2023-10-24 12:10
370

ខេត្តបន្ទាយមានជ័យ ៖ ជនសង្ស័យជាជនជាតិថៃម្នាក់រួមនឹងវត្ថុតាងជាគ្រឿងញៀន ត្រូវបានកម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន កងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនទៅសាលាដំបូងខេត្ត ដើម្បីអនុវត្តតាមនីតិវិធី នៅព្រឹកថ្ងៃអង្គារ ទី២៤ ខែតុលា ឆ្នាំ២០២៣នេះ។

គួររំលឹកឡើងថានៅវេលាម៉ោង០០និង៣០នាទីឈានចូលថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៣ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត បានឃាត់ខ្លួនជនសង្ស័យជនជាតិថៃម្នាក់ ករណីរក្សាទុក និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចផ្សាររាត្រីទឹកពុះ ស្ថិតក្នុងភូមិក្បាលស្ពាន១ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ 

   លោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតបានឱ្យដឹងថា ជនសង្ស័យឈ្មោះ ប៉ាក់ទីផាន វ៉ាឡាមីត (PATIAN WARAMIT) ហៅ អូម ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិថៃ មុខរបរបុគ្គលិកអនឡាញ បច្ចុប្បន្នស្នាក់នៅបន្ទប់ជួលម្តុំបុរីដួងច័ន្ទ ស្ថិតក្នុងភូមិសាមគ្គីមានជ័យ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ ក្រោយគាត់ខ្លួនចាប់យកវត្ថុតាងរួមមាន -គ្រឿងញៀនប្រភេទក្រាមម្ស៉ៅពណ៌សថ្លា (ម៉ាទឹកកក) ចំនួន០៤កូនថង់កិប ទម្ងន់ ៣,៤២ក្រាម, -គ្រឿងញៀនប្រភេទម្ស៉ៅក្រាមពណ៌សថ្លា (កេតាមីន) ចំនួន០១កូនថង់កិប ទម្ងន់១,០៥ក្រាម, -ទូរស័ព្ទចំនួន០១គ្រឿង (ម៉ាក1plus ពណ៌ទឹកសណ្តែក),-លិខិតឆ្លងដែន ចំនួន០១ក្បាល និងអត្តសញ្ញាណប័ណ្ណសញ្ជាតិថៃ ចំនួន០១សន្លឹក។ 

 លោកបានបន្តទៀតថា ក្រោយឃាត់ខ្លួន និងសួរចម្លេីយ ជនសង្ស័យ បានឆ្លើយសារភាពថា ខ្លួនពិតជាបានរក្សាទុក និងប្រើប្រាស់គ្រឿងញៀនពិតប្រាកដមែន។ ដោយផ្អែកលេីចម្លេីយសារភាព និងមានវត្ថុតាងជាក់ស្តែង ជនសង្ស័យត្រូវបានកម្លាំងមូលដ្ឋានអាវុធហត្ថក្រុងកសាងសំណុំរឿង បញ្ជូនមកបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត ចាត់ការបន្តដើម្បីបញ្ជូនទៅកាន់សាលាដំបូងខេត្តចាត់វិធានការទៅតាមនីតិវិធី៕