2024-03-07 01:03
53

ខេត្តកំពត ÷ អភិបាលស្រុកទឹកឈូបានអះអាងថា: នឹងរៀបចំកែលម្អ រមណីយដ្ឋានភ្នំសឲ្យកាន់តែមានភាពទាក់ទាញភ្ញៀវទេសចរជាតិ អន្តរជាតិ មកលេងកម្សាន្តច្រើនឡើងថែមទៀត ខណៈតំបន់នេះពោរពេញទៅដោយធម្មជាតិស្រស់ស្អាត មានថ្មដុះ អាចឡើងលេងដល់កំពូល អង្គុយស្រូបខ្យល់អាកាសបរិសុទ្ធ មើលទេសភាពក្រុងកំពត ទេសភាពព្រែកកំពត ដៃព្រែកកំពត និងអាចគយគន់ទេសភាពនាពេលថ្ងៃលិចយ៉ាងស្រស់ត្រកាលពីលើជួរភ្នំកំចាយ ពិសេសមានរូងភ្នំសម្រាប់អ្នកប្រតិបត្តិធម៌ និងគោរពបូជាតាមជំនឿសាសនាផងដែរ ។

នៅក្នុងដំណើរចុះពិនិត្យ សិក្សាឈ្វេងយល់អំពីសត្តានុពលតំបន់រមណីយដ្ឋានភ្នំស ស្ថិតឃុំព្រៃឃ្មុំ ស្រុកទឹកឈូ ខេត្តកំពតនាពេលថ្មីៗនេះ លោកអ៊ឹម ចន្ទសោធន អភិបាលស្រុកទឹកឈូ  បានប្រាប់ឲ្យដឹងថា: តំបន់ភ្នំសមានសក្តានុពលច្រើន ក្នុងការទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ ព្រោះកន្លែងនេះជាទីអាស្រមសម្រាប់អ្នកប្រតិបត្តិធម៌ និងជាទីសក្ការបូជាតាមបែបសាសនាតាំងពីបុរាណកាលតរៀងមក ជាពិសេសភ្នំសជាកន្លែងតែមួយគត់នៅក្នុងខេត្តកំពត ដែលអាចមើលទេសភាពក្រុងកំពត និងទេសភាពថ្ងៃលិចពីលើជួរភ្នំកំចាយយ៉ាងស្អាតជាងគេទៀតផង។ 

លោកអភិបាលស្រុកបានបន្តថា:ក្រោមការជំរុញនិងលើកទឹកចិត្ត ពីសំណាក់ឯកឧត្តមបណ្ឌិត ម៉ៅ ធនិន អភិបាលខេត្តកំពត ក្នុងការលើកកម្ពស់វិស័យទេសចរណ៍ ជំហ៊ានដំបូងរដ្ឋបាលស្រុកទឹកឈូនឹងធ្វើការរៀចំកែលម្អ កន្លែងចាំបាច់មួយចំនួន ដើម្បីបង្កភាពងាយស្រួលដល់ភ្ញៀវទេសចរជាតិ អន្តរជាតិមកទស្សនាកម្សាន្តយ៉ាងសប្បាយរីករាយផងដែរ ។

ជាមួយគ្នានោះដែរ លោក សយ ស៊ីណុល ប្រធានមន្ទីរទេសចរណ៍ខេត្តកំពតក៏ បានបង្ហាញការគាំទ្រចំពោះគំនិតផ្តួចផ្តើមរៀបចំតំបន់ភ្នំស ឲ្យក្លាយជាតំបន់រមណីយដ្ឋានដ៏ទាក់ទាញ និងជាទិសដៅទេសចរណ៍ថ្មីមួយរបស់ខេត្តកំពត  ព្រោះតំបន់នេះ តភ្ជាប់ជាមួយតំបន់ទេសចរណ៍ឃុំកំពង់គ្រែង ពិសេសពេលឈរពីលើកំពូលភ្នំដែលមានកម្ពស់ជាង៣០០ម៉ែត្រ យើងអាចមើលឃើញទេសភាពតំបន់កសិ-ទេសចរណ៍ឃុំកូនសត្វ ទេសភាពក្រុងកំពត ទេសភាពព្រែកកំពត ជាពិសេសយើងអាចមើលទេសភាពថ្ងៃលិចពីលើជួរភ្នំកំចាយយ៉ាងស្រស់ស្អាតជាងគេទៀតផង៕