2023-12-12 07:12
119

ភ្នំពេញ៖ នៅទីស្តីការក្រសួងមហាផ្ទៃនាព្រឹកថ្ងៃអង្គារទី១២ ខែធ្នូ ឆ្នាំ២០២៣នេះនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានអនុញ្ញាតឱ្យលោក អែនធើនី មឹកក្វាយ នាយនគរបាលជាន់ខ្ពស់ តំណាងនគរបាលសហព័ន្ធអូស្រ្តាលីអមស្ថានទូតប្រចាំកម្ពុជា ចូលជួបសម្តែងការគួរសម និងជម្រាបលាខណៈចប់អាណត្តិបេសកកម្មនៅកម្ពុជា និងឧទ្ទេសនាម លោកស្រី រ៉េសល ប៊ល នាយនគរបាលជាន់ខ្ពស់ដែលនឹងចូលមកបន្តការងារជាតំណាងនគរបាលសហព័ន្ធអូស្រ្តាលីអមស្ថានទូតអូស្រ្តាលីប្រចាំកម្ពុជា។ 
   ជាកិច្ចចាប់ផ្តើម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនៃអគ្គស្នងការដ្ឋាននគរបាលជាតិបានសម្តែងការស្វាគមន៍ និងបានផ្តល់នូវអនុសាសន៍គន្លឹះមួយចំនួនដល់លោកស្រី រ៉េសល ប៊ល នាយនគរបាលសហព័ន្ធអូស្រ្តាលីជាន់ខ្ពស់អមស្ថានទូតអូស្រ្តាលីប្រចាំកម្ពុជាថ្មី និងថ្លែងអំណរគុណដល់លោក អែនធើនី មឹកក្វាយ ដែលបានផ្តល់កិច្ចសហការជាមួយនគរបាលជាតិកម្ពុជាសម្រេចបាននូវលទ្ធផលល្អរួមមាន៖ ការងារបណ្តុះបណ្តាល ការងារផ្លាស់ប្តូរព័ត៌មាន និងការបង្ក្រាបបទល្មើសឆ្លងដែនជាច្រើនប្រភេទបានជាច្រើនករណី។ 
   ជាមួយគ្នានោះ នាយឧត្តមសេនីយ៍ ស ថេត ក៏បានស្នើឱ្យលោកស្រី រ៉េសល ប៊ល បន្តកិច្ចសហការដែលមានកន្លងមកឱ្យកាន់តែល្អប្រសើរបន្ថែមទៀត ជាពិសេសបង្កើនកិច្ចសហការលើការងារបណ្តុះបណ្តាលមន្ត្រីអនុវត្តច្បាប់ដើម្បីឱ្យធនធានមន្ត្រីនគរបាលជាតិសម្រេចបានស្របតាមតម្រូវការយុទ្ធសាស្ត្របច្ចុកោណរបស់រាជរដ្ឋាភិបាលក្នុងអាណត្តិទី៧ ដែលមានសម្តេចធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី។
   ជាការឆ្លើយតប លោក អែនធើនី មឹកក្វាយ និងលោកស្រី រ៉េសល ប៊ល បានទទួលយកនិងសន្យាបន្តពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការជាមួយនគរបាលជាតិកម្ពុជាឱ្យកាន់តែស្អិតរមួតបន្ថែមទៀតទាំងការបណ្តុះបណ្តាលមន្រ្តីអនុវត្តច្បាប់និងការប្រយុទ្ធប្រឆាំងបទល្មើសឆ្លងដែនគ្រប់ប្រភេទ។
   ទន្ទឹមគ្នានោះផងដែរ ដើម្បីជាការតបស្នងដល់កិច្ចខិតខំប្រឹងប្រែងកន្លងមកក្នុងអាណត្តិរបស់លោក អែនធើនី មឹកក្វាយ នាយនគរបាលសហព័ន្ធអូស្រ្តាលីជាន់ខ្ពស់ អគ្គស្នងការនគរបាលជាតិ តាមរយៈក្រសួងមហាផ្ទៃក៏បានស្នើសុំរាជរដ្ឋាភិបាលផ្តល់ជូននូវគ្រឿងឥស្សរិយយស សហមេត្រី ថ្នាក់ធិបឌិន្ទ ជូនដល់លោក អែនធើនី មឹកក្វាយ ដែលកិច្ចបំពាក់គ្រឿងឥស្សរិយយសនេះ ប្រព្រឹត្តទៅដោយមានវត្តមានលោកឯកអគ្គរាជទូតអូស្ត្រាលី ចាស់ស្ទីន វ៉ាយអើត(Justin Whyatt)ផងដែរ៕