2023-04-22 05:04
299

ភ្នំពេញ៖ ពិតជាប្រវត្តិសាស្ត្រលើកទី១ មិនធ្លាប់មានសម្រាប់ព្រឹត្តិការណ៍កីឡាស៊ីហ្គេម-អាស៊ានប៉ាហ្គេមដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះឆ្នាំ២០២៣ នេះ នឹងមិនតម្រូវឲ្យប្រតិភូកីឡាអាស៊ីអាគ្នេយ៍ទាំងអស់ បង់ថ្លៃហូបចុក-ស្នាក់នៅ ដែលក្នុងម្នាក់ៗមានតម្លៃ ៥០ដុល្លារអាមេរិក ក្នុង១ថ្ងៃៗនោះឡើយ ទាំងប្រតិភូកីឡា អត្តពលិកអាស៊ានទាំងអស់នឹងទទួលបានការហូបចុក-ស្នាក់នៅ ដោយឥតគិតថ្លៃ ដែលជាហេតុការណ៍មួយ មិនធ្លាប់មានទាល់តែសោះ ក្នុងប្រវត្តិស៊ីហ្គេម នាពេលកន្លងមក។

បន្ទាប់ពីគណៈកម្មាធិការជាតិ CAMSOC-CAMAPGOC បានធ្វើសេចក្តីជូនដំណឹង ស្តីពីការស្នាក់នៅ-ហូបចុក ដោយឥតគិតថ្លៃ អំឡុងពេលប្រកួតកីឡាស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ ម្ចាស់ផ្ទះកម្ពុជាទទួលបានការកោតសរសើរយ៉ាងខ្លាំងថា មានសណ្តានចិត្តល្អ ពីបណ្តាប្រទេសនានា ក្នុងអាស៊ីអាគ្នេយ៍ទាំងមូល។ ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិ CAMSOC-CAMAPGOC បានលើកឡើងយ៉ាងដូច្នេះ កាលពីល្ងាចថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៣ កន្លងមក នៅក្រោយកិច្ចប្រជុំនៅពហុកីឡដ្ឋានជាតិមរតកតេជោ។

អគ្គលេខាធិការគណៈកម្មាធិការជាតិ CAMSOC-CAMAPGOC ឯកឧត្តម វ៉ាន់ ចំរើន បានលើកឡើងថា «ក្រោយទទួលបានការសម្រេចចិត្តដ៏ខ្ពង់ខ្ពស់របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា គឺសម្តេចតេជោ ហ៊ុន សែន ក្នុងការមិនយកកម្រៃ សម្រាប់ការហូបចុក-ស្នាក់នៅ របស់ប្រតិភូ អត្តពលិក អាស៊ីអាគ្នេយ៍ទាំងអស់ ក្នុងអំឡុងពេលប្រកួតកីឡាស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ យើងបានផ្សព្វផ្សាយជូនដល់គណៈកម្មាធិការជាតិអូឡាំពិកនៃបណ្តាប្រទេសអាស៊ីអាគ្នេយ៍ទាំងអស់រួចហើយៗគ្រាន់តែបណ្តាប្រទេសទាំងអស់ទទួលបានដំណឹងស្តីការហូបចុក-ស្នាក់នៅ ដោយឥតគិតថ្លៃនេះភ្លាមៗ ពួកគាត់បានបង្ហាញក្តីរីករាយជាខ្លាំង ដោយសម្តែងក្តីត្រេកអរ ព្រមទាំងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះម្ចាស់ផ្ទះកម្ពុជា ដោយបានចាត់ទុកថា កម្ពុជាពិតជាអស្ចារ្យ មានសណ្តានចិត្តល្អ»។

ឯកឧត្តម វ៉ាន់ ចំរើន បានបន្ថែមទៀតថា «អ្វីដែលចាប់អារម្មណ៍បំផុត គឺគណៈកម្មាធិការជាតិនៃបណ្តាប្រទេសអាស៊ីអាគ្នេយ៍ជាច្រើន ជាពិសេសគឺអគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកឡាវ បានផ្ញើអបអរសាទរ និងកោតសរសើរចំពោះការរៀបចំធ្វើម្ចាស់ផ្ទះ ស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ជាលើកដំបូងរបស់កម្ពុជា។ អ្វីដែលយើងកំពុងរៀបចំកីឡាស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ២០២៣ គឺយើងទទួលបានការសាទរ និងគាំទ្រយ៉ាងពេញទំហឹង ពីមិត្តអាស៊ានទាំងអស់ ដែលយើងទទួលបាននូវកិត្តិយសដ៏ខ្ពង់ខ្ពស់បំផុត»។ 
ចំណែកឯកឧត្តម Minn Thein Zan រដ្ឋមន្ដ្រីសហភាពក្រសួងកីឡា និងជាប្រធានគណៈកម្មាធិការអូឡាំពិកមីយ៉ាន់ម៉ា (NOC) បានសម្ដែងការកោតសរសើរកម្ពុជា ដែលបានផ្ដល់ជូនគ្រប់បណ្ដាប្រទេសចូលរួមប្រកួតស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ នូវការមិនគិតថ្លៃស្នាក់នៅ ហូបចុក និងធ្វើដំណើរនេះផងដែរ។
ឯកឧត្តម Minn Thein Zan បានមានប្រសាសន៍ថា៖ «ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះកម្ពុជា ដែលបានសម្រេចក្នុងការផ្ដល់ជូនដោយឥតគិតថ្លៃជាច្រើនយ៉ាងដូច្នេះ។ ការផ្ដល់ជូននេះ គឺខ្ញុំមិនធ្លាប់បានលឺ ឬបានដឹងពីមុនមក សម្រាប់នៅប្រទេសផ្សេងៗទេ មានតែនៅកម្ពុជា គឺជាប្រទេសទី១ ដែលបានផ្ដល់ជូនយ៉ាងច្រើនបែបនេះ ខណៈនៅប្រទេសផ្សេងៗគឺត្រូវចំណាយ។ ខ្ញុំពិតជារីករាយជាខ្លាំង ចំពោះដំណឹងដ៏ល្អមួយនេះ»។
 

ឯកឧត្តម Minn Thein Zan បានសង្កត់ធ្ងន់ថា «នេះជាការផ្ដល់ជូនដែលផ្ដល់មកនូវកិត្តិយសដ៏ខ្ពង់ខ្ពស់ សម្រាប់បណ្ដាប្រទេសដែលចូលរួមព្រឹត្តិការណ៍ស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេមនៅកម្ពុជា ដែលប្រទេសផ្សេងៗ ពុំធ្លាប់បានផ្ដល់ជូន។ ឯកឧត្តមបន្ថែមទៀតថា «កម្ពុជា ពិតជាព្រះរាជាណាចក្រអច្ឆរិយៈមួយដ៏អស្ចារ្យ»។ 

គួរបញ្ជាក់ថា ដើម្បីផ្តល់ភាពកក់ក្តៅបន្ថែមដល់ប្រតិភូកីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ជាប្រវត្តិសាស្ត្រដំបូងរបស់កម្ពុជាឲ្យទទួលបានជោគជ័យ ជាកំណត់ត្រាថ្មីមួយ ម្ចាស់ផ្ទះកម្ពុជានឹងមិនតម្រូវឲ្យប្រតិភូកីឡាអាស៊ីអាគ្នេយ៍ទាំងអស់ បង់ថ្លៃហូបចុក-ស្នាក់នៅ ដែលក្នុងម្នាក់ៗ មានតម្លៃ ៥០ដុល្លារអាមេរិក ក្នុង១ថ្ងៃៗនោះឡើយ។ ប្រតិភូកីឡា អត្តពលិកអាស៊ានទាំងអស់ នឹងទទួលបានការហូបចុក-ស្នាក់នៅ ដោយឥតគិតថ្លៃ ដែលជាហេតុការណ៍មួយ មិនធ្លាប់មានទាល់តែសោះ ក្នុងប្រវត្តិស៊ីហ្គេម នាពេលកន្លងមក៕