2024-01-23 02:01
81

ភ្នំពេញ៖ ស្ត្រីជាប្រពន្ធកីឡាករជម្រើសជាតិវាយសី ដែលត្រូវរថយន្តស៊េរីទំនើម ម៉ាក Jeep បុកស្លាប់មិនទាន់ទទួលបានយុត្តិធម៌ផងនោះ បែរជារងបណ្តឹងពីម្តាយអ្នកបើកបរប្តឹងក្រុមគ្រួសារសពសរុបចំនួន ០៤នាក់ ទៅតុលាការរាជធានីភ្នំពេញ ដោយទាសំណងសរុបប្រមាណជិត ១លានដុល្លារឯណោះ។

តាមរយៈគណនីហ្វេសប៊ុកឈ្មោះ «Juppy» បានសរសេរសារបង្ហោះអបដោយរូបថតឈរក្បែរូបថតប្តីយ៉ាងដូច្នេះថា «ប្តឹងក្រុមគ្រួសារខ្ញុំ០៤នាក់ ទារសំណងសរុបប្រហាក់ប្រហែលនឹង ៨០ម៉ឺនដុល្លារអាមេរិក» ដោយមានអ្នកបញ្ចេញមតិជាច្រើន ដោយលើកទឹកចិត្តដល់ស្ត្រីជាប្រពន្ធជនរងគ្រោះ និងរិះគន់លើក្រុមគ្រួសារជនបង្កគ្រោះថ្នាក់ចរាចរណ៍បុកគេស្លាប់ហើយប្តឹងថែមទៀត។

សូមជម្រាបថា ប្រពន្ធ និងក្រុមគ្រួសារសពកីឡាករវ៉ៃសីជម្រើសជាតិ សរុបចំនួន ០៤នាក់ ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍រថយន្ត Jeep Overland ត្រូវម្តាយបង្កើតជនបង្កប្តឹងពីបទៈ «បរិហាកេរ្ដិ៍ជាសាធារណៈ», ទបៈ «បរិហាកេរ្ដិ៍តាមសារព័ត៌មាន» និង បទៈ «ជេរប្រមាថជាសាធារណៈ» ត្រូវបានលោកព្រះរាជអាជ្ញារង សេង ម៉េងស្រ៊ុន បានកោះហៅប្រពន្ធ និងសាច់ញាតិសពឲ្យចូលទៅបំភ្លឺ នៅសាលាដំបូងរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៤ ស្អែកនេះ ទៅជាន់ទី២ បន្ទប់ “ព” នៃសាលាដំបូងរាជធានីភ្នំពេញ ។

យោងតាមដីកាកោះហៅរបស់ តំណាងអយ្យការ ទាំង ០៤សន្លឹក ដែលចេញដោយលោក សេង ម៉េងស្រ៊ុន ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានបញ្ជាក់ថា ដើមបណ្ដឹងមានឈ្មោះ សុខ លីណា (ម្ដាយជនបង្ក) បានប្ដឹងទៅលើប្រពន្ធ និងសាច់ញាតិរបស់ជនរងគ្រោះ ដែលបានបាត់បង់ជីវិតដោយសាររថយន្ដបុកស្លាប់ទៅវិញ។

ប្រពន្ធ និងសាច់ញាតិដែលត្រូវម្ដាយជនបង្កប្ដឹងទៅតុលាការនោះ សរុបចំនួន ០៤នាក់ រួមមាន៖ ទី១- ឈ្មោះ គ្រុយ ឈិញលាំង ភេទស្រី ត្រូវជាប្រពន្ធជនរងគ្រោះ, ទី២- ឈ្មោះ សំរិទ្ធ សារុន ភេទប្រុស ឪពុកធំជនរងគ្រោះ, ទី៣- ឈ្មោះ សៀង មួយអេង ភេទស្រី ប្អូនបង្កើតជនរងគ្រោះ និង ទី៤- ឈ្មោះ សៀង សេរីរដ្ឋា ភេទស្រី ប្អូនបង្កើតជនរងគ្រោះ ត្រូវរងការចោទប្រកាន់ ពីបទៈ «បរិហាកេរ្ដិ៍ជាសាធារណៈ», ទបៈ «បរិហាកេរ្ដិ៍តាមសារព័ត៌មាន» និង បទៈ «ជេរប្រមាថជាសាធារណៈ»។

សូមរំលឹកថា ករណីគ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងកាលពីថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៣ រវាងរថយន្ត Jeep Overland ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ 2CB-9963 បើកបរដោយឈ្មោះ ព្រហ្ម វិចិត្រសុសក្តា ភេទប្រុស អាយុ ២០ឆ្នាំ មានទីលំនៅផ្ទះលេខ ៥២D ផ្លូវលេខ ៦៣ ភូមិ១៣ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន បានបុកម៉ូតូជនរងគ្រោះត្រង់ចំណុចផ្លូវប្រសព្វ លើផ្លូវលេខ ៣១៧ ប្រសព្វផ្លូវលេខ ៥៦៦ ក្នុងភូមិ៦ សង្កាត់បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ បណ្ដាលឲ្យជនរងគ្រោះស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ។

សូមបជម្រាបថា សំណុំរឿងគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចបើកការស៊ើបសួរលើ ឈ្មោះ ព្រហ្ម វិចិត្រសុសក្តា ពីបទៈ «បើកបរដោយធ្វេសប្រហែស ខ្ជីខ្ជា មិនប្រុងប្រយ័ត្ន ឬមិនគោរពកាតព្វកិច្ចដែលបទប្បញ្ញត្តិ ស្តីពី ចរាចរណ៍ផ្លូវគោកតម្រូវបណ្តាលឲ្យស្លាប់អ្នកដទៃ» និង បទៈ «រត់គេចខ្លួន» តាមមាត្រា ៨៥ នៃច្បាប់ស្តីពី ចរាចរណ៍ផ្លូវគោក និងមាត្រា ៥៤៣ នៃក្រមព្រហ្មទណ្ឌ។

សូមបញ្ជាក់ថា ក្រោយផ្ទុះការរិះគន់ពីសំណាក់មហាជនពាក់ព័ន្ធករណីកូនបើករថយន្តបុកជនរងគ្រោះបណ្តាលឱ្យស្លាប់មិនទាន់បានដោះស្រាយផង ស្រាប់តែម្តាយជនបង្កប្តឹងប្រពន្ធ និងក្រុមគ្រួសារជនរងគ្រោះ សរុបចំនួន ០៤នាក់ ទៅតុលាការដោយចោទប្រកាន់រហូតបីបទល្មើស រួមមាន៖ ពីបទៈ «បរិហាកេរ្ដិ៍ជាសាធារណៈ», ទបៈ «បរិហាកេរ្ដិ៍តាមសារព័ត៌មាន» និង បទៈ «ជេរប្រមាថជាសាធារណៈ» ស្ត្រីឈ្មោះ សុខ លីណា បានឆ្លើយតបថា «រថយន្តកូនប្រុសរបស់គាត់បើកបរក្នុងល្បឿនលឿនល្មម ដល់ផ្លូវប្រសព្វម៉ូតូបើកលឿនមកបុកចំរថយន្ត Jeep ក៏មានឧបទ្ទវហេតុហ្នឹងកើតឡើង»។

អ្នកស្រី សុខ លីណា បានបន្ថែមទៀតថាៈ ក្រោមពេលបុកផ្នែកតាមកាម៉ារ៉ាសុវត្ថិភាពកូនប្រុសរបស់ខ្លួនមិនបានរត់គេចទៅណាទេ បន្ទាប់មកអ្នកនៅជុំវិញកន្លែងកើតហេតុបានឃើញភាគីណាបើកលឿនភាគីបើកយឺត និងគ្មានការប្រណាំងប្រជែកគ្នាទេ ព្រមទាំងប្រាប់ឱ្យកូនរបស់គាត់ឱ្យចាកចេញព្រោះខ្លាចមានគេព្រួតវ៉ៃ និងបានចូលខ្លួនទៅបភ្លឺ ព្រមទាំងមានការអនុញ្ញាតឱ្យចូលរួមក្នុងពិធីបុណ្យសព និងចូលរួមតុជជែកពិភាក្សាគ្នាអំពីបញ្ហានេះ ប៉ុន្តែស្រាប់តែមានខាងចៅសង្កាត់មកធ្វើកំណត់ហេតុ ដើម្បីឱ្យក្រុមគ្រួសារលោកស្រីទទួលកំហុស ប៉ុន្តែពួកគាត់បានកែកព្រោះរឿងកំណត់ហេតុផ្សេងៗខាងប៉ូលិសមិនអាចធ្វើនៅរឿងបុណ្យអញ្ចឹងទេ ។ ដោយសាច់ញាតិជនរងគ្រោះជាអ្នកធ្លាប់ស្គាល់គ្នាផងនោះ ស្វាមីរបស់លោកស្រីក៏បាននិយាយថា «អាណិតក្មេងគ្នាទើបរៀនចប់ អញ្ចឹងសូមលោកពូអនុគ្រោះដកពាក្យបណ្តឹងទៅ កុំឱ្យក្មេងខួចអនាគត់» ដោយបរិយាកាសមិនសូវល្អ និងដល់ពេលត្រូវហែរសពផងនោះ ក៏ចូលបុណ្យ ១ ០០០ដុល្លារ រួមនាំគ្នាចាកចេញរោងបុណ្យ ស្រាប់ក្រោមមកមានព័ត៌មានថា «ក្រុមគ្រួសារលោកស្រីយកលុយ ១ ០០០ដុល្លារទៅគំរាមឱ្យភាគីសពឱ្យពាក្យបណ្តឹង បើមិនដកពាក្យបណ្តឹងទេ នឹងខួចអនាគត់ទាំងសងខាង» លោកស្រី សុខ លីណា បានអះអាងថា ពាក្យទាំងអស់នេះ ជាពាក្យបំភ្លើសទាំងស្រុង ព្រោះពួកគាត់មិនបាននិយាយពាក្យទាំងហ្នឹងទេ ។ 

ពាក់ព័ន្ធរឿងគ្រោះថ្នាក់ចរាចរណ៍នេះ អ្នកនាំពាក្យរង ក្រសួងមហាផ្តៃ បានលើកឡើងថា «ករណីគ្រោះថ្នាក់ចរាចរណ៍រថយន្ត Jeep បុកម៉ូតូបណ្តាលឱ្យស្លាប់មន្ត្រីនគរបាលចរាចរណ៍រាជធានីភ្នំពេញ បានបំពេញនិតិវិធី តាមជំនាញ និងតាមច្បាប់រហូតកសាងសំណុំរឿង និងជនបង្កទៅទៅកាន់តុលាការ ដើម្បីអនុវត្តតាមនិតិវិធីហើយតុលាការបានចាត់និតិវិធីទៅតាមច្បាប់កំណត់ ។ ចំណែកភាគីខាងក្រុមគ្រួសារជនបង្កប្តឹងបកទៅប្រពន្ធជនរងគ្រោះ គឺជាសិទ្ធិរបស់បុគ្គលទូទៅដែលផ្តល់ដោយច្បាប់ ប្រសិនបើគេយល់ឃើញអំពើណាមួយដែលធ្វើឱ្យប៉ះពាល់ដល់កិត្តិយសសេចក្តីថ្លៃថ្នូ និងមានភ័ត្តុតាងគ្រប់គ្រាន់គេមានសិទ្ធិប្តឹងទៅតុលាការតែម្តង មិនពាក់ព័ន្ធសមត្ថកិច្ចនគបាលយុត្តិធម៌នោះទេ»។

តាមដីកាកោះរបស់តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ស្ត្រីជាប្រពន្ធ និងក្រុមគ្រួសារជនរងគ្រោះដោយគ្រោះថ្នាក់ចរាចរណ៍រថយន្ត ម៉ាក Jeep បុកស្លាប់ នឹងត្រូវខ្លួនបំភ្លឺ នៅថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៤ នេះ ប៉ុន្តែការចូលទៅបំភ្លឺ ឬមិនចូលបំភ្លឺនោះរងចាំមើលបន្តទៀត៕