2023-10-26 09:10
399

កំពង់ឆ្នាំង៖ អ្នកភូមិប្រុស-ស្រី ចំនួន ១០នាក់ បានពុលនំបញ្ចុកក្នុងពីធីបុណ្យគម្រប់ខួប ៧ថ្ងៃ បណ្តាលឲ្យមានអការៈក្អួតចង្អោរ និងចុកពោះ ត្រូវបានបញ្ជូនទៅកាន់មន្ទីពេទ្យបង្អែកស្រុកបរិបូណ៌ ដើម្បីសង្គ្រោះ និងព្យាបាលបន្ទាន់។ 

ករណីណលរដ្ឋពុលនំបញ្ចុកនេះ បានកើតឡើង នៅវេលាម៉ោង ១១ព្រឹក ថ្ងៃទី២៥ ខែតុលាឆ្នាំ២០២៣ នៅក្នុងភូមិតាំងធ្នឹម ឃុំពេជ្រចង្វារ ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង។ 
ប្រធានមន្ទីរសុខាភិបាលខេត្តកំពង់ឆ្នាំង លោក ប្រាក់ វ៉ុន បានប្រាប់កាសែតថា នៅវេលាម៉ោង ២០យប់ ថ្ងៃ ទី២៥ ខែតុលានេះ មានករណីពុលនំបញ្ចុកកើតឡើងនៅក្នុងពិធីបុណ្យខួប ៧ថ្ងៃ នៅក្នុងភូមិតាំងធ្នឹម ឃុំពេជ្រចង្វារ ស្រុកបរិបូរណ៍។ ក្រោយពេលកើតហេតុបានសមត្ថកិច្ចមូលដ្ឋានបានដឹកប្រជាពលរដ្ឋ រងគ្រោះចំនួន ០៦នាក់ ក្នុងចំណោមរងគ្រោះសរុប ១០នាក់ តាមរថយន្តសង្គ្រោះបន្ទាន់របស់មន្ទីពេទ្យនាំយកមកធ្វើការសង្គ្រោះបន្ទាន់នៅក្នុងមន្ទីពេទ្យបង្អែកស្រុកបរិបូរណ៌ ដោយពួកគាត់មានអាការៈក្អួតចង្អោរ និងចុកពោះ។ 

លោកប្រធានមន្ទីរ បានបញ្ជាក់ថា ចំពោះបងប្អូនប្រជាពលរដ្ឋដែលបានពុលនាំបញ្ចុកនោះ ចំនួន ០៦ នាក់ កំពុងព្យាបាលនៅក្នុងមន្ទីរពេទ្យស្រុក ដោយមានអាការៈធូរស្រាច្រើនហើយ និងមិនមានប្រជាពលរដ្ឋណាម្នាក់ មានគ្រោះថ្នាក់ដល់ជីវិតនោះឡើយ។ ករណីនេះបណ្តាលមកពីនំបញ្ចុក និងបន្លែជាអន្លក់លាងសម្អាតមិនបានល្អទើបធ្វើឲ្យមានការពុលបែបនេះ។ 

លោកប្រធានមន្ទីរសុខាភិបាលខេត្តកំពង់ឆ្នាំង បានធ្វើការអំពាវនាវដល់បងប្អូនប្រ ជាពលរដ្ឋទាំងអស់សូមមានការប្រុងប្រយ័ត្នលើម្ហូបអាហារឲ្យបានខ្ពស់ដើម្បីជៀសវាងការប៉ះពាល់ដូចករណីខាងលើនេះ៕