2024-03-15 05:03
42

កោះកុង ÷     ប្រជាពលរដ្ឋជាច្រើនគ្រួសារ កំពុងសម្រុកចូលព្រៃដើម្បីប្រមូលអនុផលផ្លែសំរ៉ង ខណៈឈ្មួញវៀតណាម ចុះទិញក្នុងតម្លៃខ្ពស់ ស្របពេលជាមួយគ្នានេះដែរ អាជ្ញាធារ និងជំនាញពាក់ព័ន្ធ អះអាងថា សកម្មភាពនេះជាទង្វើខុសច្បាប់ ដោយសារពលរដ្ឋទាំងនោះត្រឡប់ទៅលួចកាប់រំលំដើម ដើម្បីយកផ្លែ ។

លោក ហាក់ អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង បានដឹកនាំកិច្ចប្រជុំពិភាក្សាជាមួយជំនាញពាក់ព័ន្ធ ដើម្បីធ្វើការទប់ស្កាត់ នូវសកម្មភាពចូលកាប់រំលំដើមសំរ៉ងយកផ្លែ ក្នុងតំបន់ការពារ ព្រមទាំងបានចុះជួបសំណេះសំណាល និងណែនាំដល់បប្រជាពលរដ្ឋដែលកំពុងធ្វើសកម្មភាពកាប់រំលំដើមសំរ៉ងក្នុងតំបន់ការពារ អោយបានយល់ច្បាស់ពីច្បាប់ស្តីពីការគ្រប់គ្រងបរិស្ថាន និងការពារធនធានធម្មជាតិ រួមទាំងទោសទណ្ឌនៃការបំផ្លិចបំផ្លាញធនធានធម្មជាតិ ។

អភិបាលរងខេត្ត លោក ហាក់ ឡេង បានបញ្ជាក់បន្ថែមថា អាជ្ញាធរមានសមត្ថកិច្ចជំនាញ និងជំនាញពាក់ព័ន្ធ និងបន្តអនុញ្ញាតិអោយប្រជាពលរដ្ឋទៅប្រមូលផលសំរ៉ងបានដូចគ្រាមុន ប៉ុន្តែមិនត្រូវកាប់រំលំដើមសំរ៉ងជាដាច់ខាត ។

ទន្ទឹមនិងនេះ អាជ្ញាធរ និងសមត្ថកិច្ចជំនាញ បានណែនាំអោយប្រជាពលរដ្ឋចូលរួមដាំដើមសំរ៉ង នៅក្នុងសហគមន៍ ចំការ ឬតាមរបងលំនៅដ្ឋាន របស់ខ្លួន ដើម្បីអាចប្រមូលផលទៅតាមរដូវកាល ។