2023-12-09 03:12
156

ភ្នំពេញ៖ ម្តាយបង្កើតចិត្តអប្រិយវាយធ្វើទារុណកម្មលើកូនស្រីវ័យជំទង់ស្ទើរាល់ថ្ងៃ ដោយសារមានការអាណិតអាសូរក្មេងស្រីរងគ្រោះអ្នកជិតខាងបានប្តឹងសមត្ថកិច្ចជួយអន្តរាគមន៍ ប៉ុន្តែស្ត្រីរូបនោះដឹងខ្លួនមុនបានរត់គេចខ្លួនបាត់ស្រមោល។

ករណីភ្ញាក់ផ្អើលមសមត្ថកិច្ចចុះអន្តរាគមន៍ម្តាយបង្កើតធ្វើទារុណកម្មលើរូបរាងកាយកូនស្រីនេះ បានកើតឡើងកាលពីវៗរសៀលថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២៣ នៅក្នុងភូមិព្រៃជីសាក់ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ក្មេងស្រីរងគ្រោះឈ្មោះ ស្រី ពេជ្រ អាយុ ១៤ឆ្នាំ។ ចំណែកស្រ្តីជាម្ដាយឈ្មោះ សុ ផាន់នី រស់នៅផ្ទះជួលក្នុងភូមិកើតហេតុខាងលើ។
ក្មេងស្រីរងគ្រោះ បានរៀបរាប់ប្រាប់ថា៖ ម្ដាយរបស់នាងមានប្ដី ចំនួន ០៣នាក់ ហើយក៏មិនដឹងមូលហេតុអ្វី? បានជាម្តាយតែងតែវាយធ្វើទារុណកម្មមកលើនាងជារាល់ថ្ងៃបែបនេះ និងបង្ខំឲ្យនាងធ្វើការងារផ្ទះទាំងយប់ទាំងថ្ងៃ បង្អត់បាយទឹកថែមទៀត។

ស្រ្តីអ្នកលក់អីវ៉ាន់ចាប់ហួយ បាននិយាយថា គាត់បានជួលក្មេងស្រីរងគ្រោះខាងលើឲ្យជួយលក់ដូរនៅផ្ទះគាត់ ដោយឲ្យប្រាក់ឈ្នួលក្នុង ១ខែ ១០០ដុល្លារ ប៉ុន្តែនាងទើបតែជួយលក់ដូរគាត់បានរយៈពេល ០៥ថ្ងៃប៉ុណ្ណោះ។  ដោយឃើញមានស្នាមរបួសពេញខ្លួនក៏បានសួរនាំ ពេលនោះក្មេងស្រីរងគ្រោះបានប្រាប់គាត់ថា ត្រូវម្ដាយវាយធ្វើបាបរាល់ថ្ងៃ បន្ទាប់មកនៅវេលាល្ងាចឡើង ក្រោយចប់ម៉ោងលក់ដូរនៅផ្ទះគាត់ ហើយក្មេងស្រីរូបនេះត្រឡប់ទៅដល់ផ្ទះវិញ គាត់បានទៅលបមើលនាងដល់ផ្ទះ ហើយពិតជាបានឃើញម្ដាយវាយធ្វើបាបរាល់ថ្ងៃមែន។

ស្ត្រីដដែលបាននិយាយទៀតថា បន្ទាប់ពីបានឃើញជាក់ស្ដែងបែបនេះ មានការអាណិតក្មេងស្រីរងគ្រោះទើបនៅថ្ងៃទី០៨ធ្នូ គាត់បានជួយប្ដឹងនគរបាលប៉ុស្តិ៍ចោមចៅទី៣ ឲ្យជួយអន្តរាគមន៍តែម្ដង។ 
ក្រោយទទួលបានដំណឹងនេះភ្លាម នគរបាលក៏បានចេញទៅកាន់ផ្ទះនោះ ប៉ុន្តែនៅពេលទៅដល់ទំនងជាម្ដាយរូបនោះដឹងខ្លួនមុនក៏បានរត់គេចខ្លួនបាត់ស្រមោល៕