2023-08-02 02:08
132


ខេត្តស្វាយរៀង ៖ យ៉ាងហោចណាស់ប្រុសស្រី២នាក់បានរងរបួសធ្ងន់ដោយគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តបុកម៉ូតូបញ្ច្រាសគ្នាពេញទំហឹងបង្កការភ្ញាក់ផ្អើលដល់អ្នកភូមិនិងសមត្ថកិច្ចមកអន្តរាគមន៍ដឹកមកសង្គ្រោះនៅមន្ទីរពេទ្យ។
    ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៤និង៣០នាទី រសៀលថ្ងៃទី៣១ខែ កក្កដា ឆ្នាំ ២០២៣ នៅចំណុចលើផ្លូវក្រាលកៅស៊ូ ស្ថិតក្នុង ភូមិល័ក្ខរាជា ឃុំកំពង់ចក ស្រុករំដួល ។
យោងតាមសមត្ថកិច្ចនគរបាលស្រុកបានឱ្យដឹងថាជនរងគ្រោះមានឈ្មោះ ធឿន ធារ៉ា ភេទប្រុស អាយុ ៣៧ ឆ្នាំ រស់នៅ ភូមិស្វាយរូង ឃុំកំពង់ចក ស្រុករំដួល ខេត្តស្វាយរៀង អ្នករួមដំណើរឈ្មោះ ជាង ឈាហ៊ន ភេទស្រី អាយុ ៣៦ ឆ្នាំ រស់នៅ ភូមិ ឃុំ ជាមួយគ្នា បើកម៉ូតូម៉ាក ហុងដាសេ១២៥ ស៊េរីឆ្នាំ ២០០៨ ពាក់ស្លាកលេខ ស្វាយរៀង 1B.5948 ខូចខាតយ៉ាងដំណំ។
ចំណែកអ្នកបើករថយន្តមិនត្រូវបានស្គាល់ឈ្មោះនោះទេក្រោយបង្កហេតុបានបើករថយន្តគេចខ្លួនរហូតដល់ឃុំគគីសោមស្រុកស្វាយទាប។
    ប្រភពបន្តថាមុនកើតហេតុមានរថយន្តមួយគ្រឿងម៉ាក highlander ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2AR.9321 ដោយធ្វើដំណើរលើផ្លូវក្រាលកៅស៊ូ ក្នុងទិសដៅពីលិចមកកើត មិនប្រកាន់ស្ដាំក៏បុកជាមួយម៉ូតូម៉ាក ហុងដាសេ១២៥ ស៊េរីឆ្នាំ ២០០៨ ពាក់ស្លាកលេខ ស្វាយរៀង 1B.5948ជិះគ្នា២នាក់ក្នុងទិសដៅបញ្ច្រាសគ្នាយ៉ាងពេញទំហឹងបង្កការភ្ញាក់ផ្អើលដល់អ្នកភូមិនិងសមត្ថកិច្ចមកអន្តរាគមន៍ដឹកមកសង្គ្រោះនៅមន្ទីរពេទ្យ។

   បច្ចុប្បន្នវត្ថុតាងម៉ូតូត្រូវបានសមត្ថកិច្ចអូសយកមករក្សាទុកនៅអធិការនគរបាលស្រុករំដួល រីឯរថយន្តរក្សាទុកនៅប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំគគីសោមដើម្បីចាត់ការបន្តតាមច្បាប់៕