2024-03-26 05:03
42

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៤ លោកទេសរដ្ឋមន្ត្រីកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រី អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះ មហន្តរាយ តំណាងដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវធិតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនិងជាប្រធានគណៈកម្មា ធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានអញ្ជើញជាអធិបតីភាព ដឹកនាំកិច្ចប្រជុំអន្តរក្រសួង ស្តីពីពិគ្រោះយោបល់លើផែនការសកម្មភាពជាតិសម្រាប់កាត់បន្ថយហានិភ័យគ្រោះមហន្តរាយ ២០២៤-២០២៨  ។ 

កិច្ចប្រជុំប្រព្រឹត្តទៅនៅវិមានសន្តិភាព រៀបចំដោយគណៈកម្មាធិាការជាតិគ្រប់គ្រងគ្រោះមហន្តរាយនិងមានការអញ្ជើញចូលរួមពី ថ្នាក់ដឹកនាំឯកឧត្តម អនុប្រធាន គ.ជ.គ.ម. ឯកឧត្តម លោកជំទាវ តំណាងក្រសួងស្ថាប័ន ឯកឧត្តម អគ្គលេខាធិការ អគ្គលេខាធិការរង  ព្រមទាំងមន្ត្រីពាក់មួយចំនួនទៀត។ 

កិត្តិសង្គហបណ្ឌិត មានប្រសាសន៍ថា រាជរដ្ឋាភិបាលកម្ពុជា តាមរយៈគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះ មហន្តរាយ បានដាក់ចេញផែនការសកម្មភាពជាតិសម្រាប់កាត់បន្ថយហានិភ័យគ្រោះមហន្តរាយ ដើម្បីចូលរួមកាត់បន្ថយផលប៉ះពាល់បណ្តាលមកពីគ្រោះ មហន្តរាយឱ្យបានកាន់តែខ្ពស់។

ជាក់ស្តែងផែនការសកម្មភាពជាតិសម្រាប់កាត់បន្ថយហានិភ័យគ្រោះមហន្តរាយ២០២៤-២០២៨ ត្រូវបានបើកកិច្ចប្រជុំពិគ្រោះយោបល់ នាពេលនេះដើម្បីទទួលបានធាតុចូលថ្មីៗបន្ថែមទៀតដើម្បីឱ្យស៊ីសង្វាក់គ្នារវាងក្រសួងស្ថាប័ននៃរាជរដ្ឋាភិបាល សម្រាប់ដាក់ជូននាយករដ្ឋមន្ត្រី ដើម្បីផ្សព្វផ្សាយដាក់ឱ្យប្រើប្រាស់ជាផ្លូវការនាពេលខាងមុខនេះ។

ផែនការសកម្មភាពជាតិសម្រាប់កាត់បន្ថយហានិភ័យគ្រោះមហន្តរាយ២០២៤-២០២៨ គឺជាសមិទ្ធផលថ្មីមួយទៀតរបស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចមហាបវធិបតី ហ៊ុន មាណែត ដើម្បីលើក កម្ពស់ឧត្តមប្រយោជន៍ និងផ្តល់នូវទិសដៅយុទ្ធសាស្ត្រសម្រាប់សកម្មភាពដែលបានគ្រោងទុករយៈពេល៥ឆ្នាំ ស្រមតាមយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ ក្នុងបញ្ចកោណទី៤  ដើម្បីកាត់បន្ថយកម្រិតរងគ្រោះ និងភាពងាយរងគ្រោះទប់ស្កាត់ហានិភ័យ និងគ្រោះថ្នាក់ កើតចេញពីគ្រោះមហន្តរាយ។ 

ទេសរដ្ឋមន្ត្រី គន់ គីម បានក្រើនរំលឹកក្នុងពិធីនោះថា ការកាត់បន្ថយហានិភ័យគ្រោះមហន្តរាយ គឺជាការងារប្រទាក់ក្រឡាដែលមិនអាចស្ថាប័នណាមួយអនុវត្តឯកឯងបានឡើយ គឺត្រូវមានការសម្របសម្រួលឱ្យបានល្អ មានកិច្ចខិតខំប្រឹងប្រែងគ្រប់វិស័យ អនុវត្តរួមគ្នាដោយក្រសួងស្ថាប័នរាជរដ្ឋាភិបាល ដៃគូអភិវឌ្ឍន៍ វិស័យឯកជន និងអង្គការសង្គមស៊ីវិល។

លោកទេសរដ្ឋមន្ត្រីគូសបញ្ជាក់បន្ថែមថា «ការអនុវត្តផែនការសកម្មភាពជាតិសម្រាប់ការកាត់បន្ថយហានិ ភ័យគ្រោះមហន្តរាយ ចាំបាច់ក្រសួងស្ថាប័ន រដ្ឋបាលថ្នាក់ក្រោមជាតិ សង្គមស៊ីវិល វិស័យឯកជនត្រូវយកតួនាទី និងការទទួលខុសត្រូវរៀងៗខ្លួន ចូលរួមកាត់ បន្ថយហានិភ័យ ដើម្បីការកសាងភាពធន់នៅគ្រប់វិស័យទាំងអស់នៃសង្គម និងផ្តល់លទ្ធភាពឱ្យសហគមន៍ និងប្រទេសរបស់យើងអាចទប់ទល់នឹងផលប៉ះពាល់ដែលបង្កឡើងដោយសារគ្រោះមហន្តរាយពីមុខសញ្ញាគ្រោះ ថ្នាក់នានាដោយធម្មជាតិ និងមនុស្ស និងជួយដល់ការស្តារឡើងវិញក្រោយពេលមានគ្រោះមហន្តរាយនោះផងដែរ»។

ទេសរដ្ឋមន្ត្រី  ក៏បានថ្លែងអំណរគុណចំពោះក្រសួងស្ថាប័នពាក់ព័ន្ធ កងកម្លាំងប្រដាប់អាវុធ,រដ្ឋបាលរាជធានី ខេត្ត សប្បុរសជន និងគ្រប់អ្នកពាក់ព័ន្ធទាំងអស់ដែលបានចូលរួមឆ្លើយតបគ្រោះមហន្តរាយមានប្រសិទ្ធភាពខ្ពស់នាពេលកន្លងមក៕