2023-09-28 10:09
176

ភ្នំពេញ៖ លោកស្រី ម៉ារៀម ស្ហឺរមែន នាយកធានាគារពិភពលោកប្រចាំប្រទេសមីយ៉ាន់ម៉ា កម្ពុជា និងសាធារណរដ្ឋប្រជាមានិតប្រជាធិបតេយ្យឡាវ បានអះអាងថា “ធនាគារពិភពលោក បានត្រៀមខ្លួនរួចជាស្រេច ដើម្បីជួយរដ្ឋាភិបាលកម្ពុជាក្នុងការពង្រឹងគុណភាពជំនាញដល់យុវជនកម្ពុជាដែលឆ្លើយតបនឹងតម្រូវការទីផ្សារការងារប្រកបដោយប្រសិទ្ធភាព”។

ការអះអាងរបស់លោក ស្រី ម៉ារៀម ស្ហឺរមែន (Mariam Sherman) នាយកធានាគារពិភពលោកប្រចាំប្រទេសមីយ៉ាន់ម៉ា កម្ពុជា និងឡាវ ធ្វើឡើងក្នុងជំនួបពិភាក្សាការងារជាមួយឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នារសៀលថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៣ ម្សិលមិញនេះ នៅទីស្តីការក្រសួងការងារ។

ក្នុងកិច្ចពិភាក្សាប្រកបដោយភាពស្និទ្ធស្នាលនោះ ឯកឧត្តមរដ្ឋមន្ត្រី ហេង សួរ បានថ្លែងអំណរគុណដល់ធនាគារពិភពលោកដែលបានជួយគាំទ្រដល់កម្មវិធីបណ្តុះបណ្តាលបច្ចេកទេស ក្នុងការលើកកម្ពស់សមត្ថភាពជំនាញពលកម្មកម្ពុជាតាំងពីដើមកន្លងមក។ ទន្ទឹមនឹងនោះ ឯកឧត្តមរដ្ឋមន្ត្រី បានគូសបញ្ជាក់ថា ក្រសួងនឹងបន្តធ្វើការយ៉ាងជិតស្និទ្ធបំផុត ជាមួយក្រុមការងារបច្ចេកទេស របស់ធនាគារពិភពលោក ដើម្បីបញ្ចប់គម្រោង “ជំនាញកម្ពុជាដើម្បីការងារប្រសើរ” (Cambodia Skills for Better Jobs) ឱ្យទាន់ពេលវេលាកំណត់ដើម្បីជាត្រីវិស័យយ៉ាងសំខាន់ សម្រាប់ពង្រឹងគុណភាពជំនាញ ដែលឆ្លើយតបនឹងតម្រូវការទីផ្សារការងារ និងការផ្តល់ព័ត៌មាន រួមទាំងការតម្រង់ទិសវិជ្ជាជីវៈដើម្បីការងារប្រសើរ។

សូមជម្រាបថា គម្រោង “ជំនាញកម្ពុជាដើម្បីការងារប្រសើរ” គឺជាគម្រោងគន្លឹះដែលនឹងមានជានិយាមជាក់លាក់សម្រាប់កម្មវិធីបណ្តុះបណ្តាលយុវជន ១.៥លាននាក់ មកពីគ្រួសារក្រ១ ក្រ២ និងគ្រួសារងាយរងគ្រោះដែលជាកម្មវិធីបណ្តុះបណ្តាលថ្នាក់ជាតិ របស់រាជរដ្ឋាភិបាលអាណត្តិទី៧ ក្នុងគោលបំណងជួយដល់ប្រជាពលរដ្ឋមកពីក្រុមគ្រួសារក្រីក្រ និងងាយរងគ្រោះដើម្បីអាចទទួលបានជំនាញជាក់លាក់យ៉ាងឆាប់រហ័ស ហើយងាយទទួលបានឱកាសការងារ ក្នុងទីផ្សារកម្ពុជាដែលកំពុងតម្រូវការជំនាញបច្ចេកទេស ដើម្បីបំពេញតម្រូវការសកម្មភាពសេដ្ឋកិច្ច។

ក្នុងនោះលោកស្រី ម៉ារៀម ស្ហឺរមែន បានអះអាងថា ធនាគារពិភពលោក បានត្រៀមខ្លួនរួចជាស្រេចដើម្បីជួយរដ្ឋាភិបាលកម្ពុជាក្នុងការពង្រឹងគុណភាពជំនាញដល់យុវជនកម្ពុជាដែលឆ្លើយតបនឹងតម្រូវការទីផ្សារការងារប្រកបដោយប្រសិទ្ធភាព៕