2023-04-28 07:04
545


បន្ទាយមានជ័យ៖ កម្លាំងសមត្ថកិច្ចកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ចាប់ខ្លួនក្រុមចោវ័យក្មេង ចំនូន០២នាក់ដែលបានធ្វើសកម្មភាពលួចម៉ូតូ ចំនូន០៣គ្រឿង ដែលម្ចាស់ចតទុកមុខបន្ទប់ជួល។ 
មន្ត្រីអាវុធហត្ថក្រុងប៉ោយប៉ែត បានឲ្យដឹងថា សមត្ថកិច្ចជំនាញបានស្រាវជ្រាវឈានដល់ចាប់ខ្លួន ក្រុមជនសង្ស័យនៅល្ងាចថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៣ នៅក្នុងបន្ទប់ជួលភូមិបាលិលេយ្យ១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ 


ជនសង្ស័យក្នុងករណីលួចម៉ូតូទាំង០២នាក់ មានឈ្មោះ  រិទ្ធ សីហា ភេទប្រុស អាយុ ២២ឆ្នាំ រស់នៅបន្ទប់ជួល ភូមិបាលិលេយ្យ១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត និងឈ្មោះ  យិន ថាណយ ភេទប្រុស អាយុ ១៨ឆ្នាំ រស់នៅអាគារថ្មី ភូមិអូរជ្រៅ សង្កាត់អូរជ្រៅ  ក្រុងប៉ោយប៉ែត។ 
ក្នុងករណីខាងលើនេះ សមត្ថកិច្ចដកហូតវត្ថុតាង រួមមាន៖ ម៉ូតូ ម៉ាក ZOOMER.X ពណ៌ក្រហម លាយខ្មៅ គ្មានផ្លាកលេខ ចំនួន១គ្រឿង ,ម៉ូតូ ម៉ាក ZOOMER.X ពណ៌ត្រួយចេក ផលិតឆ្នាំ២០១៧  គ្មានស្លាកលេខ ចំនួន១គ្រឿង ប្រគល់ឱ្យម្ចាស់ដើមវិញ។ 
មន្ត្រីអាវុធហត្ថកហរុងប៉ោយប៉ែត បញ្ជាក់ថា ជនរងគ្រោះ  ឈ្មោះ  ថន ចាន់ធឿន  ភេទប្រុស អាយុ២៧ឆ្នាំ រស់នៅភូមិអូរជ្រៅ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត  បានបាត់ម៉ូតូ ម៉ាក ZOOMER.X ពណ៍ត្រួយចេក ផលិតឆ្នាំ២០១៧ ពាក់ផ្លាកលេខ បាត់ដំបង 1X-8805 កាលពីយបថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៣ កន្លងមក ខណៈទុកនៅមុខបន្ទប់ជួលហើយបានឡើងទៅដេកនៅជាន់លើ និងជនរងគ្រោះឈ្មោះ  YALOM PROMOON ភេទស្រី អាយុ២៦ឆ្នាំ ជនជាតិថៃ ស្នាក់នៅបន្ទប់ជួល ក្នុងភូមិក្បាលស្ពាន១ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត បានបាត់ម៉ូតូ ម៉ាក ZOOMER.X ពណ៍ក្រហម គ្មានផ្លាកលេខ កាលពីយប់ថ្ងៃទី ២៥ ខែមេសា ឆ្នាំ២០២៣ ខណៈចតម៉ូតូម៉ាក ទុកនៅមុខបន្ទប់ស្នាក់នៅហើយចូលដេកលុះព្រឹកឡើងបាត់តែម្តង។ 
ចំណែកមួយគ្រឿងទៀត ម៉ាក YAMAHA FILANO ពណ៌ទឹកសមុទ្រ យករទៅក្សាទុកនៅមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ដើម្បីស្វែងរកម្ចាស់។ 
ចំណែកជនសង្ស័យ ទាំង ០២នាក់  បានឆ្លើយសារភាពថា  "ខ្លួនពិតជាបានធ្វេីសកម្មភាព លួចម៉ូតូ ពីជនរងគ្រោះពិតប្រាកដមែន"។ 
ដោយផ្អែកតាមចម្លេីយសារភាព  និងមានវត្ថុតាង ជាក់ស្តែក  កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុង  បានកសាងសំណុំរឿងបញ្ជូនជនសង្ស័យ មកកាន់ទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ ចាត់ការបន្ត។ 
បច្ចុប្បន្នជនសង្ស័យ ត្រូវបានកម្លាំងការិយាល័យព្រហ្មទណ្ឌ  កងរាជអាវុធហត្ថខេត្តបញ្ជូនទៅសាលាដំបូងខេត្ត  នៅព្រឹកថ្ងៃទី២៨  ខែមេសា  ឆ្នាំ ២០២៣  នេះ ដើម្បីចាត់ការតាមនិតិវិធីច្បាប់៕