2024-02-17 11:02
74

រាជធានីភ្នំពេញ៖ នាព្រឹក ថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៤ ឯកឧត្ដមវេជ្ជបណ្ឌិត ស៊ុង វិនតៈ រដ្ឋលេខាធិការក្រសួងសុខាភិបាល តំណាងឯកឧត្ដមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានអញ្ជើញចូលរួមកិច្ចប្រជុំអន្តរក្រសួង ដើម្បីត្រៀមសម្រាប់កិច្ចប្រជុំគណ:កម្មាធិការសម្របសម្រួលចម្រុះ ស្តីពីតំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា-ឡាវ-             វៀតណាម លើកទី១៣ ក្រោមអធិបតីភាព ឯកឧត្តម ពេជ ឫទ្ធី រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម នៅទីស្ដីការក្រសួងពាណិជ្ជកម្ម។

គោលបំណងនៃកិច្ចប្រជុំនេះគឺដើម្បីពិនិត្យពិភាក្សាឡើងវិញ និងបូកសរុបការងារលើ              សេចក្តីព្រាងរបាយការណ៍ចុងក្រោយ ស្តីពីវឌ្ឍនភាព នៃការអនុវត្តការតភ្ជាប់សេដ្ឋកិច្ច   កម្ពុជា-ឡាវ-វៀតណាម និងដំណើរឆ្ពោះទៅមុខរហូតដល់ឆ្នាំ២០៣០ ដើម្បីត្រៀមដាក់ជូនកិច្ចប្រជុំ CLV DTA JCC លើកទី១៣ នៅប្រទេសឡាវ នាពេលខាងមុខនេះ។

សូមបញ្ជាក់ជូនថា CLV DTA បានបង្កើតឡើងតាំងពីឆ្នាំ១៩៩៩ តាមគំនិតផ្ដួចផ្ដើមដ៏ខ្ពង់ខ្ពស់ របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដើម្បីតភ្ជាប់សេដ្ឋកិច្ចនៃខេត្តតំបន់ដាច់ស្រយាលរវាងប្រទេសទាំងបី ឱ្យរក្សាបាននូវសន្តិភាព សេដ្ឋកិច្ច និងវប្បធម៌រីកចម្រើន ដែលមានខេត្តសរុបចំនួន១៣ (កម្ពុជា ៤ខេត្ត ឡាវ ៤ខេត្ត និងវៀតណាម ៥ខេត្ត) ។ បច្ចុប្បន្ននេះ តំបន់នេះបានប្រែក្លាយជាតំបន់ទេសចរណ៍ និងបានប្រែក្លាយជាតំបន់ប៉ូលសេដ្ឋកិច្ចឦសាន ដោយមានការរីកចម្រើនគ្រប់វិស័យ។

កិច្ចសហប្រតិបត្តិការ និងការតភ្ជាប់វិស័យសុខាភិបាល នៃប្រទេសទាំងបី (CLV) បានអនុវត្តឈរលើមូលដ្ឋានទ្វេភាគីរវាងកម្ពុជា ឡាវ និងវៀតណាម។ គណៈប្រតិភូក្រសួង            សុខាភិបាល នៃប្រទេសទាំងបី បានជួបប្រជុំពិភាក្សា និងសិក្សាចែករំលែកបទពិសោធន៍គ្នាទៅវិញទៅមកលើការពង្រីកសេវាសុខភាពសាធារណៈ ការគ្រប់គ្រងការឆ្លើយតបការប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លងរាតត្បាតនៅតាមព្រំដែន និងទប់ស្កាត់ការនាំចូលមកប្រើប្រាស់នូវឱសថអន់គុណភាព។