2024-01-22 02:01
75

ភ្នំពេញ៖ នៅថ្ងៃទី២២ ខែមករា ឆ្នាំ២០២៤ នេះ កម្លាំងជំនាញនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានបង្ហាញមុខស្ត្រីម្នាក់ ជាបុគ្កលិក ក្រុមហ៊ុនកម្ចីតាមប្រព័ន្ធអនឡាញ មានតួនាទីជាអ្នកទារប្រាក់ពីអតិថិជន និងទម្លាក់លុយឲ្យអតិថិជនខ្ចី។

នគរបាលនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានឱ្យដឹងថា នៅថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៤ កន្លងទៅ ដោយមានការឯកភាពពីតំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ កម្លាំងនាយកដ្ឋាន បានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ មានឈ្មោះ នន់ កុសល់ ភេទស្រី អាយុ ៤០ឆ្នាំ មុខរបរ បុគ្គលិកក្រុមហ៊ុនកម្ចីតាមអនឡាញ «វ៉ង់ វ៉ង់» ដែលមិនមានច្បាប់អនុញ្ញាត មានតួនាទីជាអ្នកទារប្រាក់ពីអតិថិជន និងទម្លាក់លុយឲ្យអតិថិជនខ្ចី ត្រូវបានកសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់នីតិវិធីបន្ត។

នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានធ្វើការក្រើនរំលឹកសាធារណៈជនទាំងអស់ថា «ការផ្តល់កម្ចីជាអាជីវកម្មជូនប្រជាពលរដ្ឋដោយគ្មានការអនុញ្ញាត គឺជាអំពើខុសច្បាប់មានចែងក្នុងមាត្រា ៥១ នៃច្បាប់ស្តីពី គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ ដែលអាចឈានទៅដល់ការផ្តន្ទាទោសដាក់ពន្ធនាគារ»។

នគរបាលជំនាញបានបញ្ជាក់ទៀតថា ចំពោះទំនាក់ទំនងសិទ្ធិលើបំណុលម្ចាស់បំណុលនៅតែមានសិទ្ធិប្តឹងទាមទារបំណុលពីកូនបំណុលស្របតាមនីតិវិធី នៃច្បាប់ទៅកាន់ស្ថាប័នតុលាការ។ ហេតុដូច្នេះសូមសាធារណ:ជន ជៀសវាងការកម្ចីប្រាក់ក្រៅប្រព័ន្ធដែលធ្វើឲ្យមានហានិភ័យខ្ពស់ដល់សេដ្ឋកិច្ចគ្រួសារ និងឈានដល់ការរងនូវការបរិហាកេរ្តិ៍គ្រប់រូបភាពពីសំណាកក្រុមកម្ចីខុសច្បាប់ទាំងនោះ»។

សូមរំឭកថា ធនាគារជាតិនៃកម្ពុជា និងអគ្គស្នងការដ្ឋាននគរបាលជាតិ ធ្លាប់បានសេចក្តីថ្លែងការណ៍រួមថាៈ នាពេលថ្មីៗនេះ យើងសង្កេតឃើញមានសកម្មភាពផ្សព្វផ្សាយ និងផ្តល់សេវាហិរញ្ញវត្ថុ ក្រៅផ្លូវការ ជាពិសេសសេវាឥណទាន តាមរយៈទូរសព្ទ បណ្តាញសង្គមនានា និងអនឡាញ យ៉ាងអនាធិបតេយ្យដោយគ្មានច្បាប់អនុញ្ញាតត្រឹមត្រូវពីធនាគារជាតិ នៃកម្ពុជា បានធ្វើឱ្យសាធារណជន មានការភាន់ច្រឡំ និងបានបង្កផលវិបាកជាច្រើនមកលើសេដ្ឋកិច្ច និងសង្គម តាមរយៈការយកអត្រាការប្រាក់ខ្ពស់ហួសហេតុ ការគំរាមកំហែងបំភិតបំភ័យ ការអនុវត្តកិច្ចសន្យាមិនសុចរិត ដោយបង្កប់នូវការកេងចំណេញហួសហេតុពីអ្នកខ្ចីប្រាក់ ដែលបណ្តាលឱ្យប៉ះពាល់ដល់ជីវភាពរស់នៅ របស់ប្រជាពលរដ្ឋ និងធ្វើឱ្យធ្លាក់ក្នុងបំណុលច្រើនលើសលប់។ ការណ៍នេះ បានជះឥទ្ធិពលដល់ស្ថិរភាព ហិរញ្ញវត្ថុ ជំនឿទុកចិត្តរបស់សាធារណជន បរិយាបន្នហិរញ្ញវត្ថុ និងការរីកចម្រើននៃវិស័យធនាគារ នៅកម្ពុជាទាំងមូល។

ដូច្នេះធនាគារជាតិនៃកម្ពុជា និងអគ្គស្នងការដ្ឋាននគរបាលជាតិ បានអំពាវនាវដល់ប្រជាពលរដ្ឋ ត្រូវចៀសវាងដាច់ខាត ចំពោះការខ្ចីប្រាក់ពីអ្នកផ្តល់សេវាហិរញ្ញវត្ថុក្រៅផ្លូវការដែលពុំមានការអនុញ្ញាតពីធនាគារជាតិនៃកម្ពុជា។ ដើម្បីឱ្យអាជ្ញាធរពាក់ព័ន្ធអាចចាត់វិធានការផ្លូវច្បាប់ទាន់ពេលវេលា ប្រសិនបើប្រជាពលរដ្ឋដែលមានព័ត៌មាន ពាក់ព័ន្ធនឹងសកម្មភាពផ្តល់ឥណទានខុសច្បាប់ រាយការណ៍មកធនាគារជាតិនៃកម្ពុជា ៕