2023-09-25 08:09
173

ភ្នំពេញ៖ ក្រសួងសុខាភិបាល បានព្រមានសាររជាថ្មី  ចំពោះសកម្មភាព របស់លោក ស៊ូ សេងហួរ គ្រូឱសថបុរាណ ដែលផ្សព្វផ្សាយការព្យាបាលជំងឺប្រាស់ចាកការពិតទាំងអស់ចេញពីបណ្តាញសង្គមហ្វេសប៊ុកជាបន្ទាន់ នោះនាពេលកន្លងមកក្រសួង ធ្លាប់បានព្រមាន និងផាកពិន័យរាល់ការផ្សព្វផ្សាយលក់ឱសថបុរាណដិយគ្មានច្បាប់របស់លោក ស៊ូ សេងហួរ ចំនួន ០២លើក ប៉ុន្តែមិនរៀងចាលឡើយ។ 

ក្រសួងសុខាភិបាល តាមការអះអាង របស់ក្រសួងសុខាភិបាល បានជម្រាបជូនសាធារណៈជនថា កន្លងមកនាយកដ្ឋានឱសថ ចំណីអាហារ បរិក្ខារពេទ្យ និងគ្រឿងសំអាង នៃក្រសួងសុខាភិបាល និងមន្ទីរសុខាភិបាល នៃរដ្ឋបាលរាជធានីភ្នំពេញ ធ្លាប់បានចុះទៅធ្វើការអប់រំ និងផាកពិន័យលោក ស៊ូ សេងហួរ «ចំពោះករណីផ្សព្វផ្សាយការព្យាបាលជំងឺ ចែកចាយ និងលក់ឱសថបុរាណដោយគ្មានច្បាប់អនុញ្ញាតពីក្រសួងសុខាភិបាល និងបើកទីតាំងអគារឱសថបុរាណថ្មីដោយគ្មានច្បាប់ អនុញ្ញាតពីរដ្ឋបាលរាជធានីភ្នំពេញ ចំនួន ០២ដង រួចមកហើយ នៅខែមីនា និងខែឧសភា ឆ្នាំ២០២៣»។ 

ក្រសួងសុខាភិបាល បានបន្ថែមថា ទោះបីជាធ្លាប់បានសន្យាថា «បញ្ឈប់ការធ្វើសកម្មភាពខុសច្បាប់ ក៏លោក ស៊ូ សេងហួរ នៅតែបន្តផ្សព្វផ្សាយតាមបណ្តាញសង្គមហ្វេសប៊ុក នូវការព្យាបាលជំងឺមិនប្រក្រតី និងលក់ឱសថបុរាណដោយគ្មានច្បាប់អនុញ្ញាតពីក្រសួងសុខាភិបាលដដែល»។ 

ដោយសង្កេតឃើញនូវសកម្មភាពទាំងនេះ មន្ទីរសុខាភិបាល នៃរដ្ឋបាលរាជធានីភ្នំពេញ បានសហការ ជាមួយអាជ្ញាធរពាក់ព័ន្ធ ដើម្បីចុះទៅបិទបញ្ឈប់សកម្មភាពខុសច្បាប់ និងណែនាំលោក ស៊ូ សេងហួរ ឱ្យលុបវីដេអូ ផ្សព្វផ្សាយការព្យាបាលជំងឺប្រាស់ចាកការពិតទាំងអស់ចេញពីបណ្តាញសង្គមហ្វេសប៊ុកជាបន្ទាន់។ 

ក្រសួងក៏បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ប្រុងប្រយ័ត្នក្នុងការសម្រេចចិត្តទទួលការព្យាបាលដោយមន្តអាគម ឬឱសថ បូរាណដែលខុសច្បាប់ និងកុំជឿការឃោសនាភូតកុហកបោកប្រាស់ទាំងនោះ តាមបណ្តាញសង្គម ឃ្លឹបវីដេអូ ឬការផ្សព្វផ្សាយតៗគ្នា ដែលនាំឱ្យខាតបង់ប្រាក់ ពេលវេលា ប៉ះពាល់ដល់សុខភាព និងអាចបណ្តាលឱ្យគ្រោះថ្នាក់ដល់អាយុជីវិតជាយថាហេតុ៕