2023-10-03 05:10
563

ព្រះសីហនុ៖ មន្ទីរសុខាភិបាលខេត្តព្រះសីហនុ នៅថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២៣នេះ បានចេញសេចក្តីសម្រេចស្តីពីការបិទមន្ទីរសម្រាកព្យាបាល និងសម្ភព មួយកន្លែងដែលមានឈ្មោះ “សមុទ្រក្រុង” ដែលមានទីតាំងនៅក្បែររោងចក្រស្រាបៀរអង្គរ។ 

មន្ទីរសម្រាកព្យាបាល និងសម្ភព “សមុទ្រក្រុង” ដែលមានទីតាំងស្ថិតនៅផ្ទះគ្មានលេខ ផ្លូវ ៧០១ ភូមិ៣ សង្កាត់លេខ១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ របស់លោកវេជ្ជបណ្ឌិត អាន ដា រីដេត ដោយមូលហេតុមិនមានលិខិតអនុញ្ញាតបើកមន្ទីរសំរាកព្យាបាល។ 

មន្ទីរសុខាភិបាលខេត្តព្រះសីហនុ បានប្រាប់ប្រធានការិយាល័យនិយ័តកម្មសុខាភិបាល និងលោកវេជ្ជបណ្ឌិត អាន ដារីដេត មានភារកិច្ចអនុវត្តសេចក្តីសម្រេចនេះតាមភារកិច្ចរៀងៗខ្លួនឱ្យមានប្រសិទ្ធភាព ចាប់ពីថ្ងៃចុះហត្ថលេខា នេះតទៅ។ 

សូមជម្រាបថា មន្ទីរសម្រាកព្យាបាល និងសម្ភព “សមុទ្រក្រុង” ដែលត្រូវប្រកាសបិទខាងលើនេះ បានបើកសម្ភោធជាផ្លូវការយ៉ាងគគ្រឹកគគ្រេង នៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៣ កន្លងមកនេះ ដោយប្រកបសេវាព្យាបាលអ្នកជំងឺរហូតជាង ១ឆ្នាំ ទើបមន្ទីរសុខាភិបាលខេត្តព្រះសីហនុ បានរកឃើញគ្មានលិខិតអនុញ្ញាត៕