតឡើងជាយថាហេតុ។ ដោយឡែកការដុតក្រដាសសែនត្រូវប្រើធុងដែក ឬឆ្នាំងដីដើម្បីដុត និងហាមដុតលើចិញ្ចើមផ្លូវ ឬទ្រូងផ្លូវសាធារណៈ។ ចាប់ពីពេលនេះតទៅ អាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ ត្រូវរក្សាសណ្តាប់ធ្នាប់ឱ្យបានល្អ។

   ចំណែកមន្រ្តីនគរបាលស្នងការដ្ឋាននគរបាលខេត្ត បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត និងបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងប៉ៃលិន ត្រូវចេញបទបញ្ជាឱ្យបានម៉ឺងម៉ាត់ដល់កម្លាំងរបស់ខ្លួន ដើម្បីអនុវត្ត តាមការណែនាំនេះ ឱ្យមានប្រសិទ្ធភាពខ្ពស់។ 
   ជនណាមិនអនុវត្តតាមសេចក្តីណែនាំនេះ ឬប្រព្រឹត្តល្មើសបង្កឱ្យមានចលាចលក្នុងសង្គម បាត់សណ្តាប់ធ្នាប់ សន្តិសុខ សុវត្ថិភាព និងរបៀបរៀបរយសាធារណៈ ត្រូវទទួលទោស តាមច្បាប់ជាធរមាន។ សេចក្តីណែនាំនេះ មានប្រសិទ្ធិភាពអនុវត្តចាប់ពីថ្ងៃចុះហត្ថលេខានេះតទៅ រហូតដល់បុណ្យ ចូលឆ្នាំថ្មីប្រពៃណីចិន-វៀតណាម ចប់សព្វគ្រប់។ 
  ចំណែកប្រជាពលរដ្ឋ និងអាជីវករ បាននាំគ្នាយកចិត្តទុកដាក់ស្តាប់ ដើម្បីអនុវត្តឱ្យបានល្អ ជៀសវៀងមានបញ្ហាកើតឡើងដោយសារការដុតផាវ ឬដុតកាំជ្រួចជាដើម៕