2023-05-05 02:05
849


ពោធិ៍សាត់៖ ជំទាវអត់ក្រឹត្យម្នាក់ ដែលបន្លំខ្លួនចូលរួមជាមួយថ្នាក់ដឹកនាំស្ទើរគ្រប់កម្មពិធី ត្រូវបានចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជាបណ្តោះអាសន្នជាប់ព័ន្ធករណីឆបោកប្រាក់រាប់ម៉ឺនដុល្លារពីប្រជាពលរដ្ឋ ដើម្បីយកទៅរត់ការចូលក្រមខណ្ឌជាមន្ត្រីនគរបាលជាតិ។


ស្ត្រីជាប់ចោទដែលក្លែងខ្លួនជាជំទាវមានឈ្មោះ ហ៊ីម មុំ អាយុ ៥៣ ឆ្នាំ មានទីលំនៅផ្ទះលេខា២៤ ផ្លូវលេខ១០៨ ភូមិ១៨ សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ ស្ត្រីតែងខ្លួនជាទំទាវរូបនេះ ត្រូវបានកម្លាំងនគរបាលខេត្តពោធិ៍សាត់ចាប់ខ្លួន កាលពីថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២៣ កន្លងមកនេះ តាមអំណាចដីកាបង្គាប់ឲ្យចាប់ខ្លួនរបស់តុលាការពីបទៈ ឆបោកមានស្ថានទម្ងន់ទោស។
ក្រោយពេលចាប់ខ្លួនស្ត្រីជាប់ចោទ ត្រូវបានលោក ឡុញ ច័ន្ចចេតនា ចៅក្រមស៊ើបសួរសាលាដំបូងខេត្តពោធិ៍សាត់ បានចេញដីកាបង្គាប់ឲ្យឃុំខ្លួនបណ្ដោះអាសន្ន ក្នុងសំណុំរឿងព្រហ្មទណ្ឌពីបទៈ ឆបោកមានស្ថានទម្ងន់ទោស ដែលបានប្រព្រឹត្តនៅក្នុងភូមិឯកភាព ឃុំថ្មដា ស្រុកវាលវែង ក្នុងអំឡុងខែកក្កដាឆ្នាំ ២០២១។ 
ស្ត្រីខាងលើ បានធ្វើសកម្មភាពបោកប្រាស់ប្រជាពលរដ្ឋជាច្រើននាក់ តាមរយៈការយកលុយចាប់១៥០០០ដុល្លារទៅ១៧០០០ដុល្លារ ដើម្បីយកទៅរត់ការចូលក្របខណ្ឌជានគរបាលជាតិ ប៉ុន្តែមិនមិនទទួលបានលទ្ធផល ទើបជនរងគ្រោះដាក់ពាក្យបណ្តឹងជាបន្តបន្ទាប់រហូតដល់ការចាប់ខ្លួនតែម្តង។
សូមបញ្ជាក់ថា ស្ត្រីឈ្មោះ ហ៊ីម មុំ នាពេលកន្លងមកតែងតែឃើញស្ត្រីរូបនេះ ចូលរួមក្នុងកម្មវិធីជាច្រើនរបស់ថ្នាក់ដឹកនាំក្នុងខេត្តពោធិ៍សាត់ ដោយអង្គុយសុទ្ធតែតុកិត្តិយសហៅសុទ្ធតែជំទាវ ប៉ុន្តែគ្មានអ្នកចាប់អារម្មណ៍លុះអស់ល័ក្ខបោកប្រាស់ប្រជាពលរដ្ឋ ត្រូវសមត្ថកិច្ចចាប់ខ្លួន ទើបដឹងច្បាស់ថា ជាជំទាវអត់ក្រឹត្យ៕