2023-03-24 05:03
499

 

ភ្នំពេញ៖ ក្រុមដៃស្អិតមុខសញ្ញាឆក់ដ៏សកម្ម ចំនួន០៣នាក់ និងស្រីស្នេហ៍កំពុងនាំគ្នាសំងំដេកក្នុងខុនដូរមួយកន្លែងបន្ទាប់ពីធ្វើសកម្មភាពឆក់ទូរស័ព្ទនារីរងគ្រោះម្នាក់ បានសម្រេចយកទៅលក់បានលុយ ចំនួន៧០ដុល្លារ ត្រូវបានកម្លាំងសមត្ថកិច្ចក្រសោមបានទាំងសម្បុកតែម្តង។

សមត្ថកិច្ចនគរបាលបានឱ្យដឹងថា នៅថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៣ នេះ ជនសង្ស័យ ចំនួន០៣នាក់ ស្រីស្នេហ៍ ចំនួន០៣នាក់ទៀត ត្រូវបានកម្លាំងនគរបាលខណ្ឌពោធិ៍សែនជ័យ សហការជាមួយនគរបាលខណ្ឌជ្រោយចង្វារ ឃាត់ខ្លួនបន្ទាប់ពីធ្វើសកម្មភាពឆក់ទូរស័ព្ទដៃ ០១គ្រឿង របស់នារីម្នាក់ នៅសង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ យលទៅលក់បានលុយនាំគ្នាសំងំលាក់សោយសុខជាមួយស្រីស្នេហ៍ក្នុងបន្ទប់ខុនដូរយ៉ាងរំភើយ។ បន្ទាប់ធ្វើសកម្មភាពឆក់ទូរស័ព្ទបានសម្រេចរត់គេចខ្លួនប្រមាណជា ៤ម៉ោង កម្លាំងសមត្ថកិច្ចធ្វើស្រាវជ្រាវឈានដល់ការឃាត់ខ្លួនជនសង្ស័យ ចំនួន០៣នាក់ និងស្រីស្នេហ៍ ត្រង់ចំណុចបន្ទប់ខុនដូ លេខ១០០៤ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។

ជនសង្ស័យទាំង០៣នាក់ រួមមាន៖  ទី១- ឈ្មោះ ឃាម សុខបញ្ញា ភេទប្រុស អាយុ ១៧ឆ្នាំ មុខរបរមិនពិត ស្នាក់នៅផ្ទះជួលម្តុំសេះស សង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ។ ទី២- ឈ្មោះ អ៊ុន លីរ៉ាវុធ អាយុ ១៦ឆ្នាំ មុខរបរមិនពិត ស្នាក់នៅភូមិម័រ សង្កាត់ដង្កោ ខណ្ឌដង្កោ និង៣- ឈ្មោះ វិរៈ ដារូ អាយុ ១៦ឆ្នាំ ជាចុងភៅ ស្នាក់នៅភូមិស្ពានខ្ពស់ សង្កាត់ឬស្សីកែវ ខណ្ឌឬស្សីកែវ និងនារីជាស្រីស្នេហ៍ ចំនួន០៣នាក់ទៀត មិនពាក់ព័ន្ធប៉ុន្តែត្រូវនាំខ្លួនសាកសួរផងដែរ។

សូមរំឭកថា នៅវេលាម៉ោងប្រមាណ ១២ថ្ងៃត្រង់ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៣ មានជនសង្ស័យមានគ្នា០២នាក់ បានជិះម៉ូតូ០១គ្រឿង ពាក់ស្លាកលេខ ភ្នំពេញ 1JM-3695 បានធ្វើសកម្មភាពឆក់ទូរស័ព្ទដៃមួយគ្រឿង ម៉ាក iPhone XS Max ពីនារីម្នាក់កំពុងជិះម៉ូតូនិយាយទូរស័ព្ទនៅតាមដងផ្លូវវេងស្រេង ភូមិត្រពាំងថ្លឹង៣ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែន រាជធានីភ្នំពេញ ក្រោយពីឆក់បានសម្រេចជនសង្ស័យបានយកទូរស័ព្ទទៅលក់បានប្រាក់ ចំនួន៧០ដុល្លារ រួមនាំគ្នាទៅសំងំលាក់ខ្លួននៅក្នុងបន្ទប់ខុនដូរជាមួយស្រីស្នេហ៍យ៉ាងសុខស្រួល។ 

ក្រុមជនសង្ស័យទាំង០៣នាក់រួមទាំងស្រីស្នេហ៍ ត្រូវបាននគរបាលនាំខ្លួនទៅកាន់អធិការដ្ឋានខណ្ឌពោធិ៍សែនជ័យ ដើម្បីសាកសួរ និងចាត់ការតាមច្បាប់៕