2024-03-25 04:03
45

កាលពីព្រឹកថ្ងៃទី២៤ ខែមិនា ឆ្នាំ២០២៤ ចុងសប្តាហ៍កន្លងទៅនេះ ប្រជាពលរដ្ឋ ជាច្រើនគ្រួសារដែលមានលំនៅដ្ឋាន នៅចំណុចភ្នំខៀវក្នុងក្រុម០១ ភូមិ០១ សង្កាត់លេខ០២ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ បានសំដែងការសប្បាយរីករាយនិងថ្លែងអំណរគុណដល់ អាជ្ញាធរសង្កាត់លេខ២និងក្រុងព្រះសីហនុ ក៏ដូចជាលោកជិន ស៊ីវវេង ម្ចាស់លំនៅដ្ឋានដើមផ្លូវ ដែលចូលរួមតាមការរៀបចំរបស់រដ្ឋបាលខេត្តនិងមន្ទីររៀបចំដែនដីនគរូប                 នីយកម្មសំណង់និងសុរិយោដី ដែលបានចុះរៀបចំប្លង់សំគាល់អចលនវត្ថុជាលក្ខណ:ប្រព័ន្ធដោះស្រាយក្នុងការបើកផ្លូវដែលជាប់គាំងជាច្រើនឆ្នាំកន្លងមកហើយនោះទទួលបានជោគជ័យ។

 លោកស្រី សំរិទ្ធ សុខខេមរា ចៅសង្កាត់លេខ០២ បានឲ្យដឹងថា ដោយមានការយកចិត្តទុកដាក់ខ្ពស់ពីសំណាក់លោកអភិបាលក្រុង លោកអភិបាលខេត្ត ក៏ដូចជាមន្ទីរជំនាញរៀបចំដែនដី បានចុះរៀបចំប្លង់សំគាល់អចលន:វត្ថុជាលក្ខណ:ប្រព័ន្ធជូនដល់បងប្អូនប្រជាពលរដ្ឋនៅក្នុងខេត្តព្រះសីហនុទាំងមូល ដោយឡែកនៅសង្កាត់លេខ០២ ដើម្បីជួយសម្រួលដល់ការលំបាករបស់បងប្អូនប្រជាពលរដ្ឋដែលមានលំនៅដ្ឋានត្រង់ចំណុចខាងក្រោយសណ្ឋាគារអតីត( ឆ្នេរជ័យជំនះ ) ដែលពីមុនការរៀបចំប្លង់គោលជាលក្ខណ:ប្រព័ន្ធមានតែផ្លូវថ្មើជើងចេញ,ចូលស្ទើរតែជៀសគ្នាមិនរួចនោះ ពេលនេះគណ:កម្មការមន្ទីរជំនាញបានកំណត់បើកផ្លូវដែលមានទទឹង៥ម៉ែត្រ ដើម្បីឲ្យបងប្អូនប្រជាពលរដ្ឋដែលមានលំនៅដ្ឋានខាងក្រោយធ្វើដំណើរចេញចូលបានស្រួល។

 ជាមួយគ្នានោះលោកស្រីចៅសង្កាត់ ក៏បានសំណូមពរដល់បងប្អូនប្រជាពលរដ្ឋដែលមានលំនៅដ្ឋានជាប់គំរោងផ្លូវដែលបានកំណត់ដោយគណ:កម្មការនៃមន្ទីរជំនាញ សូមឲ្យ មានការយោគយល់ចូលរួមក្នុងកិច្ចសហការបើកផ្លូវឲ្យបានធំទូលាយសម្រួលដល់ការធ្វើដំណើរជាពិសេស នៅពេលមានហានិភ័យដែលកើតឡើងជាយថាហេតុ ដូចជា                 អគ្គិភ័យឆាបឆេះ,ពេលមានអ្នកជំងឺត្រូវដឹកតាមរថយន្តយកទៅសង្គ្រោះនៅមន្ទីរពេទ្យជាដើម។