2024-03-03 03:03
53

អភិបាលខេត្តរតនគិរី៖ ប្រធានបទ«ស្ត្រី និងក្មេងស្រី ក្នុងបរិវត្តកម្មឌីជីថល» គឺចំពេល ដែលយើងគ្រប់គ្នាកំពុងខិតខំប្រឹងប្រែងបន្តលើកកម្ពស់ និងជំរុញឱ្យមានការចូលរួមពីប្រជាជនទាំងស្ត្រី និងបុរស ដើម្បីក្លាយជាពលរដ្ឋ ឌីជីថល ធានាបាននូវមូលធនមនុស្ស ក្នុងការអភិវឌ្ឍសេដ្ឋកិច្ច សង្គមកម្ពុជាទាំងមូល 
   ការថែ្លងរបស់ ឯកឧត្តម ញ៉ែម សំអឿន អភិបាលខេត្តរតនគិរីបែបនេះ ក្នុងឱកាសដែលឯកឧត្តម និងលោកជំទាវអញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរទិវាអន្តរជាតិនារី ៨មីនា ខួបលើកទី១១៣ឆ្នាំ២០២៤ ក្រោមការរៀបចំឡើងដោយរដ្ឋបាលខេត្តរតនគិរីសហការជាមួយមន្ទីរកិច្ចការនារីខេត្ត ក្រោមប្រធានបទ«ស្ត្រី និងក្មេងស្រី ក្នុងបរិវត្តកម្មឌីជីថល» ដែលធ្វើឡើងនៅសាលមហោស្រពរតនៈ នាថ្ងៃទី០២ ខែមីនា ឆ្នាំ ២០២៤នេះ។
  ឯកឧត្តមបន្តថា ជាការពិត សុខសន្តិភាព វិបុលភាព ការគ្មានអំពើហិង្សា គ្មានសង្គ្រាម ពិតជាមានតម្លៃណាស់ ដែលបានជំរុញ ការអភិវឌ្ឍន៍លើគ្រប់វិស័យ និងគ្រប់ទីកន្លែងព្រមទាំងធើ្វឱ្យប្រជាជនរស់នៅប្រកបដោយភាពសុខុដុមរមនា និងផ្តល់ឱកាសល្អឱ្យបុរសស្ត្រី  កូនប្រុសស្រី បានរស់នៅជួបជុំក្រុមគ្រួសារ បានសិក្សារៀនសូត្រខ្ពស់ មានចំណេះដឹង ជំនាញបច្ចេកទេសនិងមុខរបរ ដើម្បីអភិវឌ្ឍសេដ្ឋកិច្ចគ្រួសារខ្លួន រួមចំណែកកសាងនិងអភិវឌ្ឍប្រទេសជាតិឱ្យកាន់តែមានភាពរីកចម្រើនរុងរឿង ។
    ឈរលើមូលដ្ឋានសុខសនិ្តភាព ការអនុវត្តន៍គោលនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ នីតិកាលទី៧ តាមរយៈការពង្រឹងភាពជាពលរដ្ឋក្នុងសង្គមដែលមានអារ្យធម៌ខ្ពស់ប្រកបដោយសីលធម៌ សមធម៌ និងបរិយាបន្ន ដែលក្នុងនោះស្រ្តីគឺជាស្នូល។ ព្រមទាំងសម្រេចបាននូវវឌ្ឍនភាពដ៏ល្អប្រសើរ ក្នុងការកាត់បន្ថយភាពក្រីក្រ  និងធើ្វឱ្យកម្ពុជាប្រែក្លាយ ពីប្រទេសមាន   ចំណូលទាបទៅជាប្រទេសមានចំណូលមធ្យមកម្រិតទាប និងឈានទៅជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ នឹងក្លាយជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០។ 
   ឯកឧត្តម ញ៉ែម សំអឿន ក៏បានលើកឡើងពីការគិតគូរយកចិត្តទុកដាក់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជាក្នុងនោះ សម្តេច ធិបតី បានផ្តល់អនុសាសន៍  និងលើកទឹកចិត្តឱ្យក្រសួងកិច្ចការនារី សហការជាមួយក្រសួង ស្ថាប័នពាក់ព័ ន្ធ ផ្តោតការយកចិត្តទុក ដាក់ លើការដោះស្រាយគម្លាតយេនឌ័រ ក្នុងវិស័យឌីជីថល ជាពិសេសការបង្កើនការចូលរួមរបស់ស្រ្តី និងក្មេងស្រី នៅក្នុងវិស័យឌីជីថល ការប្រើប្រាស់ឌីជីថល និងការអប់រំចំណេះដឹង និងជំនាញផ្អែកលើវិទ្យាសាស្រ្ត បច្ចេកវិទ្យា សិល្បៈ វិស្វកម្ម និងគណិតវិទ្យា (STEAM) ជាវិស័យអាទិភាពចាំបាច់ក្នុងយុគសម័យឌីជីថល។
   នៅក្នុងឱកាសនេះឯកឧត្តមញ៉ែម សំអឿនបានអំពាវនាវឱ្យគ្រប់មន្ទីរ ស្ថាប័ន អង្គភាពពាក់ព័ន្ធ ដៃគូអភិវឌ្ឍ អង្គការមិនមែនរដ្ឋាភិបាល សង្គមស៊ីវិល និងវិស័យឯកជនទាំងអស់ ត្រូវយកចិត្តទុកដាក់ចូលរួមបន្តពង្រឹង និងថែរក្សាការពារសុខសនិ្តភាព សិ្ថរភាព សណ្តាប់ធ្នាប់សាធារណៈ និងសុវតិ្ថ ភាពសង្គមឱ្យរឹងមាំ ពិសេសបន្តលើកកម្ពស់ការអនុវត្តន៍គោលនយោបាយភូមិ ឃុំមានសុវត្ថិភាពឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ ដើម្បីធានាការរស់នៅដ៏សុខសាន្តរបស់ប្រជាជនគ្រប់រូប « ពិសេសស្រី្ត ក្មេងស្រី»។  ត្រូវអនុវត្តឱ្យសកម្មផុលផុសលើយុទ្ធនាការដើម្បីប្រយុទ្ធប្រឆាំងនិងបង្ក្រាបអំពើចោរកម្ម ឃាតកម្ម ការប្លន់ប្រដាប់ឤវុធ គ្រឿងញៀន ការជួញដូរមនុស្ស នឹងអំពើហិង្សាគ្រប់រូបភាពលើស្រី្ត និងកុមារ។
  គួរបញ្ជាក់ថា ទិវាអន្តរជាតិនារី៨មីនា ត្រូវបានពិភពលោកប្រារព្ធធ្វើឡើងរៀងរាល់ឆ្នាំ ដើម្បីរំលឹកពីការតស៊ូរបស់នារីពលករទូទាំងសកលលោកដើម្បីសិទ្ធិសេរីភាព ប្រជាធិបតេយ្យ និងការអនុវត្តន៍សិទ្ធិ ស្មើភាពគ្នារវាងបុរសនិងនារី ដោយភ្ជាប់ជាមួយពាក្យស្លោកថា «មួយថ្ងៃធ្វើការ៨ ម៉ោង, ធ្វើការស្មើគ្នាបៀវត្សស្មើគ្នា និងការពារសុខភាពមាតានិងកុមារ»៕