2024-03-12 05:03
52

ខេត្តកំពតៈ     ក្រុមអនាម័យសំអាតសោភណ័ភាពក្រុងកំពតបានរួមសហការជាមួយអាជ្ញា ធរសង្កាត់អណ្តូងខ្មែរ ដឹកនាំដោយលោកឡឹប ម៉ើត សមាជិកក្រុមប្រឹក្សាសង្កាត់ កាលពីព្រឹកថ្ងៃទី១២ ខែមិនា   ឆ្នាំ២០២៤នេះ បានដឹកនាំមន្រ្តីក្រុមការងារសង្កាត់ ជាច្រើនរូបចុះធ្វើអនាម័យសំអាតបរិស្ថានឆ្នេរព្រែកកំពតនិងដងផ្លូវសាធារណ: ដើម្បីបង្កើនភាពទាក់ទាញឆ្នេរស្អាតអាស៊ានឲ្យកាន់តែមានសោភណ័ល្អប្រសើរឡើងថែមទៀត។ 

នៅក្នុងឪកាសនោះ លោកឡឹប ម៉ើត បានឲ្យដឹងថា:ក្រុមការងារសង្កាត់អណ្តូងខ្មែរ ជានិច្ចកាលក្រៅពីការងារបំរើសេវាជូនពលរដ្ឋនៅក្នុងសង្កាត់ មន្រ្តីយើងក៏បានចុះធ្វើពលកម្មសំអាតអនាម័យបរិស្ថានជាប់ជាប្រចាំផងដែរ តួយ៉ាងនៅតាមបណ្តោយឆ្នេរព្រែកកំពត តាមបណ្តោយផ្លូវជាតិលេខ៣ គឺចាប់ពីរង្វង់មូលមិត្តភាពកម្ពុជាកូរ៉េ ស្ថិតក្នុងភូមិទ្វីខាងជើងទល់និងព្រំប្រទល់ភូមិទទឹងថ្ងៃសង្កាត់បឹងទូកក្រុងបូកគោ ចំណែកឆ្នេរព្រែកកំពតចាប់ពីក្បាលស្ពានឥន្ទនូ ទៅទល់និងគល់ស្ពានត្រើយកោះ ព្រំប្រទល់សង្កាត់ត្រើយកោះ។ 

ជាមួយគ្នានោះដែរលោកឡឹប ម៉ើត ក៏សូមអំពាវនាវដល់បងប្អូនប្រជាពលនៅក្នុងក្រុង      ក៏ដូចជាភ្ញៀវទេសចរដែលមកលេងកម្សាន្តតាមតំបន់ឆ្នេរព្រែកទាំងអស់ សូមមេត្តាចូលរួមថែរក្សាអនាម័យបរិស្ថានឲ្យបានល្អ ត្រូវវេចខ្ចប់ទុកដាក់សំរាមឲ្យបានត្រឹមត្រូវនៅក្នុងធុងសំរាមដែលដាក់នៅតាមដងផ្លូវឬតំបន់ឆ្នេរ សូមកុំចោលពាសវាលពាសកាលដែលធ្វើឲ្យប៉ះពាល់ដល់បរិស្ថានទីក្រុងស្អាតអាស៊ានរបស់យើង។

សូមបញ្ជាក់ថាខេត្តកំពតក្រោមការដឹកនាំរបស់់ឯកឧត្តម ម៉ៅ ធនិន ជាអភិបាលខេត្ត បានរៀបចំកែប្រែសោភណ័ភាពនៅតាមតំបន់ឆ្នេរព្រែកកំពតឲ្យមានភាពស្រស់ស្អាតដើម្បីទាក់ទាញ ភ្ញៀវទេសចរជាតិនិងអន្តរជាតិចូលមកលេងកម្សាន្តកាន់តែមានការកើនឡើងថែមទៀតផងដែរ។