2024-01-19 12:01
80

ខេត្តរតនគិរី ៖   បន្ទាប់ពីបានដំណើរការរយៈពេល១ថ្ងៃកន្លះរួចមកសន្និបាត បូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ របស់រដ្ឋបាលខេត្តរតនគិរី ត្រូវបានប្រារព្ធពិធីបិទនៅព្រឹកថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៤ ក្រោមអធិតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្ដម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។

ឯកឧត្តម ញ៉ែម សំអឿន អភិបាលខេត្តរតនគិរី បានគោរពរាយការណ៍អំពីលទ្ធផលនៃអង្គសន្និបាត ដោយ អង្គសន្និបាតបានរៀបចំឱ្យមានបទអន្តរាគមន៍ស្តីពីការអនុវត្តគោលនយោបាយ ភូមិ ឃុំ សង្កាត់មានសុវត្ថិភាព និងការផ្ទេរមុខងារ និងធនធាននានាក្នុងវិស័យអប់រំមករដ្ឋបាលថ្នាក់ក្រោមជាតិ ដើម្បីឱ្យសមាជិក សមាជិកា និងអ្នកពាក់ព័ន្ធបានទទួលជ្រាប យកទៅអនុវត្តសម្រាប់ឆ្នាំបន្ទាប់ ព្រមទាំងបានធ្វើការពិភាក្សាលើប្រធានបទ ការអនុវត្តមុខងារដែលបានផ្ទេរមករដ្ឋបាលថ្នាក់ក្រោមជាតិ ផ្តោតលើបទពិសោធន៍ បញ្ហាប្រឈម សំណើសំណូមពរនានាក្នុងការអនុវត្តមុខងារដែលបានផ្ទេរពីក្រសួង ស្ថាប័ន ទាំងនៅថ្នាក់ខេត្ត និងថ្នាក់ក្រុង ស្រុក និងការផ្តល់សេវាសាធារណៈគ្រប់ប្រភេទ ផ្តោតលើ ការផ្តល់សេវាសាធារណៈតាមរយៈអង្គភាពច្រកចេញចូលតែមួយរដ្ឋបាលខេត្តការិយាល័យច្រកចេញចូលតែមួយរបស់រដ្ឋបាលក្រុង ស្រុក និងយន្តការច្រកចេញចូលតែមួយរបស់រដ្ឋបាលឃុំ សង្កាត់ សមត្ថភាព និងឥរិយាបថរបស់មន្ត្រីផ្តល់សេវាសាធារណៈ។

ឯកឧត្តម អភិបាលខេត្តបន្តថា អង្គសន្និបាតបានធ្វើការវាយតម្លៃខ្ពស់ចំពោះ អាជ្ញាធរគ្រប់លំដាប់ថ្នាក់ អង្គការដៃគូអភិវឌ្ឍន៍ ព្រមទាំង អ្នកពាក់ព័ន្ធទាំងអស់ដែលបានសហការរួមគ្នាសម្រេច បានសមិទ្ធផល និងស្នាដៃការងារជាច្រើនកន្លង មកគួរជាទីមោទន។ ជាមួយនេះ អង្គសន្និបាតទាំងមូលបានប្ដេជ្ញាចិត្តរួមគ្នាយ៉ាងមុតមាំ ដើម្បីពុះពារជម្នះ គ្រប់ឧបសគ្គ រិះរកវិធីដោះស្រាយរាល់បញ្ហាប្រឈមដែលនៅសេសសល់ ដោយបានឯកភាពទៅលើទិសដៅអនុវត្តបន្តឆ្នាំ២០២៤ របស់រដ្ឋបាលខេត្ត ដើម្បីសម្រេចបាននូវចក្ខុវិស័យដែលបានឆ្លុះបញ្ចាំងក្នុងផែន ការអភិវឌ្ឍន៍រយៈពេល៥ឆ្នាំ និងកម្មវិធីវិនិយោគបីឆ្នាំរំកិលរបស់រដ្ឋបាលខេត្ត ជាពិសេសឆ្លើយតបទៅនឹង គោលដៅយុទ្ធសាស្ត្ររយៈពេលខ្លីនៃគោលនយោបាយអាទិភាពទាំង ៦ចំណុច របស់រាជរដ្ឋាភិបាល និង គោលដៅអភិវឌ្ឍន៍រយៈពេលវែងនៃយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ឆ្ពោះទៅសម្រេចបាន ចក្ខុវិស័យរួមរបស់រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី ៧ នៃរដ្ឋសភា ជាពិសេសគាំទ្រយ៉ាងពេញទំហឹង អនុវត្តនូវយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំ ប្រកបដោយឈ្លាសវៃ និងមុតស្រួចរបស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានដាក់ចេញនូវយុទ្ធសាស្រ្តបញ្ចកោណទាំងប្រាំ រួមមាន៖ ១. ការអភិវឌ្ឍ ធនធានមនុស្ស ២.ការធ្វើពិពិធកម្មសេដ្ឋកិច្ច និងបង្កើនភាពប្រកួតប្រជែង ៣.ការអភិវឌ្ឍវិស័យឯកជន និងការងារ ៤.ការអភិវឌ្ឍប្រកបដោយភាពធន់ ចីរភាព និងបរិយាប័ន្ន និង៥.អភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គមឌីជីថល ព្រមទាំងមានការកំណែទម្រង់ពង្រឹងអភិបាលកិច្ចល្អ និងការធ្វើទំនើបកម្មស្ថាប័នរដ្ឋ ជាស្នូលនៃយុទ្ធសាស្ត្រ។

ឯកឧត្ដម អភិសន្តិបណ្ឌិត ស  សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានប្រសាសន៍ កោតសរសើរនិងវាយតម្លៃខ្ពស់ ចំពោះការខិតខំបឹងប្រែងធ្វើការងារអស់កម្លាំងកាយចិត្តរបស់រដ្ឋបាលខេត្តរតនគិរី គ្រប់លំដាប់ថ្នាក់ក្នុងការធានាបាននិរន្តរភាពការងារ និងការអភិវឌ្ឍន៍ជូនបងប្អូនប្រជាពលរដ្ឋនៅក្នុងខេត្ត ប្រកបដោយភាពរីកចម្រើនជាបន្តរបន្ទាប់។ ក្នុងនោះដែរយោងតាមរបាយការណ៍របស់ ឯកឧត្តម អភិបាលខេត្ត បានរាយការណ៍អំពីលទ្ធផលនៃការធ្វើសន្និបាតបានបញ្ជាក់ឲ្យឃើញថាខេត្តរតនគិរីក៏ដូចជាអាជ្ញាធរគ្រប់លំដាប់ថ្នាក់បានយកអស់កម្លាំងកាយចិត្តក្នុងការបម្រើផលប្រយោជន៍ជូនបងប្អូនប្រជាពលរដ្ឋនិងធ្វើ អោយខេត្តរតនគិរីកាន់តែរីកចម្រើនបន្ថែមទៀត។ 

ឯកឧត្ដម អភិសន្តិបណ្ឌិត បានមានប្រសាសន៍បន្ថែមទៀតថា ឆ្នាំ២០២៤នេះ ជាឆ្នាំទី១ នៃការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា ដែលជារបៀបវារៈនយោបាយដ៏សំខាន់សម្រាប់ការអភិវឌ្ឍប្រទេសជាតិប្រកបដោយទស្សនវិស័យច្បាស់លាស់ និងវែងឆ្ងាយ និងនាំប្រទេសជាតិឱ្យ កាន់តែមានការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យជាបន្តទៀត ក្នុងនោះស្នូលនៃយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ គឺផ្តោតលើការកែទម្រង់ ការពង្រឹងអភិបាលកិច្ច និងការធ្វើទំនើបកម្មស្ថាប័នរដ្ឋឱ្យ ក្លាយជារដ្ឋបាលសាធារណៈទំនើប ប្រកបដោយ សមត្ថភាពខ្ពស់ ខ្លាំង វៃឆ្លាត និងស្អាតស្អំ ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា និង ក្នុងនាមសម្តេចមហាបវរធិបតី នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ឯកឧត្ដម អភិសន្តិបណ្ឌិត បានជំរុញឲ្យបន្តចលនាអនុវត្តគោលនយោបាយ “ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព” ដើម្បីលើកកម្ពស់ការចូលរួមបង្ការទប់ស្កាត់បង្រ្កាបបទល្មើសនានាឱ្យកាន់តែមានប្រសិទ្ធភាពថែមទៀត , បន្តទប់ស្កាត់ និងបង្ក្រាបបទល្មើសនានា ជាពិសេសសកម្មភាពលួច ឆក់ ប្លន់ ការប្រើប្រាស់និងជួញដូរគ្រឿងញៀនខុសច្បាប់ល្បែងស៊ីសងខុសច្បាប់ និងសកម្មភាពក្មេងទំនើងជាដើម ព្រមទាំងគិតគូរត្រៀមវិធានការ និងមធ្យោបាយនានាក្នុងការបង្ការ និងពន្លត់អគ្គិភ័យ បន្តពង្រឹងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក ផ្អែកតាមផែនការយុទ្ធសាស្ត្រទសវត្សរ៍ សុវត្ថិភាពចរាចរណ៍ផ្លូវគោក។
នៅក្នុងឱកាសនេះឯកឧត្ដម អភិសន្តិបណ្ឌិត ក៏បានអញ្ជើញបំពាក់គ្រឿងឥស្សរិយសដល់មន្ត្រីរាជការ ដែលមានស្នាដៃ ក្នុងការអភិវឌ្ឍន៍ ប្រទេសជាតិផងដែរ៕