2024-03-12 04:03
59

ខេត្តប៉ៃលិន ៖ ប្រជាពលរដ្ឋជាច្រើនគ្រួសារ រស់នៅក្នុងស្រុកសាលាក្រៅ ខេត្តប៉ៃលិន កំពុងនាំគ្នាព្រួយបារម្ភយ៉ាងខ្លាំងពីបញ្ហាខ្វះទឹកដាក់ស្រែប្រាំង ទោះបីខាងមន្រ្តីជំនាញនៃមន្ទីរធនធានទឹក និងឧត្តុនិយមខេត្តប៉ៃលិន ធ្លាប់បានណែនាំឱ្យពួកគាត់ផ្អាកបន្ថែមការធ្វើស្រែប្រាំងយ៉ាងណាក៏ដោយតែមិនស្តាប់ ទើបជួបបញ្ហាបែបនេះតែម្តង។ 

បើតាមការឲ្យដឹងពីកសិករម្នាក់ ឈ្មោះ សុង បានលើកឡើងថាគាត់ធ្វើស្រែប្រាំងចំនួន          ៥ហិកតាក្រោយប្រមូលផលរួចម្តង ក៏បានភ្ជួរដីដើម្បីធ្វើស្រូវប្រាំងជាបន្តទៀត ប៉ុន្តែក្រោយពីព្រោះស្រូវ រួចបានជាង១ខែ ស្រាប់តែមេឃអត់មានធ្លាក់ភ្លៀងនោះទេ ជាមួយគ្នានោះរូបគាត់ក៏ដូចជាកសិករដទៃទៀត នាំគ្នាបូមទឹកអូរ និងទឹកស្ទឹងកុយដើម្បីដាក់បញ្ចូលស្រែ ជារៀងរាល់ថ្ងៃ រហូតធ្វើឲ្យទឹកស្ទឹងកាន់តែរីងទៅៗ ជាហេតុធ្វើឱ្យពួកគាត់មានការ  ព្រួយបារម្មណ៍យ៉ាងខ្លាំងពីបញ្ហាកង្វះខាតទឹកដាក់ស្រែ ទន្ទឹមនិងនោះអាជ្ញាធរខេត្ត ក៏ដូចជាមន្ទីរពាក់ព័ន្ធ ក៏បានចុះទៅជួយអន្តរាគមន៍បូមទឹកស្ទឹង ដើម្បីសង្គ្រោះស្រូវប្រាំងរបស់ប្រជាពលរដ្ឋ តាមដែលអាចធ្វើទៅបានផងដែរ ។ ប៉ុន្តែយ៉ាងណានោះប្រជាកសិករជាច្រើនគ្រួសារ កំពុងតែមានការព្រួយបារម្ភយ៉ាងខ្លាំង ដោយគិតថាបើនៅថ្ងៃខាងមុខ អត់មានភ្លៀងធ្លាក់ ហើយការបូមទឹកស្ទឹងដាក់ស្រូវប្រាំងរៀងរាល់ថ្ងៃ ធ្វើឱ្យទឹករីងអស់ពីស្ទឹង ខណៈមេឃក៏មិនមានធ្លាក់ភ្លៀងផងនោះស្រូវប្រាំងរបស់ពួកគាត់ពិតជាស្លោកងាប់អស់ជាមិនខាននោះឡើយ ។  

ពាក់ព័ន្ធទៅនឹងបញ្ហានេះ លោក ង៉ា លីហុង ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តប៉ៃលិន បានអោយដឹងថាគិតមកដល់ពាក់កណ្តាលខែមីនា ឆ្នាំ២០២៤នេះ មានរយ:ពេលជិត១ខែ ហើយ ដែលខាងមន្ទីរចុះទៅជួយអន្តរាគមន៍ បូមទឹកសង្គ្រោះស្រូវប្រាំងប្រជាពលរដ្ឋ ដោយប្រើម៉ាស៊ីនបូមទឹក ទាំងតូចទាំងធំ ចំនួន៤គ្រឿង និងគ្រឿងចក្រ ០១គ្រឿង សង្គ្រោះស្រូវប្រាំងបានចំនួន៦៣៨ហិកតា ស្មើ៦៨,៩៧% នៅសល់២៨៧ហិកតា កំពុងបន្តបូមសង្គ្រោះធ្វើយ៉ាងណាឱ្យអស់លទ្ធភាព។ហើយចំពោះស្ថានភាពទឹកស្ទឹងកុយ ដែលជាប្រភពទឹកសម្រាប់បូមសង្គ្រោះស្រូវប្រាំង ក៏បានស្រកអស់ច្រើនស្ទើរតែបូមលែងកើតទៅហើយដែរ ដូចនេះប្រសិនបើនៅចុងខែមីនានេះ មិនមានភ្លៀងធ្លាក់នោះទេ មើលទៅអាចប្រឈមនឹងការខ្វះទឹកដើម្បីសង្គ្រោះស្រូវប្រាំងរបស់ប្រជាពលរដ្ឋជាក់ជាមិនខាននោះឡើយ ។

ជាមួយគ្នានោះដែរលោកប្រធានមន្ទីរក៏បានបញ្ជាក់ឲ្យដឹងពីមូលហេតុនៃការកង្វះទឹកនេះគឺមកពីប្រជាកសិករធ្វើស្រែលើសផែនការកំណត់ ដោយផែនការស្រូវប្រាំងដែលមន្ទីរបានដាក់ចុះកាលពីដើមខែវិច្ឆិកា ឆ្មាំ២០២៣ រួមមានប្រព័ន្ធធារាសាស្រ្តថ្នល់បត់ ក្នុងឃុំសាលាក្រៅ ផែនការធ្វើស្រែត្រឹមតែ៦២០ហិកតា លុះអនុវត្តជាក់ស្តែង រហូតដល់១.៦០០ហិកតាឯណោះ ។ ចំណែកប្រព័ន្ធធារាសាស្រ្តអូរដូនតា ក្នុងឃុំស្ទឹងត្រង់ ខាងមន្ទីរដាក់ផែនការត្រឹមតែ៣០ហិកតា ប៉ុន្តែជាក់ស្តែងធ្វើដល់២១០ហិកតា តែទោះបីជាយ៉ាងណា អាជ្ញាធរ និងខាងមន្ទីរ និងខិតខំប្រឹងប្រែងបញ្ជូនមន្ត្រី ឱ្យចុះទៅជួយសម្របសម្រួលបូមទឹកសង្គ្រោះស្រូវប្រាំង ជូនពលរដ្ឋឱ្យទាន់ពេលវេលា និងអស់ពីលទ្ធភាពផងដែរ៕