2023-12-27 10:12
166

ភ្នំពេញ៖ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុកម្ពុជា បានធ្វើការច្រានចោលទាំងស្រុងនូវការចុះផ្សាយដោយគ្មានមូលដ្ឋានចោទប្រកាន់មកលើរដ្ឋាភិបាលដោយបានលើកឡើងថា “មានមន្ត្រីជាន់ខ្ពស់ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានទម្លាយព័ត៌មានថា រដ្ឋាភិបាលកម្ពុជាមិនមែនខ្ចីលុយចិន ១ ៧០០ លានដុល្លារអាមេរិក សម្រាប់សាងសង់ព្រែកជីកហ្វូណនតេជោទេ ប៉ុន្តែបានខ្ចីលុយចិនដល់ទៅ ៥ពាន់លានដុល្លារអាមេរិក ដើម្បីសាងសង់ព្រែកជីក និងកំពង់ផែនានា និងដើម្បីដោះស្រាយវិបត្តិសេដ្ឋកិច្ចកម្ពុជា”។
   នៅយប់ថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៣ ពាក់ព័ន្ធនឹងការចេញផ្សាយព័ត៌មាននេះ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ សួមធ្វើការច្រានចោលនូវផ្សាយរបស់ “The Cambodia Daily Khmer” ទាក់ទងនឹងគម្រោងព្រែកជីកហ្វូណនតជោដូចខាងក្រោម៖
ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានឱ្យដឹងថា៖ កាលពីថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៣ កាសែត ឌីខេមបូឌាដេលី (The Cambodia Daily Khmer) បានចុះផ្សាយលើគេហទំព័ររបស់ខ្លួន និង គណនីទំព័រហ្វេសប៊ុក ឈ្មោះ “The Cambodia Daily Khmer” ព័ត៌មានខាងលើ ដោយសារជាព័ត៌មានមិនពិត និងគ្មានមូលដ្ឋាន ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ សូមធ្វើការបំភ្លឺដូចខាងក្រោម៖
១- ជាទិដ្ឋភាពច្បាប់៖ ពិតាននៃការខ្ចី ត្រូវបានកំណត់ច្បាស់នៅក្នុងច្បាប់ស្តីពី ហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំនីមួយៗ។ ជាក់ស្ដែង, ច្បាប់ស្តីពី ហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៣ បានអនុម័ត យល់ព្រមឲ្យរាជរដ្ឋាភិបាលខ្ចីប្រាក់ក្នុងកម្រិត ១ ៧០០ ០០០ ០០០ SDR (មួយប៊ីលានប្រាំពីររយលាន អេសដេអ៊ែ) សមមូលនឹង ២ ២៨៧ ៣៣៩ ០០០ USD សម្រាប់ហិរញ្ញប្បទានកម្មវិធី/តម្រោងអភិវឌ្ឍន៍ ចំនួន ២៨ ហើយកម្មវិធី/តម្រោងទាំងនេះ ត្រូវបានរំលេចនៅក្នុងតារាង គ១ នៃច្បាប់ស្តីពី ហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៣។ ក្នុងការអនុវត្តជាក់ស្ដែងសម្រាប់ឆ្នាំ២០២៣ រាជរដ្ឋាភិបាល បានចុះកិច្ចព្រមព្រៀងខ្ចីប្រាក់ក្នុងកម្រិត ១ ៣២៦ ២១២ ០០០SDR សម្រាប់ហិរញ្ញប្បទានកម្មវិធី/គម្រោងអភិវឌ្ឍន៍ ចំនួន ២១ គឺប្រមាណ ៧៨% នៃពិតានដែលច្បាប់បានអនុញ្ញាត ។
ទន្ទឹមនេះ, ច្បាប់ស្តីពី ហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៤ បានអនុម័តយល់ព្រមឲ្យរាជរដ្ឋាភិបាលខ្ចីប្រាក់ ក្នុងកម្រិត ១ ៧០០ 000 000 SDR (មួយប៊ីលាន ប្រាំពីររយលាន អេសដេអ៊ែ) សមមូលនឹង ២ ២៨៧ ៣៣៩ ០០០USD សម្រាប់ហិរញ្ញប្បទានកម្មវិធី/ តម្រោងអភិវឌ្ឍន៍ចំនួន ២៤ ដែលបញ្ជីតម្រោងអភិវឌ្ឍន៍តាមវិស័យដែលនឹងហិរញ្ញប្បទានពីការខ្ចីនេះ ក៏មានរំលេចនៅក្នុងសេចក្ដីថ្លែងហេតុ ដែលរាជរដ្ឋាភិបាល បានបញ្ជួនទៅរដ្ឋសភា និងព្រឹទ្ធសភា ផងដែរ។
២- ជាទិដ្ឋភាពបច្ចេកទេស៖ ក្នុងការខ្ចីបំណុលពីដៃគូរាជរដ្ឋាភិបាលតែងប្រកាន់ខ្ជាប់នូវស្មារតី ប្រយ័ត្នប្រយែងខ្ពស់ដោយមានយុទ្ធសាស្ត្រស្តីពី ការគ្រប់គ្រងបំណុលច្បាស់លាស់ និងការវិភាគគ្រប់ជ្រុងជ្រោយតាមបទដ្ឋានបច្ចេកទេសអន្តរជាតិ ជាពិសេសគោរពយ៉ាងម៉ឺងម៉ាត់នូវគោលការណ៍គន្លឹះ នៃការ គ្រប់គ្រងបំណុលសាធារណះ ចំនួន ៥ រួមមាន៖ ខ្ចីឥណទានក្នុងទំហំសមស្របដែលស្ថានភាពថវិកា និងសេដ្ឋកិច្ចអាចទ្រាំទ្របាន; ខ្ចីតែឥណទានដែលមានកម្រិតសម្បទាន ឬលក្ខខណ្ឌអនុគ្រោះខ្ពស់; ខ្ចីសម្រាប់តែវិស័យអាទិភាពទ្រទ្រង់ចីរភាពនៃកំណើនសេដ្ឋកិច្ច និងវិស័យបង្កើន ផលិតភាពសេដ្ឋកិច្ច ឬផលិតភាពផលិតកម្ម; ប្រើប្រាស់ឥណទាន ប្រកបដោយតម្លាភាព, គណនេយ្យភាព, ប្រសិទ្ធភាព និង ស័ក្តិសិទ្ធិភាពខ្ពស់បំផុត; និង ប្រើប្រាស់ឥណទានសម្រាប់ហិរញ្ញប្បទានតម្រោងវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធ សាធារណះ ដែលត្រូវមានស្ដង់ដា និងគុណភាពខ្ពស់ ស្របតាមគោលការណ៍នៃការ គ្រប់គ្រងការវិនិយោគសាធារណៈព្រមទាំងឆ្លើយតបទៅនឹងតម្រូវការ នៃការអភិវឌ្ឍជាតិ នៅក្នុងដំណាក់កាលថ្មី ពិសេស ធានាបាននូវចីរភាពសេដ្ឋកិច្ច, សង្គម, បរិស្ថាន, និងភាពធន់ទៅនឹងការប្រែប្រួលអាកាសធាតុ។
៣- ចំពោះតម្រោងព្រែកជីកហ្វូណនតេជោ គឺមិនស្ថិតនៅក្នុងបញ្ជីកម្មវិធី/គម្រោងអភិវឌ្ឍន៍ឆ្នាំ២០២៣ និង២០២៤ នៃច្បាប់ស្តីពី ហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៣ និង២០២៤ ក្រោមក្របខណ្ឌ នៃការខ្ចីពីដៃគូអភិវឌ្ឍន៍ទេ ព្រោះគម្រោងនេះនឹងត្រូវអនុវត្តតាមយន្តការភាពជាដៃគូរវាងរដ្ឋ និងឯកជន។ 
៤- ជាសាវតារ កាលពីថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២៣ កន្លងមក គម្រោងព្រែកជីកហ្វូណនតេជោ ត្រូវបានរាជរដ្ឋាភិបាលអនុម័តឱ្យបន្តរៀបចំអភិវឌ្ឍតាមយន្តការភាពជាដៃគូរវាងរដ្ឋ និងឯកជន (Public- Private Partnerships - PPP) ឬតាមរូបភាពសាងសង់-ធ្វើអាជីវកម្ម-ផ្ទេរ (BOT) ដែលទម្រង់នេះក៍ត្រូវបានអនុវត្តដោយប្រទេសជាច្រើននៅលើពិភពលោក ហើយជាក់ស្ដែងនៅកម្ពុជាយើង គម្រោងផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ ក៍បានអនុវត្តតាមរូបភាពនេះដោយជោគជ័យរួចមកហើយ។
    តាមយន្តការនេះ រាជរដ្ឋាភិបាលនឹងមិនខ្ចីបំណុលពីសាធារណរដ្ឋប្រជាមានិតចិន សម្រាប់អភិវឌ្ឍគម្រោងនេះឡើយ ហើយភាគីដៃគូឯកជនមានកាតព្វកិច្ចទទួលខុសត្រូវលើរាល់ចំណាយពាក់ព័ន្ធនឹងការរៀបចំសិក្សាសមិទ្ធិលទ្ធភាពគម្រោង និងធ្វើការស្វែងរកទុនវិនិយោគសម្រាប់ហិរញ្ញប្បទាន ដើម្បីរៀបចំអភិវឌ្ឍតម្រោងនេះដោយដៃគូឯកជនផ្ទាល់ និងមិនទទួលបានការផ្ដល់នូវការធានាពីរដ្ឋចំពោះគម្រោងនេះទេ។ បច្ចុប្បន្ន ដៃគូឯកជន បាននិងកំពុងរៀបចំការសិក្សាសមិទ្ធិលទ្ធភាពគម្រោង និងគ្រោងដាក់ជូនរាជរដ្ឋាភិបាលធ្វើការពិនិត្យ និងវាយតម្លៃ នាពេលខាងមុខ ស្របតាមច្បាប់ និងបទប្បញ្ញត្តិជាធរមាននៃព្រះរាជាណាចក្រកម្ពុជា។
   ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ឆ្លងតាមការចុះផ្សាយព័ត៌មានរបស់ កាសែតឌីខេមបូឌាដេលី ខាងលើ បានបង្ហាញឱ្យយើងឃើញយ៉ាងច្បាស់ពីចរិតលក្ខណះ និងកម្រិតវិជ្ជាជីវៈសារព័ត៌មានរបស់កាសែតនេះ ដែលមានចេតនាទុច្ចរិត ផ្សព្វផ្សាយព័ត៌មានមិនពិត និងគ្មានប្រភពបញ្ជាក់ច្បាស់លាស់ ក្នុងគោលដៅបង្កើតការយល់ច្រឡំ និងបំភាន់មតិសាធារណជន ដើម្បីបម្រើឱ្យផលប្រយោជន៍ផ្ទាល់ខ្លួន ឬនិន្នាការនយោបាយជ្រុលនិយមណាមួយប៉ុណ្ណោះ៕