2024-03-09 11:03
68

ភ្នំពេញ៖ លោក ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា តំណាងលោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអញ្ជើញចូលរួមជាអធិបតីក្នុងកិច្ចប្រជុំស្ដីពីការកសាងកិច្ចសហប្រតិបត្តិការផ្លាស់ប្ដូរយោបល់គ្នារវាងខេត្តសានទុង និងកម្ពុជាក្នុងការអភិវឌ្ឍ “ច្រករបៀងឧស្សាហកម្ម” និង “ច្រករបៀងមច្ឆា និងអង្ករ”។ កិច្ចប្រជុំនេះត្រូវបានរៀបចំឡើង កាលពីរសៀលថ្ងៃសុក្រ ទី៨ ខែមីនា ឆ្នាំ២០២៤ ក្រោមកិច្ចសហការរវាងក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាជាមួយការិយាល័យបរទេសនៃខេត្តសានតុង, សភាពាណិជ្ជកម្មកម្ពុជា, និងសមាគមសម្ព័ន្ធខ្មែរចិននៅកម្ពុជាក្នុងគោលបំណងពង្រឹង និងពង្រីកការយល់ដឹងអំពីកាលានុវត្តភាពវិនិយោគនៅកម្ពុជា។

នាឱកាសថ្លែងសុន្ទរកថា លោកអគ្គលេខាធិការ បានសម្ដែងនូវសេចក្ដីសោមនស្សរីករាយ និងការស្វាគមន៍យ៉ាងកក់ក្ដៅចំពោះវត្តមានរបស់គណៈប្រតិភូរដ្ឋាភិបាល និងវិនិយោគិននៃខេត្តសានតុង ក្នុងដំណើរទស្សនកិច្ចសិក្សាស្វែងយល់ពីសក្តានុពល និងកាលានុវត្តភាពវិនិយោគនៅប្រទេសកម្ពុជា និងបានលើកឡើងអំពីសារៈសំខាន់ចំពោះកិច្ចសហប្រតិបត្តិការវិនិយោគ និងកិច្ចសហប្រតិបត្តិការផ្សេងៗទៀតរវាងប្រទេសទាំងពីរ កម្ពុជា-ចិន។ អគ្គលេខាធិការរូបនេះ ក៏បានគូសបញ្ជាក់អំពីក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការនៃប្រទេសទាំងពីរបានដំឡើងកម្រិតជា “កិច្ចសហប្រតិបត្តិការត្បូងពេជ្រ” ដែលនឹងអាចសម្រេចបាននូវកិច្ចសហប្រតិបត្តិការផ្នែកនយោបាយ សេដ្ឋកិច្ច និងសន្តិសុខបន្ថែមទៀតឆ្ពោះទៅរកការកសាងសហគមន៍វាសនារួមក្នុងយុគសម័យថ្មី។ 

លោកអគ្គលេខាធិការ ក៏បានលើកទឹកចិត្តឱ្យវិនិយោគិនចិនអញ្ជើញមកធ្វើការសិក្សាស្វែងយល់បន្ថែម និងបណ្តាក់ទុនវិនិយោគនៅកម្ពុជា ព្រមទាំងនាំយកនូវចំណេះដឹង ចំណេះធ្វើ និងបច្ចេកវិទ្យា ក្នុងវិស័យឧស្សាហកម្ម កសិកម្ម និងកសិ-ឧស្សាហកម្ម ជាពិសេសការដាំដុះកសិកម្ម វារីវប្បកម្ម ឧស្សាហកម្មកែច្នៃ និងឧស្សាហកម្មសមុទ្រ ឈានទៅបង្កើនតម្លៃបន្ថែម និងធ្វើទំនើបកម្មវិស័យទាំងនេះនៅកម្ពុជា ក៏ដូចជាដើម្បីបំពេញតម្រូវការដ៏ធំសម្បើមនៃទីផ្សារចិន និងអន្តរជាតិ។ លោកអគ្គលេខាធិការ ក៏បានជម្រាបជូនផងដែរថា ថ្នាក់ដឹកនាំនៃក្រសួងពាណិជ្ជកម្មនៃសាធារណរដ្ឋប្រជាមានិតចិននឹងធ្វើដំណើរទស្សនកិច្ចមកកម្ពុជានាពេលខាងមុខ ដើម្បីពិភាក្សាអំពីការបង្កើតសួនឧស្សាហកម្មក្នុងការជំរុញការកែច្នៃវត្ថុធាតុដើមក្នុងស្រុក និងផលិតផលពាក់កណ្ដាលសម្រេច សម្រាប់ផ្គត់ផ្គង់ដល់រោងចក្រផលិតសំបកកង់រថយន្ដនៅកម្ពុជា បន្ថែមពីនេះ ក្រុមហ៊ុនដ៏មានសក្ដានុពលមួយនឹងមកបង្កើតមជ្ឈមណ្ឌលកែច្នៃ និងផលិតវត្ថុពាក់កណ្ដាលសម្រេចសម្រាប់ផ្គត់ផ្គង់ដល់ឧស្សាហកម្មផលិតសំបករថយន្ដដោយប្រើប្រាស់ជ័រកៅស៊ូកម្ពុជា។ 

ជាកិច្ចបញ្ចប់ លោកអគ្គលេខាធិការ មានសង្ឃឹមយ៉ាងមុតមាំប្រកបដោយសុទិដ្ឋិនិយមថា កិច្ចប្រជុំនេះ នឹងក្លាយជាមូលដ្ឋានដ៏រឹងមាំ ដែលនឹងអាចជួយពន្លឿនការអភិវឌ្ឍ “ច្រករបៀងឧស្សាហកម្ម” និង “ច្រករបៀងមច្ឆា និងអង្ករ”។ 

សូមគូសរំលេចផងដែរថា រំហូរទុនវិនិយោគរបស់ចិនតែងឈរនៅលំដាប់លេខរៀងទី១ ទី២ ឬទី៣ រៀងរាល់ឆ្នាំ ដែលភាគច្រើនប្រមូលផ្តុំក្នុងវិស័យឧស្សាហកម្ម, ហេដ្ឋារចនាសម្ព័ន្ធ, កសិកម្ម និងកសិ-ឧស្សាហកម្ម៕