2024-02-20 02:02
60

កណ្តាល៖ កម្លាំងកងរាជអាវុធហត្ថខេត្តកណ្តាល សហការជាមួយកម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ និងកម្លាំងកងរាជអាវុធហត្ថលើផ្ទៃប្រទេស ឃាត់ខ្លួនជនសង្ស័យ ចំនួន ០១នាក់ ពាក់ព័ន្ធករណីលួច (លួចប្រាក់ផ្ទះវីង) និងរក្សាទុក ប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ដោយកសាងសំណុំបញ្ជូនទៅតុលាការដើម្បីចោទប្រកាន់ និងបានបញ្ជូនខ្លួនទៅឃុំក្នុងពន្ធនាគារជាបណ្តោះអាសន្ន។ 

ការបង្ក្រាបមុខសញ្ញាខាងលើអនុវត្តនូវភារកិច្ចស្នូលរបស់កងរាជអាវុធហត្ថ និងអនុវត្តតាមប្រសាសន៍ដឹកនាំ ព្រមទាំងមានការយកចិត្តទុកដាក់ពីលោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងប្រធានគណៈបញ្ជាការឯកភាពខេត្តកណ្តាល ដែលតែងតែដាស់តឿន ក្រើនរម្លឹក ដល់មេបញ្ជាការគ្រប់កងឯកភាពឲ្យយកចិត្តទុកដាក់ពង្រឹងបញ្ហាសន្តិសុខ សណ្តាប់ធ្នាប់សង្គម បង្ការ បង្ក្រាប រាល់បទល្មើសគ្រប់ប្រភេទនៅក្នុងមូលដ្ឋាន ដូចជាបទល្មើសគ្រឿងញៀន លួច ឆក់ ប្លន់ ក្មេងទំនើង ពិសេសអនុវត្តតាមទិសស្លោករបស់លោកនាយឧត្តមសេនីយ៍ សៅ សុខា ថា «ប្រទេសជាតិត្រូវតែការពារ ប្រជាត្រូវតែបម្រើ ច្បាប់ត្រូវតែគោរព បទល្មើសត្រូវតែបង្ក្រាប»។ 

ជាក់ស្តែងនៅវេលាម៉ោង ១០និង១៦នាទី (ម៉ោងនៅក្នុងកាម៉េរ៉ាសុវត្ថិភាព) ថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២៤ មានករណីលួច (លួចប្រាក់នៅផ្ទះបើកវីង) កើតឡើងនៅចំណុច ផ្ទះវេលុយវីង ស្ថិតក្នុងភូមិព្រែកស្វាយ ឃុំឈើទាល ស្រុកកៀនស្វាយ ខេត្តកណ្តាល។ ចំពោះសម្ភារៈបាត់បង់ប្រាក់រៀល និង ប្រាក់ដុល្លាមួយចំនួន។ 

ក្រោយពីទទួលបានព័ត៌មានរឿងហេតុខាងលើភ្លាម លោកឧត្តមសេនីយ៍ត្រី សំ តុលា មេបញ្ជាការកងរាជអាវុធហត្ថខេត្តកណ្តាល បានបញ្ជាកម្លាំងជំនាញមន្ទីរស្រាវជ្រាវ និងបង្ក្រាបបទល្មើស មន្ទីរស្រាវជ្រាវព័ត៌មានសន្តិសុខ និងស្រុកកៀនស្វាយ ដឹកនាំដោយ លោក វរសេនីយ៍ឯក ទូច អ៊ីណាន មេបញ្ជាការរង កងរាជអាវុធហត្ថខេត្តកណ្តាល ចុះដឹកនាំកម្លាំងដោយផ្ទាល់ប្រតិបត្តិការស្រាវជ្រាវ ស្វែងរកឃាត់ខ្លួនមុខសញ្ញា ដែលធ្វើសកម្មភាពខាងលើដោយមានការសម្របសម្រួលនីតិវិធីពី លោក លាវ ស្រេង ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកណ្តាល។ 

គួបផ្សំនឹងឆន្ទៈតស៊ូព្យាយាមសាមគ្គីសហការគ្នា រវាងកម្លាំងជំនាញកងរាជអាវុធហត្ថខេត្តកណ្តាល កម្លាំងជំនាញស្នងការដ្ឋានស្រាវជ្រាវ និងបង្ក្រាបបទល្មើស កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងកម្លាំងជំនាញកងរាជអាវុធហត្ថរាជធានីភ្នំពេញ ជំនាញកំណត់បាននូវមុខសញ្ញាធ្វើសកម្មភាព ឈានដល់ការឃាត់ខ្លួនជនសង្ស័យបាន ០១នាក់ នាថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៤។ 

វត្ថុតាងចាប់យកមានរថយន្ត ០១គ្រឿង, ម៉ូតូ ០១គ្រឿង, ទូរសព្ទដៃ ០១គ្រឿង, ថ្នាំញៀន (ម៉ាទឹកកក) ០១កញ្ចប់, លិខិតឆ្លងដែន ០២ច្បាប់, សៀវភៅគ្រួសារ ០១ច្បាប់, សេចក្ដីចម្លងសំបុត្របញ្ជាក់កំណើត ០៤ច្បាប់, សំបុត្របញ្ជាក់កំណើត ចំនួន ០៤ច្បាប់, មួកសុវត្ថិភាព ០៤, មួកក្រណាត់ ០៣ (ពាក់ធ្វើសកម្មភាព), ស្បែកជើងស្ត្រី ០១គូ, លោហៈធាតុពណ៌លឿង (កងដៃចំនួន ០៧វង់, ខ្សែកចំនួ ន០២ខ្សែ, ក្រវិលពណ៌លឿង ០១ចំហៀង ,ចិញ្ជៀន ០២វង់), ប័ណ្ណបើកបរ ០២សន្លឹក, អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ០៣សន្លឹក, ឯកសារបង់រំលស់ម៉ូតូ ០១ច្បាប់, អាវពាក់ធ្វើសកម្មភាព ០៦ (អាវប្រុស០៣ ស្រី០៣), កាបូបស្ពាយស្រ្តីធ្លាប់ធ្វើសកម្មភាព ០១, ក្រដាសប្រាក់មួយរយរៀលចំនួន ១៥២សន្លឹក (មួយម៉ឺនប្រាំពាន់ពីររយរៀល), កាតវីង០៤សន្លឹក, កាតវីសា(ស្ថាបនា) ០២សន្លឹក, កាត និងវីសាកាត ABA ០២សន្លឹក, លិខិតបញ្ជាក់សុំកាន់កាប់ដីធ្លី ០១ច្បាប់ ០៣សន្លឹក, ប័ណ្ណសំគាល់ទោចក្រយានយន្ត និងយានយន្ត (កាត់គ្រី) ០២សន្លឹក, ដាវដែក០១ និងដំបងឆក់០១។ 

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យ បានសារភាពថា៖ ក្រុមបក្សពួករបស់គេមានគ្នាចំនួន ០៧នាក់ (ប្រុស០៥ ស្រី០២) ធ្លាប់បានធ្វើសកម្មភាព ចំនួន ១២លើក ក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ តាមបណ្តាខេត្តមួយចំនួន និងខេត្តកណ្តាល។ 

បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងសមត្ថកិច្ចកងរាជអាវុធហត្ថខេត្តកណ្តាល បានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តកណ្តាល និងឃុំខ្លួននៅពន្ធនាគារខេត្តកណ្តាលរួច។ ចំណែកបក្សពួកនៅសល់កម្លាំងជំនាញបាននឹងកំពុងធ្វើការស្រាវជ្រាវបន្តតាមនីតិវិធី៕