2024-01-05 04:01
89

ខេត្តស្វាយរៀង៖ យ៉ាងហោចណាស់មានមន្ត្រីយោធាម្នាក់ស្លាប់ និងសិស្សសាលាម្នាក់រងរបួសធ្ងន់ដោយគ្រោះថ្នាក់ចរាចរណ៍២កន្លែងផ្សេងគ្នារវាងរថយន្តនិងម៉ូតូនៅស្រុកស្វាយទាបនិងក្រុងបាវិត។

យោងតាមសមត្ថកិច្ចនគរបាលបានឲ្យដឹងថា ករណីទី១បានកើតឡើ វេលាម៉ោង ២ និង៣០នាទីរសៀល ថ្ងៃទី០៤ ខែមករា ឆ្នាំ២០២៤ លើផ្លូវជាតិលេខ០១ ចន្លោះគីឡូម៉ែត្រលេខ ១៤២/១៤៣ ស្ថិតក្នុង ភូមិដើមពោធិ៍ ឃុំកណ្តៀងរាយ ស្រុក ស្វាយទាប ខេត្ត ស្វាយរៀង មាន ម៉ូតូមួយគ្រឿងម៉ាក ហុងដា dream ស៊េរីឆ្នាំ ២០១៧ ពណ៌ ខ្មៅ ពាក់ស្លាកលេខ ស្វាយរៀង ១J -8464 បើកបរដោយឈ្មោះ សៀវ មាឌ ភេទ ប្រុស អាយុ ៣៣ ឆ្នាំ មុខរបរ យោធា (ស្លាប់) រស់នៅភូមិដីក្រហម ឃុំមេសរថ្ងក ស្រុកចន្រ្ទា ខេត្តស្វាយរៀង  ដោយធ្វើដំណើរក្នុងទិសដៅពីលិចទៅកើត វ៉ាជែងក្នុងស្ថានភាពគ្រោះថ្នាក់ក៏បុកនិង រថយន្តមួយគ្រឿង ម៉ាក ប្រាដូ ពណ៌ស ផ្លាកលេខ ភ្នំពេញ ២AJ 6048 បើកបរដោយឈ្មោះ ចំរើន សុកេង ភេទប្រុស អាយុ ៣១ ឆ្នាំ មុខរបរ បើកបរ ទិសដៅពីកើតទៅលិច រស់នៅ ភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង ក្នុងទិសដៅផ្ទុុយគ្នាយ៉ាងពេញទំហឹងបង្កការភ្ញាក់ផ្អើលតែម្ដង។

រីឯមធ្យោបាយទាំង២ គ្រឿងសមត្ថកិច្ចអូស យកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកស្វាយទាប ចំណែកឯអ្នកបើកបររថយន្តបានឃាត់ខ្លួននៅអធិការដ្ឋាននគរបាលស្រុកស្វាយទាបដើម្បីសាកសួរបន្តតាមច្បាប់។

ករណីទី២ បានកើតឡើងកាលពីវេលាម៉ោង ១១និង៣៣ នាទីយប់ ថ្ងៃទី ០៤ ខែ មករា ឆ្នាំ ២០២៤  លើផ្លូវជាតិលេខ១ ចន្លោះគីឡូម៉ែត្រ ១៦៦-១៦៧ ស្ថិតក្នុងភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង មានរថយន្តម៉ាក FORD ប្រភេទទេសចរណ៍ ១៧ កៅអី ពណ៌ស ពាក់ស្លាកលេខ ស្វាយរៀង 2C-2066 បើកបរដោយឈ្មោះ ចែម ចយ ភេទ ប្រុស ៣៨ ឆ្នាំ ជនជាតិខ្មែរ មុខរបរបើកបរថយន្ត មានទីលំនៅក្នុងភូមិបាវិតលើ សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង បើកបរពីកើតទៅលិច ហើយបានបត់ឆ្វេង និង មានជាតិអាកុល 0.647 mg/L ក៏បុកជាមួយ ម៉ូតូម៉ាក HONDA C125  ព៌ណខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1KJ-0597 បើកបរដោយឈ្មោះ នាង ម៉ាទីន ភេទ ប្រុស អាយុ ១៦ ឆ្នាំ ជនជាតិខ្មែរ មុខរបរសិស្ស មានទីលំនៅក្នុងភូមិឈើទាល សង្កាត់ចេក ក្រុងស្វាយរៀង ខេត្តស្វាយរៀង ធ្វើដំណើរ ពីលិចទៅកើត យ៉ាងពេញទំហឹងបង្កការភ្ញាក់ផ្អើលដល់សមត្ថកិច្ចមកអន្តរាគមន៏ទាំងយប់។

ក្រោយមក អ្នករបួសត្រូវបានបងប្អូនសាច់ញាតិដឹកតាមរថយន្តពេទ្យបង្អែកបាវិត ទៅសង្រ្គោះនៅមន្ទីរពេទ្យខេត្តស្វាយរៀង ។
បច្ចុប្បន្ន អ្នកបើកបររថយន្តត្រូវបានសមត្ថកិច្ចនាំខ្លួនយកមកអធិការដ្ឋាននគរបាលក្រុងបាវិតដើម្បីសាកសួរតាមច្បាប់ ៕