2023-03-23 02:03
464

ខេត្តពោធិ៍សាត់ ៖ ស្រ្តីវ័យចំណាស់ម្នាក់បានស្លាប់បាត់បង់ជីវិតយ៉ាងអាណោចអាធ័ម ដោយសារគ្រោះថ្នាក់ចរាចរណ៍ជិះម៉ូតូខុសផ្លូវនៅកន្លែងផ្លូវកោងខ្លាំងក៏ជ្រុលទៅបុកគល់ដើមត្នោត បណ្ដាលឱ្យម៉ូតូដាច់ជា២កំណាត់ ។

    ហេតុការណ៍ខាងលើបានកើតឡើងនារសៀលថ្ងៃអង្គរ ១៥រោច ខែផល្គុន ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៣ នៅលើកំណាត់ផ្លូវកៅស៊ូ១ខ្សែត្រង់ចំណុចផ្លូវកោងស្ថិតនៅក្នុងភូមិក្រញាំ ឃុំផ្ទះរុង ស្រុកតាលោសែនជ័យ ខេត្តពោធិ៍សាត់ ។

    យោងតាមរបាយការណ៍លោក វរសេនីយ៍ឯក អ៊ុល ហៃ អធិការនៃអធិការដ្ឋាននគរបាលស្រុកតាលោសែនជ័យបានឱ្យដឹងថា ស្រ្តីរងគ្រោះ(ស្លាប់)ឈ្មោះ អែម សុខា អាយុ ៥៣ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្នមានទីលំនៅ ភូមិ.ឃុំកើតហេតុ ។

    របាយការណ៍លោកអធិការបន្តទៀតថា ស្រ្តីរងគ្រោះបានធ្វើដំណើរដោយម៉ូតូ១គ្រឿងម៉ាក ហុងដាឌ្រីម សេ១២៥ សេ៊រីឆ្នាំ២០១៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ពោធិសាត់ 1F-2018 ក្នុងទិសដៅពីត្បូងឆ្ពោះទៅទិសខាងជើង លុះមកដល់កន្លែងកើតហេតុសង្ស័យម៉ូតូជាប់ហ្គារ ខណៈគេឮសំឡេងម៉ូតូរោទ៍ខ្លាំង ៗមុនជ្រុលទៅបុកគល់ដើមត្នោតបណ្ដាលឱ្យម៉ូតូដាច់ជា២កំណាត់ និងមនុស្សរងរបួសយ៉ាងធ្ងន់ធ្ងរបញ្ជូនដល់មណ្ឌលសុខភាពតាសាស់ក៏បានស្លាប់បាត់បង់ជីវិតតែម្ដង។ បច្ចប្បន្ន វត្ថុតាងម៉ូតូ និងសពប្រគល់ជូនក្រុមគ្រួសារដើម្បីយកចាត់ចែងធ្វើបុណ្យតាមប្រពៃណី ៕