2023-09-27 05:09
169

កំពង់ធំ៖ ចូលដល់សប្ដាហ៍ទី២ នៃស្ថានភាពទឹកជំនន់ ក្នុងខេត្តកំពង់ធំ បានសង្កេតឃើញថា មានសភាពធ្ងន់ធ្ងន់បន្តិច ដោយសារតែភ្លៀងនៅតែបន្តធ្លាក់ខ្លំាង កម្ពស់ទឹកហក់ឡើងលឿន ជាហេតុធ្វើឲ្យផ្លូវគ្រួសក្រហមច្រើនខ្សែរតាមបណ្ដាស្រុក ក្រុង ត្រូវបានទឹកជន់លិច និងត្រូវកាត់ផ្ដាច់ការធ្វើដំណើរ។ ក្រៅពីនេះ មណ្ឌលសុខភាព សាលារៀនច្រើនកន្លែង ត្រូវបិតទ្វា ពិសេសបង្ករឲ្យមានផលប៉ះពាលដល់លំនៅដ្ឋានពលរដ្ឋរាប់ពាន់ខ្នង ផ្ទៃដីកសិកម្មជាង ៥០០ហិកតា ត្រូវខូចខាត ព្រមទាំងសត្វពាហនៈរាប់ពាន់ក្បាលកំពុងស្វែងរកទីទួលសុវត្ថិភាព។

ដោយយោងលើស្ថានភាពកម្ពស់ទឹកក្នុងឆ្នាំ២០២៣ រយៈពេលដូចគ្នាទឹកមានកម្ពស់ ១៣.៧៤ម៉ែត្រ កើនលើសឆ្នាំមុន ទោះបីជារបាយទឹកភ្លៀងឆ្នាំ២០២៣ ទាបជាង ១៨១.៥មីលីម៉ែត្រ ក៏ដោយ ប៉ុន្តែអ្វីដែលជាចំណុចប្រឈមមុខគឺ ភ្លៀងនៅតែបន្តធ្លាក់ ជាហេតុធ្វើឲ្យកម្ពស់ទឹកហក់ឡើងជាលំដាប់ និងបានធ្វើផ្ទៃដីស្រូវវស្សារបស់ប្រជាកសិករប្រឈមមុខនឹងការរខួចខាតរលួយទាំងស្រុង។

លោក ប៉ែន វណ្ណរិទ្ធ ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទ ខេត្តកំពង់ធំ បានឲ្យដឹងនៅថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៣ ថា រហូតមកដល់ម៉ោងនេះ មានស្រុក ក្រុងចំនួន ៦ ក្នុងខេត្តកំពង់ធំ កំពុងរងផលប៉ះពាល់ខ្លាំង គឺក្រុងស្ទឹងសែន ប៉ះពាល់ផ្ទៃដីដំណាំស្រូវ ចំនួន ៤៩៩ហិកតា ស្រុកសណ្ដាន់ ៣១៥ហិកតា ស្រុកប្រាសាទសំបូរ២៦ហិកតា ស្រុកកំពង់ស្វាយ ២៣១ហិកតា ស្រុកស្ទោងចំនួន ៩៩០ហិកតា ក្នុងនោះខួចខាតចំនួន ៥៤០ហិកតា ស្ថិតក្នុងឃុំចំនួន៤។ ជំនន់ឆ្នាំនេះបានបង្កឲ្យមានផលប៉ះពាល់លើភូមិចំនួន ១០៩ និងឃុំ១៩ លើផ្ទៃដីស្រូវវស្សាសរុប២ ០៩៩ហិកតា ស្មើរនឹង ២៥៩៣គ្រួសារ ក្នុងនោះខូចខាតដំណាំស្រូវចំនួន ៥៤០ហិចតា និងដំឡូងមី៥៦ហិចតា។ ក្រៅពីនេះសត្វគោក្របីត្រូវជម្លៀសទៅរកទីទួលសុវត្ថិភាពមានចំនួន ១០១៦៧ក្បាល ស្ថិតក្នុងស្រុក ៣ ស្មើរ១២ឃុំ គឺស្រុកសណ្ដាន់ចំនួន ៤១០១ក្បាល ស្រុកប្រាសាទសំបូរ ២០៨ក្បាល និងស្រុកកំពង់ស្វាយចំនួន២៨៥៨ក្បាល។

លោក យូ ឡា ប្រធានមន្ទីរធនធានទឹក និងឧត្តុនិយម ខេត្តកំពង់ធំ បានឲ្យដឹងថា ថ្ងៃនេះទឹកស្ទឹងសែន មានកម្ពស់ ១៣,៧៦មែត្រ លើសកម្រិតប្រកាស់អាសន្ន ០,២៦ បើធៀបកម្ពស់ទឹកស្ទឹងសែនឆ្នាំនេះ គឺ១៣,៧៦ម៉ែត្រ ខ្ពស់ជាងឆ្នាំមុន រយៈពេលដូចគ្នាទឹកមានកម្ពស់ ១៣,៦៤ម៉ែត្រ។ លោកបានព្យាករណ៍ថា ស្ថានភាពទឹកស្ទឹងសែន អាចស្រកចុះបន្តិចវិញនៅសប្ដាហ៍ក្រោយ ព្រោះ២ថ្ងៃនេះទឹកនៅតាមស្ថានីយស្ទឹងស្ទោង សណ្ដាន់ បានស្រកចុះបន្តិចហើយ។

លោក យូ ឡា បានបន្តទៀតថា ស្ថិតក្នុងស្ថានភាពនេះ បើក្រលេកមើលពីការរស់នៅរបស់ពលរដ្ឋ និងសត្វពាហនៈតាមទួលសុវត្ថិភាពវិញ ពួកគាត់កំពុងទទួលបានការយកចិត្តទុកដាក់ពីអាជ្ញាធរសមត្ថកិច្ចមូលដ្ឋាន ពិសេសផ្ដោតលើសុខមាភាពជាចម្បង ជាក់ស្ដែងសត្វគោ ក្របី ចំនួនជាង ៣០០ក្បាល នៅស្រុកកំពង់ស្វាយ បានទទួកចាក់វ៉ាក់សាំងការពារជំងឺអុតក្ដាមរួចរាល់ ខណៈដែលសត្វគោ ក្របី នៅតាមទីទួលសុវត្ថិភាពផ្សេងៗទៀតកំពុងត្រូវបានបន្តតាមដានពីមន្ត្រីសុខភាពភូមិ។

សូមបញ្ជាក់ថា រហូតមកដល់សប្ដាហ៍នេះ ក្រោយពីការចេញលិខិតជូនដំណឹងដល់ពលរដ្ឋក្នុងខេត្តកំពង់ធំឲ្យបន្តបង្កើនការប្រុងប្រយ័ត្នរួចមកនោះ រដ្ឋបាលខេត្តកំពង់ធំ នៅមិនទាន់វាយតម្លៃពីលទ្ធផលនៃគ្រោះមហន្តរាយទូទាំងខេត្តបាននៅឡើយទេ ប៉ុន្តែលំនៅដ្ឋានពលរដ្ឋជាង ៥០០០គ្រួសារ បានរងផលប៉ះពាល់ ក្នុងនោះមានមណ្ឌលសុខភាព វត្តអារាម សាលារៀន និងផ្លូវគ្រួសក្រហមជាដើម៕