2023-10-16 04:10
306

ខេត្ត​សៀមរាប​៖​ រដ្ឋបាលខេត្តសៀមរាប​ នាព្រឹកថ្ងៃទី១៦​ ខែតុលា​ ឆ្នាំ២០២៣​ បានរៀបចំកិច្ចប្រជុំអនុគណៈកម្មការរៀបចំសោភ័ណភាព សុខាភិបាល អនាម័យ និងបរិស្ថាន​ នៃគណៈកម្មការរៀបចំ ព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ​ អកអំបុក​ ដែលដឹកនាំដោយលោក​ យុន​ លីនណេ​ អភិបាលរងខេត្ត​ និងជាប្រធានអនុគណៈកម្មការ​ តំណាងដ៏ខ្ពង់ខ្ពស់លោក ប្រាក់​ សោភ័ណ​ អភិបាលខេត្តសៀមរាប​ ដោយមានការចូលរួមពីលោកនាយករដ្ឋបាលសាលាខេត្ត​ និងមានការចូលរួមពីនាយករងរដ្ឋបាល​ នាយកទីចាត់ការ​ តំណាង​មន្ទីរ​ អង្គភាព​​ និងមន្ត្រីពាក់ព័ន្ធ​។ 

 បន្ទាប់ស្តាប់សេចក្តីរាយការណ៍​សង្ខេប​ និងពិភាក្សាគ្នារួចមក​ លោក​ យុន​ លីនណេ​ បានណែនាំដល់សមាជិកគណៈកម្មការទាំងអស់ត្រូវរៀបចំរាល់ឯកសារពាក់ព័ន្ធឱ្យបានរួចរាល់​ ដេីម្បីត្រៀមរាយការណ៍ក្នុងអង្គប្រជុំរបស់គណៈកម្មការ។​ ជាមួយគ្នានោះផងដែរ​ លោកក៏បានណែនាំដល់ក្រុមការងាររៀបចំអនុគណៈកម្មការនេះ ឱ្យរៀបចំផែនការ និងអនុវត្តផែនការត្រួតពិនិត្យ និងជួសជុលលម្អ រៀបចំតុបតែងភ្លើងគោម ភ្លើងបំភ្លឺ សាធារណៈតាមដងផ្លូវ និងការលម្អសោភ័ណភាពផ្សេងៗនៅតាមដងស្ទឹងសៀមរាប ស្ពាន សួនច្បារ និងតាមទីសាធារណៈនានា​ ត្រូវសហការរៀបចំស្តង់ពិព័រណ៍ពាណិជ្ជកម្មនានា​ រៀបចំផែនការប្រមូល ដឹកជញ្ជូន និងសំអាតសំរាមឱ្យបានជាប់ជាប្រចាំ ធានាបាននូវសោភ័ណភាព និងបរិស្ថានល្អនៅទីកន្លែងប្រារព្ធពិធីតាមដងផ្លូវសាធារណៈ សួនច្បារ ក៏ដូចជានៅក្នុងក្រុងទាំងមូល​ រៀបចំបង្គន់អនាម័យនៅទីកន្លែងប្រារព្ធពិធីសំខាន់ៗ និងទីសាធារណៈ ដោយសហការជាមួយម្ចាស់ គ្រឹះស្ថានសាធារណៈ និងឯកជនដែលមានទីតាំងស្ថិតនៅតាមបណ្តោយស្ទឹងសៀមរាប ព្រមទាំងរៀបចំរថយន្តសង្គ្រោះបន្ទាន់ប្រចាំការនៅទីកន្លែងប្រារព្ធពិធីដោយត្រៀមគ្រូពេទ្យ ថ្នាំពេទ្យចាំបាច់មួយ ចំនួនសម្រាប់សង្គ្រោះបន្ទាន់ដល់កីឡាករ កីឡាការិនីអុំទូក និងសាធារណជន ដែលមានគ្រោះថ្នាក់ ជាយថាហេតុផ្សេងៗ ដូចជា គ្រោះថ្នាក់ចរាចរណ៍ ខ្យល់ចាប់ ខ្យល់គរជាដេីម។ 

 លោកអភិបាលរងខេត្ត​ ក៏បានបន្តថារដ្ឋបាលខេត្តសៀមរាប នឹងរៀបចំពិធីបុណ្យអុំទូក បណ្តែតប្រទីប អកអំបុក និងសំពះព្រះខែ​ នាចុងខែវិច្ឆិកា ខាងមុខនេះ​ រយៈពេល២ថ្ងៃ គឺចាប់ពីថ្ងៃទី២៦-២៧ ខែវិច្ឆិកា ឆ្នាំ២០២៣ខាងមុខនេះ នៅតាមបណ្តោយដងស្ទឹងសៀមរាប រួមជាមួយនឹងកម្មវិធីកម្សាន្តជាច្រើនទៀត ជូនដល់បងប្អូនប្រជាពលរដ្ឋ ព្រមទាំងភ្ញៀវទេសចរណ៍មកទស្សនាកម្សាន្តអំពីវប្បធម៌ ប្រពៃណីរបស់ប្រជាពលរដ្ឋខែ្មរយើងដែលមានតាំងពីបូរាណមក​ និងមានការតាំងពិព័រណ៍ ការប្រគុំតន្ត្រី​ អុំទូកខ្នាតតូច​ ផ្សារបណ្តែតទឹក​ ជិះទូកលេងកំសាន្តផងដែរ៕