2024-01-03 10:01
85

(កំពង់ស្ពឺ)៖   ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ បានលើកឡើងថា ជំងឺកូវីដ១៩បំប្លែងថ្មី អូមេក្រុង នៅតែមានវត្តមាននៅក្នុងប្រទេសកម្ពុជាយើងនៅឡើយ ហើយបច្ចុប្បន្នកំពុងបន្តឆ្លងទៅប្រជាពលរដ្ឋយើង ដែលភ្លេចខ្លួនក្នុងការការពារខ្លួន និងកង្វះអនាម័យ។ ដូច្នេះពេលលោកបានដឹកនាំក្រុមគ្រូពេទ្យចុះចាក់វ៉ាក់សាំងដូសជំរុញដល់សិស្សដែលកំពុងសិក្សារៀនសូត្រនៅវិទ្យាល័យកំពង់ស្ពឺជិត៥០០នាក់ ថ្ងៃទី២ ខែមករា ឆ្នាំ២០២៤ ត្រូវចូលឲ្យបានគ្រប់គ្នា។
    ឯកឧត្តម វ៉ី សំណាង បានលើកឡើងដែរថា ប្រទេសកម្ពុជាបានទទួលរងគ្រោះអស់រយៈពេលជាច្រើនឆ្នាំដោយសារតែការឆ្លងរីករាលដាលនៃជំងឺកូវីដ បានធ្វើឲ្យខឿនសេដ្ឋកិច្ច និងការអភិវឌ្ឍន៍នានាត្រូវបានផ្អាក ប្រទេសទាំងមូល ត្រូវបានបិទខ្ទប់ ប្រជាពលរដ្ឋមិនត្រូវបានអនុញ្ញាតឱ្យដើរចេញពីសហគមន៍ដើម្បីទៅរកស៊ីទទួលទានឡើយ។
    តែក្រោមនយោបាយចាក់ស្រោចវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ទៅដល់ប្រជាពលរដ្ឋនៅទូទាំងប្រទេសរបស់រាជរដ្ឋាភិបាល បានធ្វើឱ្យប្រទេសរួចផុតពីការចម្លង និងយាយីពីជំងឺកូវីដ១៩ ប្រជាពលរដ្ឋមានឱកាសគ្រប់គ្រាន់ក្នុងការ ចេញទៅរកស៊ី ទទួលទានជាធម្មតាឡើងវិញ។
    ទោះជាយ៉ាងនេះក្តីរាជរដ្ឋាភិបាល តាមរយៈក្រសួងសុខាភិបាលនៅតែបន្តផ្សព្វផ្សាយនូវវិធានការនានា និងបន្តចាក់វ៉ាក់សាំងដូសជម្រុញទៅដល់ប្រជាពលរដ្ឋទាំងនៅទីប្រជុំជននិងទីជនបទចុងកាត់មាត់ញ៉ក គ្រាដែលជំងឺបំប្លែងថ្មីអូមីក្រុងនៅតែមានវត្តមាននៅក្នុងប្រទេសកម្ពុជាយើងនៅឡើយ។
    អភិបាលខេត្ត បានលើកឡើងដោយបញ្ជាក់ថា បើជំងឺបំប្លែងថ្មីអូមេក្រុងនៅតែមានវត្តមាន ឱកាសចម្លងទៅដល់ប្រជាពលរដ្ឋនៅតែមានភាគរយខ្ពស់ដដែល ពិសេសសិស្សានុសិស្សដែលកំពុងសិក្សារៀនសូត្រនៅតាមសាលា។ ដើម្បីបង្ការការឆ្លងរីករាលដាលជំងឺបំប្លែងថ្មីនេះ ទៅតាមសាលារៀន ក្រុមគ្រូពេទ្យត្រូវបន្តបំផុសលោកគ្រូ អ្នកគ្រូ និងសិស្សដែលមិនទាន់បានចាក់ដូសជំរុញគ្រប់ចំនួនឱ្យបន្តចាក់បានគ្រប់ចំនួនដើម្បីរួចផុតពីការឆ្លង ពិសេសជម្រុញដល់សិស្សដែលកំពុងរៀនត្រៀមប្រលងសញ្ញាប័ត្រទុតិយភូមិ  បើអ្នកគ្រូ លោកគ្រូ និងសិស្សឆ្លងជំងឺបំប្លែងថ្មី សាលារៀនទាំងមូលត្រូវបានផ្អាក ធ្វើការបង្រៀន និងរៀនមិនអាចដំណើរការទៅបានតាមកម្មវិធីរបស់ ក្រសួងអប់រំ ពិសេសសិស្សថ្នាក់ទី១២មិនអាចប្រឡងបញ្ចប់សញ្ញាបត្រទុតិយភូមិបាន។
    អភិបាលខេត្ត បានអំពាវនាវដល់លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សទាំងអស់ត្រូវបន្តចូលរួមចាក់វ៉ាក់សាំងដូសជម្រុញទាំងអស់គ្នា និងបន្តអនុវត្តវិធានការណែនាំរបស់ក្រសួងសុខាភិបាលឱ្យបានម៉ឺងម៉ាត់ ដើម្បីបង្ការការឆ្លងជំងឺបំប្លែងថ្មីអូមេក្រុង៕