2023-07-13 04:07
173

ភ្នំពេញ៖ ក្រុមជើងកាងជាអ្នកការពារឆ្វេងស្តាំឱ្យម្ចាស់រថយន្ត Rolls Royce ដែលបានបញ្ចេញសកម្មភាព និងអកប្បកិរិយាច្រឡឺសបឺស កោងកាចដាក់អ្នកដំណើរតាមដងផ្លូវហើយត្រូវបានមហាជនរិះគន់កក្រើកពេញបណ្តាញសង្កមនោះ ពេលនេះត្រូវបានសមត្ថកិច្ចស្នងការនគរបាលរាជធានីភ្នំពេញ កោះហៅឱ្យចូលខ្លួនមិកសាកសួរ ធ្វើកិច្ចសន្យា និងធ្វើការសុំទោសជាសាធារណៈផងដែរ។

ប្រភពព័ត៌មានបានឱ្យដឹងថា នៅថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៣នេះ លោកឧត្តមសេនីយ៍ទោ ប៊ុន សុសិក្ខា ស្នងការរងទទួលការងារផែនសន្តិសុខផ្ទៃក្នុង បានកោះហៅឱ្យក្រុមអង្គរក្សអ្នកមានលុយ ចំនួន ០៤នាក់ ដែលប្រព្រឹត្តទង្វើដ៏អសីលធម៌ លើប្រជាពលរដ្ឋ ជាអ្នកដំណើរនោះ និងបានចូលខ្លួនមកស្នងការនគរបាលរាជធានីភ្នំពេញ ដើម្បីឆ្លើយបំភ្លឺ ធ្វើកិច្ចសន្យា អប់រំ និងសុំទោសជាសាធារណៈរួចរាល់ហើយ។

ក្រុមជនស៊ីវិលជាកងការពារហែរហមតាមរថយន្តចៅហ្វាយនាយរបស់ពួកគេ ដែលនគរបាលកោះហៅ មកធ្វើការសួរនាំទាំង ០៤នោះ រួមមាន៖ ទី១- ឈ្មោះ មិន សុជាតិ អាយុ ៣៧ឆ្នាំ, ទី២- ឈ្មោះ កែវ សុវណ្ណូរ៉ា អាយុ ៣៤ឆ្នាំទី៣- ឈ្មោះ សោប ចាន់ធូ អាយុ ៣០ឆ្នាំ និងទី៤- ឈ្មោះ អ៊ិត ស៊ុនណាត អាយុ ៣៤ឆ្នាំ។

សូមរំឭកថា កាលពីថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៣ កន្លងមក មានការចែកចាយរួបថតប៉ុន្មានសន្លឹក នៅលើបណ្ដាញសង្គម Facebook មានជនស៊ីវិល ចំនួន ០៤នាក់ ជិះម៉ូតូ ចំនួន ០២គ្រឿង ហែរហមតាមការពារឡានចៅហ្វាយនាយរបស់ខ្លួន ម៉ាក Rolls Royce ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2BL-1717 ដែលធ្វើដំណើរតាមផ្លូវចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ បានប្រើពាក្យសម្តីមិនសមរម្យលើអ្នកដំណើរ និងប្រើកាយវិកាព្រហើនកោងកាចគួរឱ្យស្អប់ខ្ពើមបំផុត។ បន្ទាប់ពីបានឃើញនូវការចែកចាយខ្លឹមសារ និងរូបភាពដោយលាយលំជាមួយមតិរិះគន់ជាបន្ដបន្ទាប់ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានធ្វើការស្រាវជ្រាវ និងឈានដល់កំណត់បានអត្តសញ្ញាណ ព្រមទាំងកោះហៅឱ្យចូលខ្លួនបំភ្លឺតែម្តង។

សូមជម្រាបថា គណនីហ្វេសប៊ុកឈ្មោះ គាំទ្រគណបក្ស ប្រជាជន ដើម្បីប្រជាជន បានសរសេរថា មុននេះបន្តិច ខ្ញុំបានឃើញហេតុការមួយដែលកើតឡើង នៅលើផ្លូវចាក់អង្រែក្រោម ដែលមានអង្គរក្សពីរម៉ូតូ មានគ្នាបួននាក់ ដែលបានជិះតាមឡាន ម៉ាក Roll Royce ពណ៌ខ្មៅ ដែលមានអង្គក្សចរឹកដូចជាជនពាល ពួកបាតផ្សារ បានធាក់ម៉ូតូបងប្រុសម្នាក់ ដែលបានជិះនៅលើគន្លងផ្លូវស្តាំរបស់គាត់ហើយបុរសពីរនាក់ដែលមានកាន់វិទ្យុទាក់ទង បានព្យាយាមជិះទៅគៀគាត់នៅខាងមុខតែដោយសារជិះវ៉ាជែងមិនបានដោយសារគាត់នៅពីរមុខហើយជែងមិនផុតព្រោះគាត់ជិះយឺត ហើយក៌បានធាក់គាត់ពីក្រោយ និងចុះមករករឿងរកវ៉ៃគាត់គាត់ ហើយនិយាយថា ជិះហ្នឹងមានមើលឡានគេទេ ខ្ញូំចង់សួរថា តើឡានមេគាត់ហ្នឹងជាឡានក្បួន ឬផ្លូវហ្នឹងធ្វើសំរាប់តែពួកគាតជិះទេ?

គណនីហ្វេសប៊ុកដដែលបានសរសេរទៀតថា បើយើងចង់លឿនតាមមេកើយទេ យើងជិះទៅជិតគាត់ហើយប្រាប់គាត់ទៅថា បងខ្ញុំសុំទៅមុនមួយដើម្បីតាមឡានមេ នេះជាសុជីវធម៌ និងការគោរពអ្នកដ៏ទេ មិនមែនចរឹកពាលជិះគៀចូលទៅគន្លងផ្លូវគេហើយ ធាក់ម៉ូតូអោយជៀសផ្លូវហើយរករឿងរកវ៉ៃគេនោះទេ។ ដូច្នេះសូមអជ្ញាធរមានសមត្ថកិច្ចជួយមើលនិងចំណាំផង និងសូមផ្តាំអស់លោកមួយចំនួនជួយមើលនិងបង្រៀនកូនចៅអោយមានសិលធម៌ ក្នុងការបើកបរផង សូមអរគុណ

នៅចំពោះមុខសមត្ថកិច្ច នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ក្រុមកងការពារអ្នកមានទាំង ០៤នាក់ បានសារភាពថា កាលពីថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៣ ម្សិលមិញ ពួកគេទាំង ០៤នាក់ បានជិះតាមពីក្រោយដើម្បីការពារចៅហ្វាយនាយដោយចេញពីបឹងកេងកងឆ្ពោះទៅផ្លូវ៦០ម៉ែត្រ លុះមកដល់ចំណុចឡឥដ្ឋផ្លូវជាតិ២ ដោយសារចរាចរណ៍ចង្អៀតមាន ម៉ូតូ ១គ្រឿង ជិះជិតក្បែរម៉ូតូរបស់គេហើយក៏ប៉ះឈ្នាន់ម៉ូតូគ្នា ពេលនោះពួកគេក៏លើកដៃរៀលឃាំងមិនឲ្យគាត់ទៅមុខបន្តទើបមានការប៉ះទង្គិចពាក្យសម្តីគ្នាទៅវិញទៅមក និងមានកាយវិការមិនសមរម្យបែបនេះ។ ពួកគេបានទទួលស្គាល់រាល់កំហុសខុសឆ្គងដែលពួកគេបានប្រព្រឹត្ត ដែលបានធ្វើឲ្យប៉ះពាល់ដល់អារម្មណ៍សាធារណៈជននៅតាមដងផ្លូវ និងប្រជាពលរដ្ឋខ្មែរដែលបានឃើញហេតុការណ៍ដោយផ្ទាល់ និងតាមបណ្តាញសង្គម ព្រមទាំងសូមប្រជាពលរដ្ឋមានការយោគយល់អធ្យាស្រ័យដល់ពួកគេ ដោយសន្យាថានឹងខិតខំកែប្រែខ្លួនជាពលរដ្ឋល្អមិនឲ្យរឿងរ៉ាវបែបនេះទៀតឡើយ។សូមបញ្ជាក់ថា ចំពោះអត្ដសញ្ញាណម្ចាស់រថយន្ដ ស៊េរីទំនើប ម៉ាក Rolls Royce ពាក់ស្លាកលេខ ភ្នំពេញ 2BL-1717 ខាងលើនេះ មិនត្រូវបានគេទម្លាយឲ្យដឹងនោះទេ៕