2023-12-23 04:12
106

ព្រៃវែង៖ នាយរងការិយាល័យ ចំនួន ០២នាក់ នាយរងផ្នែក ចំនួន ០៥នាក់ និងមន្ត្រី ចំនួន ០៤នាក់ ជាមន្ត្រីនគរបាលបាលជាតិ នៃស្នងការដ្ឋាននគបាលខេត្តព្រៃវែង ត្រូវបានលោកឧបនាយករដ្ឋមន្ត្រី ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃប្រកាសដកហូតមុខដំណែង ឋានន្តរស័ក្តិ និងបណ្តាញចេញពីក្រមខ័ណ្ឌ បន្ទាប់ពីពួកគេត្រូវបានធ្វើតេស្តរកឃើញមានសារធាតុញៀនក្នុងខ្លួន។

 យោងតាមប្រកាសលេខៈ ៥៩៨៣ និង ៥៩៨៤ ប្រក ចុះថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៣ នេះ របស់ក្រសួងមហាផ្ទៃ ត្រូវបានអនុវត្តវិន័យ ចំពោះមន្ត្រីនគរបាល ចំនួន ១១រូប នៃស្នងការដ្ឋាននគរបាលខេត្តព្រៃវែង ចំណុះ អគ្គស្នងការដ្ឋាននគរបាលជាតិ តាមរូបភាព «​ដកហូតមុខតំណែង ឋានន្តរស័ក្តិ និងបណ្ដេញចេញពីក្របខ័ណ្ឌមន្ត្រី នគរបាលជាតិ» ដោយសាមូលហេតុ ល្មើសវិន័យរបស់កងកម្លាំងនគរបាលជាតិ។

 មន្ត្រីនគរបាលជាតិ នៃស្នងការដ្ឋាននគរបាលដែល ត្រូវបណ្តេញចេញពីក្របខ័ណ្ឌទាំង ១១នាក់ ដូចមានឈ្មោះខាងក្រោម៖ 

 ១- លោកវរសេនីយ៍ត្រី រិន ចិន្តា អត្តលេខ ៧៥៩០៨ នាយរងការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក

 ២- លោកអនុសេនីយ៍ទោ សន ពិសិដ្ឋ អត្តលេខ ៨៩៤៧១ នាយរងផ្នែក នៃអធិការដ្ឋាន

 នគរបាលស្រុកពោធិ៍រៀង

 ៣- លោកវរសេនីយ៍ទោ វណ្ណ តារា អត្តលេខ ៥៦៦៨៦ នាយរងការិយាល័យរដ្ឋបាល

 ៤- លោកអនុសេនីយ៍ឯក ឌុច រតនា អត្តលេខ ៧៥៩៣៦ នាយរងផ្នែករដ្ឋបាលសរុប នៃការិយាល័យភស្តុភារ និងហិរញ្ញវត្ថុ

 ៥- លោកអនុសេនីយ៍ឯក វណ្ណៈ សុវឌ្ឍនា អគ្គលេខ ៧៩៩៧៨ នាយរងផ្នែកហ្វឹកហ្វឺន និងពន្លត់ អគ្គិភ័យ នៃការិយាល័យបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ

 ៦- លោកអនុសេនីយ៍ទោ ស៊ុក ច័ន្ទតារា អត្តលេខ ៨៧២៦៦ នាយផ្នែកចល័តការពារ នៃការិយាល័យអន្តរាគមន៍ និងតម្រួតបទបញ្ជា

 ៧- លោកអនុសេនីយ៍ត្រី រិទ្ធ ផានិត អគ្គលេខ ៨៩៥៤៥ នាយរងផ្នែកដោះស្រាយ គ្រោះថ្នាក់ចរាចរណ៍ នៃការិយាល័យនគរបាល ចរាចរណ៍ផ្លូវគោក,

 ៨- លោកអនុសេនីយ៍ត្រី សុវណ្ណ ពិសិដ្ឋ អត្តលេខ ៧៩៩៧១ មន្ត្រី

 ៩- លោកអនុសេនីយ៍ត្រី សេក ពិសី អត្តលេខ ៨០១៥៥ មន្ត្រី

 ១៩- លោកព្រិន្ទបាលទោ ឈឿន តារា អត្តលេខ ៩៩៥៣៥ មន្ត្រី

 ១១-លោកពលបាលទោ វ៉ា ចាន់ថុនា អត្តលេខ ៨៧៧៨២ មន្ត្រី។

 សូមជម្របថា កាលពីថ្ងៃទី២២ ខែធ្នូម្សិលមិញ លោកឧត្តមសេនីយ៍ទោ ឈឿន ប៊ុនឆន ស្នងការនគរបាលខេត្តព្រៃវែង បានប្រកាសជំហរច្បាស់លាស់ថា «បើរកឃើញនគរបាលក្នុងខេត្តរូបណាប៉ះពាល់លុយកាក់ជាថ្នូរលើកលែងទោសនគរបាលប្រើប្រាស់គ្រឿងញៀនទាំង១២នាក់នេះ នោះស្នងការខេត្តនឹងលាឈប់»

 លោកឧត្តមសេនីយ៍ទោ ឈឿន ប៊ុនឆន បានបញ្ជាក់ថា «នគរបាលខេត្តព្រៃវែង រកឃើញអ្នកប្រើប្រាស់គ្រឿងញៀន ១២នាក់ មិនមែន ១១នាក់នោះទេ អ្នកទាំង ១២នាក់នោះ គឺអនុវត្តវិន័យយ៉ាងតឹងរ៉ឹងបំផុត»

 សូមបញ្ជាក់ថា ចាប់ពីថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២៣ ស្នងការដ្ឋាននគរបាលខេត្តព្រៃវែង បើកយុទ្ធនាការ ធ្វើតេស្តស្វែងរកសារធាតុគ្រឿងញៀន ពីលោកស្នងការ លោក-លោកស្រី ស្នងការរង លោកនាយការិយាល័យ បណ្ត អធិការដ្ឋាននគរបាលក្រុង-ស្រុកទាំង ១៣ វរនគរបាលការពារព្រំដែនលេខ ៦០៧ ប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង ១១៦ និងមន្ដ្រីនគរបាលទូទាំងខេត្តព្រៃវែង។ 

 ដោយអនុវត្តតាមបទបញ្ជារបស់ នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ កម្ពុជា ស្នងការដ្ឋាននគរបាលខេត្ត បានបញ្ជូនមន្ត្រីនគរបាលទាំង ១១នាក់នោះទៅកាន់ មណ្ឌលស្តារនីតិសម្បទា ព្យាបាលបន្សាបអ្នកញៀនគ្រឿងញៀន ក្នុងស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល និងពេលនេះ ត្រូវបានក្រសួងមហាផ្ទៃប្រកាសដកហូតមុខដំណែង ឋានន្តរស័ក្តិ និងបណ្តេញចេញពីក្របខ័ណ្ឌ៕