2023-12-12 11:12
106

តាកែវ៖ មន្ត្រីជាន់ខ្ពស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កញ្ញា អ៊ឹម រចនា នឹងជាអ្នកនាំពាក្យ បានថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មាន នៅច័ន្ធ ទី១១ ខែធ្នូ ឆ្នាំ២០២៣ បានច្រានចោលនូវការចុះផ្សាយព័ត៌មានមិនពិតចោទប្រកាន់ថា «រាជរដ្ឋាភិបាលកម្ពុជា កំពុងឈូសឆាយដីព្រៃតំបន់អភិរក្សភ្នំតាម៉ៅយកទៅវិនិយោគឱ្យឯកជន»។
   កញ្ញា អ៊ឹម រចនា  ថ្លែងបញ្ជាថា «សកម្មភាពគ្រោះចក្រដែលកំពុងឈូសឆាយ គឺអាជ្ញាធរកំពុឈូសឆាយ ដើម្បីជួយជុលផ្លូវ និងបើកមុខភ្លើង ដើម្បីកុំឱ្យកើតមានភ្លើងឆេះព្រៃ ព្រោះវាកើតមានជាញឹកញាប់។ អ្នកនាំពាក្យវ័យក្មេងរូបនេះ បន្ថែមទៀតថា ទីតាំងដែលឈូសធ្វើផ្លូវនោះមិនស្ថិតក្នុងតំបន់អភិរក្សភ្នំតាម៉ៅទេ គឺនៅព្រំប្រទល់រវាងឧទ្យានអភិរក្សភ្នំតាម៉ៅ និងដីឯកជនរបស់គេ»។
   កញ្ញា អ៊ុំ រចនា អ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានលើកឡើងអំពីការឈូសឆាយនេះ ដើម្បីការពារភ្លើងឆេះព្រៃនារដូវប្រាំង តែងតែធ្លាប់កើតមានកន្លងមក។ សម្រាប់ការឈូសឆាយនេះ មិនត្រឹមតែអាចបង្ការការឆេះព្រៃ តែវាក៏អាចផ្ដល់មធ្យោបាយមួយទៀតដល់ប្រជាពលរដ្ឋឮមានផ្លូវធ្វើដំណើរផងដែរ។
   កញ្ញា អ៊ឹម រចនា បានថ្លែងថា «ខ្ញុំមិនយល់ថា ហេតុអ្វីបានជាអង្គការ Wildlife Alliance បានផ្ដល់បទ សម្ភាសន៍ទៅដល់សារព័ត៌មានមួយ  ដែលផ្សាយពីក្រៅប្រទេស ចោទប្រកាន់មកលើរាជរដ្ឋាភិបាលកម្ពុជា  ចោទប្រកាន់ក្រសួង ចោទប្រកាន់ឧទ្យាជាតិនេះថា  យើងឈូសឆាយដីនេះ ដើម្បីផលប្រយោជន៍ ផ្ទាល់ខ្លួន  ឬដើម្បីអភិវឌ្ឍគម្រោងណាមួយ ដែលរំលោភបំពានបំផ្លិចបំផ្លាញធនធានដែលយើងប្រឹង ប្រែងការពារ ដែលអ្វីលើកឡើង គឺជាការប្រឌិតឡើងទាំងស្រុង»។
   ចំណែកលោក ញឹក រតនៈពេជ្រ  នាយកគ្រប់ឡគ្រងឧទ្យានជាតិ និងសួនភូតគាមភ្នំតាម៉ៅ  បានលើកឡើងថា ផ្លូវដែលអាជ្ញាធរបានឈូសឆាយនេះ មានប្រវែងប្រមាណជាង ១គីឡូម៉ែត្រ ទទឹង ១០ម៉ែត្រ នៅលើផ្លូវភ្លើងចាស់ ដើម្បីឱ្យប្រជាពលរដ្ឋធ្វើដំណើរ និងការពារសួនសត្វដែលអាជ្ញាធរបានធ្វើរបងព័ទ្ធជុំវិញ និងជាវិធានការការពារជីវិតសត្វដោយសារភ្លើងឆេះព្រៃ។ លោកបន្តទៀតថា ផ្លូវភ្លើងមានចម្ងាយប្រមាណ ២០គីឡូម៉ែត្រ ព័ទ្ធជុំវិញតំបន់ការពារភ្នំតាម៉ៅ ហើយអាជ្ញាធរជួយសម្រួលជួសជុលត្រង់កន្លែងណាដែលពិបាកធ្វើដំណើរ។
   សូមជម្រាបថា ឧទ្យានសួនសត្វភូតគាម «ភ្នំតាម៉ៅ» មានផ្ទៃដីទំហំសរុប ២ ០២៥ ហិកតា ក្នុងភូមិសាស្ត្រស្រុកបាទី ខេត្តតាកែវ ដែលត្រូវបានបែងចែកជា ៣តំបន់ រួមមាន ទី១- ជាតំបន់ព្រៃការពារសម្រាប់ស្ដារលទ្ធភាពសត្វព្រៃ មានផ្ទៃដីទំហំ ១០២១ហិកតា។ ទី២- តំបន់សួនភូតគាមឈើប្រណិត «ភ្នំតាម៉ៅ» ជាតំបន់សម្រាប់ធានាថែរក្សាកូនឈើ និងអភិវឌ្ឍជាសួនភូតគាម មានពូជឈើប្រណិត និងសោភ័ណភាព ដែលមានផ្ទៃដីទំហំ ៥៣០ហិកតា និង ទី៣- តំបន់ឧទ្យានសួនសត្វភ្នំតាម៉ៅជាតំបន់សម្រាប់ថែរក្សាសត្វព្រៃ ព្យាបាល សង្គ្រោះសត្វព្រៃ អប់រំផ្សព្វ ផ្សាយ និងបម្រើសេវាទេសចរណ៍ ដែលមានផ្ទៃដីទំហំ ៤៧៤ហិកតា៕