2024-01-23 01:01
76

កំពង់ចាម : នៅក្នុងពិធីបើកវគ្គបណ្តុះបណ្តាលរំលឹកឡើងវិញដល់គ្រូបង្គោលថ្នាក់ខេត្ត និងថ្នាក់ក្រុង-ស្រុក ស្តីពីការអនុវត្តផែនការយុទ្ធសាស្ត្រគណនេយ្យភាពសង្គម នាព្រឹកថ្ងៃទី ២៣  ខែមករា  ឆ្នាំ ២០២៤ នេះ   អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម ឯកឧត្តម អ៊ុន ចាន់ដា  បានថ្លែងថា  គោលបំណងសំខាន់នៃការអនុវត្តគណនេយ្យភាពសង្គម គឺជាការផ្តោតសំខាន់ទៅលើការអនុវត្តផ្តល់សេវាទាំង៣ វិស័យ គឺរដ្ឋបាលឃុំ-សង្កាត់ មណ្ឌលសុខភាព និងវិស័យអប់រំ  សម្រាប់ថ្នាក់បឋមសិក្សា ដែលត្រូវធ្វើយ៉ាងណា  ដើម្បី ឱ្យ ប្រសើរឡើងនូវគុណភាព និងការឆ្លើយតបនៃការផ្តល់សេវាសាធារណៈ  តាមរយៈការពង្រឹង និងធ្វើឱ្យក្លាយជាប្រព័ន្ធនៃតម្លាភាព និងការចូលរួមរបស់ប្រជាពលរដ្ឋនៅក្នុងដំណើរការកសាងផែនការ និងការផ្តល់សេវានានា របស់រដ្ឋបាលថ្នាក់ក្រោមជាតិ ។ 

ឯកឧត្ដម អភិបាលខេត្ត បានគូសបញ្ជាក់ ថាដើម្បីឱ្យដំណើរអនុវត្តទៅបានល្អ និងរលូន យើងត្រូវកំណត់សកម្មភាពឱ្យបានច្បាស់លាស់ផ្អែកលើសមាសភាពចំនួន ៥ក្នុងការអនុវត្តគម្រោង គណនេយ្យភាពសង្គមទី ១-តម្លាភាព និងភាពងាយទទួលបានព័ត៌មាន គឺពង្រឹងតម្លាភាពនៃការធ្វើសេចក្តីសម្រេចចិត្ត ការបំពេញការងារទាំងសមត្ថភាពរបស់រដ្ឋបាលថ្នាក់ក្រោមជាតិ  ដើម្បីធ្វើការផ្សព្វផ្សាយព័ត៌មាន ជូនប្រជាពលរដ្ឋ ពាក់ព័ន្ធនឹងការ ផ្តល់សេវាសាធារណៈដូចជាការបែងចែក និងការប្រើប្រាស់ថវិកា ។ទី២-ការត្រួតពិនិត្យតាមដានដោយប្រជាពលរដ្ឋ គឺពង្រឹងយន្តការអភិវឌ្ឍសមត្ថភាពប្រជាពលរដ្ឋ ដើម្បីផ្តល់មតិយោបល់លើគុណភាពការផ្តល់សេវាសាធារណៈ  របស់អង្គភាពផ្តល់សេវា នៅថ្នាក់ឃុំ-សង្កាត់ និងថ្នាក់ក្រុង-ស្រុក ។ទី៣-ការអនុវត្តផែនការសកម្មភាពរួមស្តីពីការងារគណនេយ្យភាពសង្គម គឺពង្រឹងវិធីសាស្ត្រ  ក្នុង ការទទួល និងឆ្លើយតបរបស់រដ្ឋបាលថ្នាក់ក្រោមជាតិទៅលើមតិយោបល់ និងតម្រូវការរបស់ប្រជាពលរដ្ឋ ។ទី៤-ការអភិវឌ្ឍសមត្ថភាព គឺពង្រឹងប្រព័ន្ធគណនេយ្យភាពសង្គម  របស់រដ្ឋបាលថ្នាក់ក្រោមជាតិ និងអង្គភាពផ្តល់សេវា តាមរយៈការអភិវឌ្ឍសមត្ថភាព  នៃផែនការអនុវត្តការងារគណនេយ្យភាពសង្គមពាក់ព័ន្ធនឹងតម្លាភាព ភាពងាយទទួលបានព័ត៌មាន, ការបំពេញការងារ, ថវិកា, និងការចូលរួមដោយប្រជាពលរដ្ឋ ក្នុងការតាមដានការបំពេញការងាររបស់អង្គភាពផ្តល់សេវា ។និងទី៥-ការសម្របសម្រួលគាំទ្រថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ  គឺត្រូវផ្ដល់ការគាំទ្រ ការសម្របសម្រួល  និងការគ្រប់គ្រងសកម្មភាពនានា របស់គម្រោងជាដើម។