2023-10-11 04:10
316

(សៀមរាប)៖ លោក ឆាយ ឫទ្ធិសែន រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ បានប្ដេជ្ញាចូលរួមក្នុងការអភិវឌ្ឍហេដ្ឋារចនាសម្ពន្ធជូនប្រជាពលរដ្ឋ នៅតំបន់អភិវឌ្ឍន៍ភូមិធម្មជាតិរុនតាឯក ស្ថិតនៅភូមិតានី ឃុំរុនតាឯក ស្រុកបន្ទាយស្រី និងតំបន់ពាក់ស្នែង ឃុំពាក់ស្នែង ស្រុកអង្គរធំ ខេត្តសៀមរាប។

ការបញ្ជាក់នេះធ្វើឡើងក្នុងឱកាសលោករដ្ឋមន្ត្រីចូលរួមក្នុងកិច្ចប្រជុំអន្ដរក្រសួង ដើម្បីត្រួតពិនិត្យវឌ្ឍនភាពការតាំងទីលំនៅថ្មីរបស់ប្រជាពលរដ្ឋពីតំបន់រមនីយដ្ឋានអង្គរ ទៅតំបន់អភិវឌ្ឍន៍ភូមិធម្មជាតិរុនតាឯក និងតំបន់ពាក់ស្នែង ក្រោមអធិបតីភាពលោក សាយ សំអាល់ ឧបនាយករដ្ឋមន្រ្ដី រដ្ឋមន្រ្ដីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នៅសាលាខេត្តសៀមរាប នាថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៣។

នាឱកាសនោះ លោក ឆាយ ឫទ្ធិសែន បានជម្រាបជូនអង្គប្រជុំពីការអភិវឌ្ឍហេដ្ឋារចនាសម្ពន្ធគមនាគមន៍របស់ក្រសួងអភិវឌ្ឍន៍ជនបទ។
ក្នុងឱកាសបូកសរុបអង្គប្រជុំ លោកឧបនាយករដ្ឋមន្រ្ដីបានបញ្ជាក់ថា ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នឹងរៀបចំព្រាងសេចក្ដីសម្រេចមួយដើម្បីដំណើរការអភិវឌ្ឍន៍តំបន់ទាំងពីរ តាមរយៈការបែងចែកតួនាទី និងភារកិច្ចរបស់ក្រសួង ស្ថាប័ននីមួយៗ និងពិភាក្សាពីការកសាងផ្លូវបន្ថែមទៀតនៅក្នុងតំបន់ទាំងពីរឱ្យក្លាយទៅជាតំបន់មានការអភិវឌ្ឍ និងរៀបចំផែនទីសម្រាប់សម្គាល់ទីលំនៅដ្ឋានរបស់ប្រជាជពលរដ្ឋនៅតំបន់រមនីយដ្ឋានអង្គរ។

លោករដ្ឋមន្ត្រី ឆាយ ឫទ្ធិសែន ក៏បានប្ដេជ្ញាថា ក្រសួងអភិវឌ្ឍន៍ជនបទនឹងបន្តចូលរួមសហការឱ្យបានកាន់ល្អ ដើម្បីអភិវឌ្ឍហេដ្ឋារចនាសម្ពន្ធនៅតំបន់អភិវឌ្ឍន៍ទាំងពីរខាងលើឱ្យកាន់តែមានប្រសិទ្ធភាព ក្រោមការចង្អុលបង្ហាញនិងដឹកនាំរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដី និងក្រោមការដឹកនាំផ្ទាល់របស់លោកឧបនាយករដ្ឋមន្រ្ដី សាយ សំអាល់៕