2023-09-23 04:09
183

ភ្នំពេញ ៖ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះដែរ បង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ៩និង៥០នាទីយប់ថ្ងៃទី ២១ខែកញ្ញាឆ្នាំ ២០២៣ ចំណុចនៅនឹងស្តុបកងរាជអាវុធហត្ថផ្ទៃប្រទេស ស្ថិតនៅតាមបណ្ដោយផ្លូវ ២៨៩ ក្នុងសង្កាត់បឹងកក់ទី ១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

រថយន្តស៊េរីទំនើបម៉ាកឡង់គ្រីស័រពណ៌ខ្មៅមួយគ្រឿង បើកបរដោយបុរសម្នាក់រួមដំណើរជាមួយនឹងនារីម្នាក់ទៀត បើកយ៉ាងលឿនមិនបានប្រយ័ត្នរេចង្កូតជ្រុលទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវ ចំពាក់កណ្តាលពេញទំហឹង បាក់ចំនួនពីរកង់ខ្ទាតពេញផ្លូវ រួចបន្តល្បឿនជ្រុលទៅបុករថយន្តតូយូតាព្រូស ដែលបើកនៅផ្លូវម្ខាងទៀត ចំពីមុខពេញទំហឹង បណ្ដាលឲ្យរងការខូចខាតធ្ងន់ធ្ងរ។

បើយោងតាមសម្ដីពីប្រជាពលរដ្ឋបានឃើញហេតុការណ៍ខាងលើ ប្រាប់ឲ្យដឹងថា នៅមុនពេលកើតហេតុគេឃើញបុរសម្នាក់ រួមដំណើរជាមួយនឹងនារីម្នាក់ទៀត បានបើករថយន្តស៊េរីទំនើបម៉ាកឡង់គ្រីស័រ ពណ៌ខ្មៅមួយគ្រឿងពាក់ផ្លាកលេខភ្នំពេញ 2AQ-5779 បើកបរតាមបណ្ដោយផ្លូវ២៨៩ ក្នុងទិសដៅពីរជើងមកត្បូងក្នុងល្បឿនយ៉ាងលឿន លុះបើកមកដល់ចំណុចកើតហេតុ នៅនឹងស្តុបកងរាជអាវុធហត្ថផ្ទៃប្រទេស ស្រាប់តែរេចង្កូតទៅខាងឆ្វេងដៃ ជ្រុលទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវ ចំពាក់កណ្ដាលយ៉ាងពេញទំហឹងបណ្ដាលឲ្យបាក់ ចំនួនពីរកង់ចេញពីកន្លែងដើម ខ្ទាតរាយប៉ាយពេញផ្លូវ ហើយរថយន្តមិនទាន់អស់ល្បឿន ក៏បន្តទៅបុករថយន្តម៉ាកតូយូតាព្រូសមួយគ្រឿងទៀត ពាក់ផ្លាកលេខភ្នំពេញ 2AN-7875 បើកដោយបុរសម្នាក់ ដែលធ្វើដំណើរនៅផ្លូវម្ខាងទៀត តាមបណ្តោយផ្លូវ២៨៩ ទិសដៅពីត្បូងមកជើងចំពីមុខពេញទំហឹង បណ្តាលឲ្យរងការខូចខាតយ៉ាងដំណំ ហើយភ្លាមនោះដែរ ម្ចាស់រថយន្តបង្កបានបើកទ្វារគេចចេញពីកន្លែងកើតហេតុ បាត់ស្រមោលបន្សល់ទុកតែរថយន្តនៅកន្លែងកើតហេតុតែប៉ុណ្ណោះ។ គួរបញ្ជាក់ជូនផងដែរថា នៅក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ មិនបង្កឲ្យមាននរណាម្នាក់រងរបួសនោះទេពោលគឺ ខូចខាតតែរថយន្តពីរគ្រឿងនិងរបាំងថ្មចំនួនពីរកង់តែប៉ុណ្ណោះ។

បន្ទាប់ពីកើតហេតុខាងលើប្រជាពលរដ្ឋជិតខាង ក៏បានរាយការណ៍ទៅមន្ត្រីសមត្ថកិច្ចមូលដ្ឋានប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់បឹងកក់ទី១ ឲ្យចុះមកពិនិត្យទីតាំងកើតហេតុភ្លាមៗផងដែរ ក្រោយពីពិនិត្យរួចក៏បានទាក់ទងទៅមន្ត្រីផ្នែកជំនាញចរាចរណ៍ បន្តឲ្យចុះមកវាស់វែង និងធ្វើកំណត់ហេតុស្ទូចយករថយន្ត ទាំង២គ្រឿង ទៅរក្សារទុកនៅខាងការិយាល័យចរាចរណ៍ជំនាញផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រង់ចាំឲ្យភាគីទាំងសងខាង ចូលខ្លួនធ្វើការដោះស្រាយនៅពេលក្រោយ៕