2023-07-31 06:07
149

ភ្នំពេញ ៖ ប្រធានបទពីរ គឺ៖ ១-ការងារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ការផ្តល់សេវាសាធារណៈ, និង ២-ការងារអភិវឌ្ឍមូលដ្ឋាន និងបរិស្ថាន ត្រូវបានលើកមកពិភាក្សា ក្នុងវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខណ្ឌចំការមន អណត្តិទី៣ នាព្រឹកថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៣ ក្រោមវត្តមានលោក ព្រំ សំខាន់ ប្រធានក្រុមប្រឹក្សាខណ្ឌចំការមន និងលោក កៀង ល័ក្ស អភិបាលខណ្ឌចំការមន រួមទាំងមន្ត្រីខណ្ឌ-សង្កាត់ទាំង៥ ក្នុងខណ្ឌចំការមន ។


លោក ព្រុំ សំខាន់ បានឲ្យដឹងថា ការប្រារព្វវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នេះ គឺមានគោលបំណងឲ្យក្រុមប្រឹក្សាខណ្ឌបង្ហាញនូវនីតិវិធី និងជាឧបករណ៍សម្រាប់លើកកម្ពស់គណនេយ្យភាព តម្លាភាព ផ្តល់ជូនដល់ប្រជាពលរដ្ឋ ក្នុងការចូលរួម ក្នុងដំណើរការអភិបាលកិច្ចរបស់ក្រុមប្រឹក្សានៃរដ្ឋបាលខណ្ឌ ដើម្បីធានាថា រាល់បញ្ហាអាទិភាពរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន ត្រូវបានពិនិត្យ និងដោះស្រាយ ឆ្លើយតប ទៅគ្រប់អ្នកពាក់ព័ន្ធទាំងអស់ ក្នុងមូលដ្ឋាន ត្រូវបានចូលរួមក្នុងដំណើរការអភិវឌ្ឍន៍តាមបែបប្រជាធិបតេយ្យ ។
វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅថ្ងៃនេះ គឺជាការផ្តល់ឱកាសក្នុងការណាត់ជួប រវាងប្រជាពលរដ្ឋមូលដ្ឋាន និងតំណាងរបស់ខ្លួន ដើម្បីប្រជាពលរដ្ឋបានបង្ហាញអំពីចំណាប់អារម្មណ៍ ក៏ដូចជាបញ្ហានានា ដែលកើតមាននៅមូលដ្ឋាន ភូមិ សង្កាត់របស់ខ្លួន។ វាក៏ជាពេលវេលាមួយ ដែលអាចធ្វើឲ្យគាត់ បានប្រាស្រ័យទាក់ទងគ្នាទៅវិញទៅមក រវាងរដ្ឋបាលខណ្ឌជាមួយរដ្ឋបាលសង្កាត់ ប្រជាពលរដ្ឋតំណាងសង្គម ស៊ីវិល និងវិស័យឯកជន ក្រុមប្រឹក្សាប្រភេទផ្សេងគ្នា ដើម្បីផ្លាស់ប្ដូរនូវបទពិសោធន៍ និងផ្តល់ប្រឹក្សាអំពី នៃការអភិវឌ្ឍន៍ខណ្ឌ ប្រកបដោយចីរភាព និងប្រសិទ្ធិភាព និងដោះស្រាយជូនទាន់ពេលវេលា។
នៅក្នុងវេទិការនេះ ប្រជាពលរដ្ឋ ស្នើសុំរៀបចំសណ្ដាប់ធ្នាប់ការលក់ដូនៅជាប់របងវិទ្យាល័យទួលទំពូង និងកាប់លះមេឃឈើធំៗជុំវិញសាលារៀន, ស្នើស្ដារលូនៅផ្លូវសុធារស ក្នុងសង្កាត់ទន្លេបាសាក់ ។ ព្រះគ្រូសូត្រឆ្វេង គង់នៅវត្តថាន់ បានមានសង្ឃដីការសំណូមពរជួយរៀបចំសណ្ដាប់ធ្នាប់នៅផ្លូវចូលខាងកើតវត្ត និងសំនួរ-សំណូមពរ ជាលាយលក្សអក្សរដាក់ក្នុង ប្រអប់សំបុត្រមួយចំនួនទៀត។ ក្នុងនោះ សរសេរជាលាយលក្សអក្សរ មានចំនួន ២៧ និងសំណួរផ្ទាល់មាត់ មានចំនួន ១២ ។
ពាក់ព័ន្ឋសំណូមពរ ការរៀបចំសណ្ដាប់ធ្នាប់ ការលក់ដូរ នៅជាប់របងវិទ្យាល័យទួលទំពូង និងកាប់លះមេឃឈើធំៗជុំវិញសាលារៀន លោកអភិបាលខណ្ឌ បានប្រគល់ជូនទៅលោកអភិបាលរងខណ្ឌទទួលបន្ទុកសាធារណៈការ និងកម្លាំងនគរបាលប៉ុស្ដិ ជួយសហការដោះស្រាយជាក់ស្ដែងលើការងារនេះ។ លោកអភិបាលបានទទួលយកលើការងារស្ដារលូ និងដាក់លូ ដើម្បីរំដោះទឹកដែលលិចភូមិនានាពេលភ្លៀងម្ដងៗនៅក្នុងសង្កាត់ទន្លេបាសាក់ សង្កាត់បឹងត្របែក និងសង្កាត់ផ្សារដើមថ្កូវ ដើម្បីដាក់កម្លាំងដោះស្រាយជូនភ្លាមៗតែម្តង ។


ពាក់ព័ន្ធនឹងសំណូមពររបស់ព្រះគ្រូសូត្រឆ្វេង គង់នៅវត្តថាន់ អោយជួយរៀបចំសណ្ដាប់ធ្នាប់នៅផ្លូវចូលខាងកើតវត្ត, លោកអភិបាលខណ្ឌ បានលើកឡើងថា នឹងបន្តរៀបចំសណ្ដាប់ធ្នាប់ ហើយនឹងលើកសំណូមពរទៅថ្នាក់រាជធានីភ្នំពេញបន្តទៀត។ លោក ក៏បានផ្ដល់ដំណោះស្រាយបញ្ហាក្មេងរើសអេតចាយដែលដេកក្នុងបរិវេណវត្ត និងសាលាបឋមសិក្សាទួលទំពូង ដោយអាជ្ញាធរ កន្លងនគរបាលប៉ុស្តិ នាយកសាលា និងគណៈកម្មការវត្ត សហការគ្នារៀបចំការងារនេះ។
លោកអភិបាលខណ្ឌ បានបន្តថា យើងបានរកឃើញនូវបញ្ហាសំខាន់ៗជាអាទិភាព ដែលជាតម្រូវការរបស់ប្រជាពលរដ្ឋនៅមូលដ្ឋាន ដើម្បីឲ្យរដ្ឋបាលខណ្ឌ និងសង្កាត់ យកទៅពិចារណា ឆ្លើយតប និងធ្វើការកែទម្រង់ក្នុងការអនុវត្តន៍ សកម្មភាពរបស់ខ្លួន លើកកំពស់គុណភាពនៃជីវភាពរស់នៅ របស់ប្រជាពលរដ្ឋក្នុងខណ្ឌ ពិសេស ប្រជាពលរដ្ឋក្រីក្រក្នុងមូលដ្ឋានសង្កាត់ឲ្យកាន់តែល្អប្រសើរ។
លោកបន្ថែមថា ក្នុងនាមក្រុមប្រឹក្សាខណ្ឌ និងរដ្ឋបាលខណ្ឌចំការមន ខ្ញុំនឹងយកសំណើ សំណួ សំណូមពរទាំងនេះ ទៅដាក់ជូនគណៈអភិបាលខណ្ឌ ដើម្បីពិនិត្យ និងដោះស្រាយជូនអោយមានប្រសិទ្ឋិភាព ព្រមទាំងផ្តល់នូវព័ត៌មានត្រឡប់ជូនដល់អស់លោក លោកស្រី បងប្អូន ប្រជាពលរដ្ឋវិញ តាមរយៈក្រុមប្រឹក្សាសង្កាត់របស់អស់លោក លោកស្រី ទាំងលទ្ធផលជាវិជ្ជមាន ឬអវិជ្ជមាន ដោយមានបញ្ជាក់ពីមូលហេតុច្បាស់លាស់ ជូនជ្រាបនៅពេលក្រោយ បន្ទាប់ពីវេទិកាផ្សផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខណ្ឌត្រូវបានបញ្ចប់ ៕