2024-01-03 12:01
140

ខេត្តពោធិ៍សាត់៖ នៅព្រឹកថ្ងៃទី០៣ ខែមករា ឆ្នាំ២០២៤នេះក្រសួងធនធានទឹក និងឧតុនិយម បានឱ្យដឹងថា លោក ចាន់ ស៊ីណាត រដ្ឋលេខាធិការ អមដោយសហការី ប្រធានអនុប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តពោធិ៍សាត់ និងអាជ្ញាធរមូលដ្ឋានស្រុកវាលវែង ជាច្រើនរូប កាលពីម្សិលមិញនេះ បានអញ្ជើញចុះត្រួតពិនិត្យលើភូមិសាស្រ្តបណ្តាអាងទឹកធំៗ ជាច្រើនកន្លែងនៅតំបន់ក្បាលស្ទឹងពោធិ៍សាត់ ក្នុងភូមិសាស្ត្រខេត្តពោធិ៍សាត់។

នាឱកាសនោះ លោករដ្ឋលេខាធិការ បានឱ្យដឹងថា ក្រុមការងារបានចុះពិនិត្យភូមិសាស្ត្របណ្តាអាងទឹកក្នុងតំបន់ស្ទឹងធំ ស្ទឹងព្រៃខ្លុង ស្ទឹងអារ៉ៃ តំបន់ជ្រោះនិងជ្រលងភ្នំក្រវាញ និងតំបន់ស្ទឹងអាតៃ ដែលជាប្រភពទឹករស់សម្រាប់ផ្គត់ផ្គង់ទឹកឱ្យទៅបណ្តាអនុគម្រោងនានារបស់គម្រោងកសាងប្រព័ន្ធធារាសាស្ត្រឱ្យមានភាពធននឹងបម្រែបម្រួលអាកាសធាតុ(CAISAR) គម្រោងការគ្រប់គ្រងធនធានទឹកចម្រុះ(IWRM) និងគម្រោងទាំងអស់របស់ក្រសួងដែលកំពុងអនុវត្ត។ 

លោករដ្ឋលេខាធិការ ក៏បានបញ្ជាក់ថា ការចុះត្រួតពិនិត្យនេះ គឺដើម្បីឈានទៅរៀបចំគ្រោងការលម្អិតក្នុងការអភិវឌ្ឍបណ្តាអាងទឹកទាំងនេះទៅជាប្រព័ន្ធអាងទឹកបន្តបន្ទាប់គ្នា(Cascade Systems) ក្នុងការផ្គត់ផ្គង់ទឹកបម្រើឱ្យគ្រប់វិស័យក្នុងខេត្តពោធិ៍សាត់ ជាពិសេសកាត់បន្ថយនូវគ្រោះមហន្តរាយដែលបង្កឡើងដោយទឹកជំនន់គ្រប់ប្រភេទ និងគ្រោះរាំងស្ងួត ដោយយ៉ាងណាឱ្យតំបន់ប៉ូលសេដ្ឋកិច្ចទី៤ របស់ប្រទេសបានទទួលនូវសុវត្ថិភាពនិងសន្តិសុខទឹកក្នុងបរិមាណ ៦០០លានម៉ែត្រត្រីគុណ បន្ថែមទៀត៕