2023-05-15 03:05
445


កោះកុង៖ ក្រុមអាជីវកររកស៊ីដឹកបន្លែ ផ្លែឈើ ប្រមាណ៥០នាក់ បាននាំគ្នាផ្ទុះការតវ៉ាបិទផ្លូវដោយសារតែមន្ត្រីការិយាល័យគយ និងរដ្ឋាករ ប្រចាំច្រកទ្វាអន្តរជាតិចាំយាម ដំឡើងថ្លៃបង់ពន្ធខុសធម្មតា និងបានជួនដំណឹងដល់ពួកគាត់ជាអាជីវករជាមុនឡើយ។


សកម្មភាពតវ៉ារបស់ក្រុមអាជីវករផ្ទុះតវ៉ា ជាមួយក្រុមមន្ត្រីគយខេត្តកោះកុង ខាងលើ កើតមានឡើង កាលថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៣ កន្លងមកនេះ ពួកគាត់ជាអាជីវករដឹកបន្លែង ផ្លែឈើ នាំចូលមកពីប្រទេសថៃប្រមាណ ៥០នាក់ បានបិទផ្លូវនៅត្រង់រង្វង់មូលស្ពានកោះកុង ក្រុងខេមរភូមិន្ទ ដើម្បីស្នើសុំឱ្យអាជ្ញាធរខេត្ត និងប្រធានសាខាគយ និងរដ្ឋាការខេត្តកោះកុង ជួយដោះស្រាយបញ្ហាឲ្យមានការបញ្ចុះតម្លៃពន្ធលើការនាំចូលបន្លែ និងផ្លែឈើ ពីប្រទេសថៃ បន្ទាប់ពីមានការតម្រូវឱ្យបង់ពន្ធកើនឡើងច្រើនលើសលប់ជាងមុន។
ក្រុមអាជីវករដែលនាំគ្នាតវ៉ា បាននិយាយថា «ការដំឡើងថ្លៃបង់ពន្ធរបស់មន្ត្រីការិយាល័យគយ និងរដ្ឋាករធ្វើឱ្យពួកគាត់មិនអាចរត់រួចនោះទេ ព្រោះការដឹកជញ្ចូនបន្លែ ផ្លែឈើទៅកាន់រាជធានីភ្នំពេញ ឬតាមបណ្តាខេត្តដទៃត្រូវចំណាយច្រើនណាស់ និងលក់បានថោកហើយសម្រាប់ការដំឡើងថ្លៃពន្ធមន្ត្រីគយមិនបានជូនដំណឹងឱ្យពួកជាមុននោះទេ»។
ក្រុមអាជីវកររកស៊ីដឹកបន្លែ និងផ្លែឈើ បានរៀបរាបទៀតថា «កន្លងមករថយន្តដឹកបន្លែ ផ្លែឈើ ប្រភេទកង់៤ ត្រូវបង់ពន្ធ ចំនួន១៨ម៉ឺនរៀល ឥឡូវតម្រូវឱ្យបង់ពន្ធរហូត ចំនួន៣៨ម៉ឺនរៀល ,រថយន្តកង់៦ ត្រូវបង់ពន្ធចំនួន ៦៤ម៉ឺនរៀល ឥឡូវតម្លៃពន្ធឡើងដល់ចំនួន ១ ៣៦០ ០០០រៀល និងរថយន្តកង់១០ ពីមុនត្រូវបង់ពន្ធចំនួន៩៦ម៉ឺនរៀល ឥឡូវតម្លៃពន្ធឡើងដល់ចំនួន ២ ៥៦០ ០០០រៀល ជាតម្លៃបង់ពន្ធបំផុត ទើបគាត់នាំគ្នាផ្ទុះការតវ៉ាបិទផ្លូវ ដើម្បីស្នើសុំឲ្យមានការអន្តរាគមន៍ និងដំណោះស្រាយតែម្តង»។
ក្រោយពីក្រុមអាជីវករតវ៉ាបិទផ្លូវបែបនេះ លោកឧត្តមសេនីយ៍ទោ គង់ មនោ ស្នងការនគរបាលខេត្តកោះកុង បានចុះជួបជាមួយបងប្អូនក្រុមអាជីវករ ធ្វើការសម្របសម្រួល ដើម្បីស្វែងរកដំណោះស្រាយរួមជាមួយរដ្ឋបាលខេត្ត និងមន្រ្តីការិយាល័យគយ និងរដ្ឋាករចាំយាម។ បន្ទាប់ស្តាប់នូវការស្នើសុំរបស់ក្រុមអាជីវកររួច តំណាងមន្រ្តីការិយាល័យគយ និងរដ្ឋាករ បានសន្យានាំយកសំណើរដើម្បីស្នើសុំគោលការណ៍ពីអគ្គនាយកដ្ឋានគយ និងរដ្ឋាករ ក៏ដូចជាក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដើម្បីដោះស្រាយ ជូនបងប្អូនប្រជាពលរដ្ឋ។
សូមជម្រាបផងដែរ ច្រកទ្វាអន្តរជាតិចាំយាមមានការនាំទំនិញគ្រប់ប្រភេទពីប្រទេសថៃ ដោយមានទំនិញខ្លះបង់ពន្ធមិនគ្រប់ និងខ្លះទៀតបន្លំនាំចូលដោយមិនបានបង់ពន្ធត្រឹមត្រូវតាមតារាងកំណត់នោះទេ ដោយសារមានការឃុបឃិតជាមួយឈ្មួញធំជាពិសេសគ្រឿងសម្អាង និងសាច់គ្មានពិនិត្យគុណភាពតែម្តង។ ដោយសារតែមានការលួចបន្លំបង់ពន្ធមិនគ្រប់ចំពោះឈ្មួញធំៗ ទើបក្រុមមន្ត្រីការិយាល័យគយ និងរដ្ឋាករចាំយាមដំឡើងយកពន្ធគៀបសង្កត់ពីអាជីវករតូចតាចដើម្បីបង្គ្រប់ចំណូលពន្ធជូនរដ្ឋបែបនេះ។
លោក ទុំ ណូ ប្រធានសាខាគយ និងរដ្ឋាករខេត្តកោះកុង នៅរសៀលថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៣ នេះ មិនអាចស្វែងរកបញ្ជាក់បន្ថែមថា មូលហេតុអ្វី? បានជាដំឡើងពន្ធលើអាជីវករនាំចូលបន្លែ និងផ្លែឈើបានទេ៕