2023-06-23 05:06
393


និស្សិតបញ្ចប់ការសិក្សានៅវិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនកំពត បានលើកឡើងថា បច្ចុប្បន្នវិស័យអប់រំមានការអភិវឌ្ឍន៍រីកចម្រើនគួរឲ្យកត់សំគាល់ សិស្សនិស្សិតនៅតាមខេត្តអាចសិក្សាជំនាញផ្សេងៗបានគ្រប់កម្រិតថ្នាក់ ខណៈដែលភាគរយនិស្សិតបញ្ចប់ការសិក្សាទទួលបានការងារធ្វើខ្ពស់ជាងមុន។


ពួកគេបានថ្លែងអំណរគុណដល់រាជរដ្ឋាភិបាលដែលបានផ្តល់ឱកាសគ្រប់បែបយ៉ាងដល់ពួកគេ។
និស្សិតបញ្ចប់ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្ររងលើជំនាញជួសជុលរថយន្តនៅវិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនកំពត បានប្រាប់ឲ្យដឹងថា វិស័យអប់រំនាពេលបច្ចុប្បន្ន មានការអភិវឌ្ឍន៍រីកមច្រើនគួរឲ្យគាត់សំគាល់ ពិសេសនៅតាមខេត្តនីមួយៗ មានសាលារៀនរីកដូចផ្សិតនៅគ្រប់ភូមិសិក្សា។
ជាក់ស្តែងខេត្តកំពត សិស្សានុស្សិស និស្សិតមានភាពងាយស្រួលក្នុងការទទួលបានការសិក្សាអប់រំលើគ្រប់កម្រិត និងអាចជ្រើសរើសមុខវិជ្ជា ឬជំនាញបច្ចេកទេសផ្សេងៗទៅតាមចំណងចំណូលចិត្ត ដោយមិនបាច់ទៅរៀន នៅឯរាជធានីភ្នំពេញដូចមុនទេ។
ពួកគាត់បានបញ្ជាក់ថា គុណភាពនៃការសិក្សាអប់រំនៅតាមខេត្តតែល្អប្រសើរ និស្សិតគ្រប់ជំនាន់ដែលបានបញ្ចប់ការសិក្សាទទួលបានឱកាសការងារជាង៩៥% មិនខ្វះការងារធ្វើទេ ។
ពួកគេថ្លែងអំណរគុណដល់រាជរដ្ឋាភិបាលដែលបានផ្តល់ភាពងាយស្រួល ក្នុងការទទួលបានចំណេះ ជំនាញ និងឱកាសការងារសម្រាប់ចិញ្ចឹមជីវិត។
ការលើកឡើងខាងលើ នៅក្នុងវិធីប្រគល់សញ្ញាបត្រជូនដល់សិស្សនិស្សិតវិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនកំពតចំនួន២៧៣៩នាក់ កាលពីថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៣ ក្រោមអធិបតីភាព ឯកឧត្តម ឡៅ ហ៊ីម រដ្ឋលេខាធិការ នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និង ឯកឧត្តម ញ៉ូវ សាឯម ប្រធានក្រុមប្រឹក្សាខេត្តកំពត។
នៅក្នុងឱកាសនោះដែរ ឯកឧត្តមអធិបតីក៏បានផ្តាំផ្ញើដល់និស្សិតទាំងអស់សូមយកចំណេះជំនាញរបស់ខ្លួនទៅប្រើប្រាស់ប្រកបដោយសុជីវធម៌ សីលធម៌ គុណធម៌ បម្រើខ្លួនឯងផង គ្រួសារផង សង្គមផង  ពិសេសត្រូវជួយសម្រាលអម្រែកសង្គម និងជួយចូលរួមអភិវឌ្ឍប្រទេសជាតិ រក្សាឲ្យបាននូវសុខសន្តិភាព ដែលសម្តេចតេជោយកជីវិតទៅប្តូរ ដើម្បីភាពសុខសាន្តមកដល់សព្វថ្ងៃនេះ។