2024-02-05 11:02
67

(បាត់ដំបង) ប្រជាពលរដ្ឋដែលធ្វើដំណើរតាមដងផ្លូវមានការងឿងឆ្ងល់យ៉ាងខ្លាំងថាហេតុអ្វីបានរថយន្តធំៗដឹកសំពីងសំពោងជាច្រើនគ្រឿងអាចបើកបរតាមផ្លូវជាតិលេខ៥៧               ឬផ្លូវជាតិលេខ៥ ឆ្លងកាត់គោលដៅរបស់សមត្ថកិច្ចនគរបាលចរាចរណ៍បានយ៉ាងរំភើយជារៀងរាល់ថ្ងៃ មិនដែលឃើញមន្រ្តីនគរបាលចរាចរណ៍មានវិធានការឃាត់ដើម្បីធ្វើការណែនាំ រឺក៏ផាកពិន័យទៅវិញ។

ទន្ទឹមនិងនោះប្រជាពលរដ្ឋ បានដាក់ជាចម្ងល់ថាតើរថយន្តធុនធំៗដឹកសំពីងសំពោងទាំងនោះដឹកត្រឹមត្រូវតាមច្បាប់ដែរឬទេ ឬមួយក៏មានអ្វីនៅពីក្រោយបានជាអាចបើកបរឆ្លងកាត់គោលដៅត្រួតពិនិត្យរបស់មន្រ្តីនគរបាលចរាចរណ៍បានដោយរលូនបែបនេះ ហើយបើខុសច្បាប់វិញហេតុអ្វីបានជាមន្រ្តីនគរបាលជាច្រើនគោលដៅមើលមិនឃើញខណៈ រថយន្តតូចៗដែលបំពានច្បាប់ចរាចរណ៍ គឺមន្រ្តីនគរបាលតែងតែអនុវត្តន៍តាមច្បាប់ដោយមិនមានការលើកលែងទៅវិញ។

ជាមួយគ្នានោះដែរ ប្រជាពលរដ្ឋបានសង្កេតឃើញថាបញ្ហាគ្រោះថ្នាក់ចរាចរណ៍ដែលបង្កឡើងដោយរថយន្តធុនធំដឹកសំពីងសំពោង តែងតែកើតឡើងជាញឹកញាប់ដោយសារ បើកបរមិនគោរពច្បាប់ចរាចរណ៍ ពោលគឺបើកបរក្នុងល្បឿនលឿនថែមទៀតផង។

ពាក់ព័ន្ធករណីខាងលើនេះលោកចាន់ សុធី នាយការិយាល័យនគរបាលចរាចរណ៍នៃស្នងការនគរបាលខេត្តបាត់ដំបងបានឆ្លើយថារថយន្តដឹកសំពីងសំពោងទាំងនោះមិនត្រឹមត្រូវតាមច្បាប់ទាំងស្រុងនោះទេ លោកថាចាំអោយខាងគោលដៅត្រួតពិនិត្យឡើងវិញ៕