2024-02-16 08:02
75

ភ្នំពេញ៖ បុគ្គលម្នាក់ដែលប្រើប្រាស់គណនីហ្វេសបុកមានឈ្មោះ «វិញ្ញាសាត្រៀមប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ» ត្រូវបានអគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ បានធ្វើការស្រាវជ្រាវស៊ើបអង្កេត និងស្វែងរកអត្តសញ្ញាណបន្ទាប់ពីបានផ្សព្វផ្សាយព័ត៌មានធ្វើឱ្យប៉ះពាល់ដល់ដំណើរការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំ២០២៣ រហូតឈានដល់កោះហៅឱ្យចូលខ្លួនមកបំភ្លឺនាថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៤ ម្សិលមិញនេះ។

នៅថ្ងៃទី១៥ ខែកុម្ភៈនេះ ក្រសួងអប់រំ យុវជន និងកីឡា បានបញ្ជាក់ថា៖ តាមរយៈសំណើរបស់ក្រសួងអប់រំ និងគោលការណ៍ពីថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ និងដោយមានការអនុញ្ញាតពីព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ អគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ បានធ្វើការស្រាវជ្រាវស៊ើបអង្កេត និងស្វែងរកអត្តសញ្ញាណម្ចាស់គណនីហ្វេសប៊ុក ដែលបានផ្សព្វផ្សាយព័ត៌មានធ្វើឱ្យប៉ះពាល់ដល់ដំណើរការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំ២០២៣ រហូតឈានដល់កោះហៅបុគ្គលជាម្ចាស់ទំព័រហ្វេសប៊ុកឈ្មោះ «វិញ្ញាសាត្រៀមប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ» ឱ្យចូលខ្លួនមកបំភ្លឺ។

ជាលទ្ធផលបុគ្គលនេះបានសារភាពថា «ខ្លួនពិតជាបានផ្សព្វផ្សាយរូបភាពវិញ្ញាសាប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង០៦ វិច្ឆិកា ២០២៣ លើទំព័រហ្វេសប៊ុកឈ្មោះ “វិញ្ញាសាត្រៀមប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ” ពិតមែន ហើយរាល់ឯកសារដែលបានយកផ្សព្វផ្សាយនោះខ្លួនទទួលបានពីប្រភពមិនច្បាស់ដែលបានចែកចាយលើប្រព័ន្ធបណ្តាញទំនាក់ទំនងសង្គម»។

ប្រភពបន្តថា បុគ្គលរូបនេះបានសារភាពបន្ថែមថា «រាល់ការបង្ហោះឯកសារពាក់ព័ន្ធខាងលើ ខ្លួនមានចេតនាប្រើប្រាស់ទាញយកប្រជាប្រិយភាពមកលើទំព័រហ្វេសប៊ុក “វិញ្ញាសាត្រៀមប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ”របស់ខ្លួនឱ្យសាធារណជនកាន់តែមានការចាប់អារម្មណ៍ច្រើនឡើង ទុកសម្រាប់ប្រើប្រាស់បង្កើនចំណូលតាមរយៈការធ្វើអាជីវកម្មលក់សៀវភៅ និងកំណែវិញ្ញាមុខវិជ្ជាសិក្សាផ្សេងៗ ដែលខ្លួនដាក់លក់លើទំព័រហ្វេសប៊ុកខាងលើនេះ»។

ក្រោយពីបានសាកសួរបំភ្លឺបុគ្គលរូបនេះ បានទទួលស្គាល់នូវកំហុស ធ្វើកិច្ចសន្យាជាលាយលក្ខណ៍អក្សរ និងបានថតវីដេអូឃ្លិបសុំទោសក្រសួងអប់រំ យុវជន និងកីឡា នៅចំពោះមន្ត្រីនគរបាលយុត្តិធម៌ ចំពោះកំហុសដែលខ្លួនបានប្រព្រឹត្តកន្លងមក។

ក្នុងន័យនេះ ក្រសួងអប់រំ យុវជន និងកីឡា សូមធ្វើការក្រើនរំលឹកដល់សាធារណជនទូទៅមេត្តាប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយប្រកបដោយទំនួលខុសត្រូវខ្ពស់ ដោយមិនត្រូវចែករំលែកនូវឯកសារ ព័ត៌មាន រូបភាព វីដេអូ ដែលគ្មានប្រភពច្បាស់លាស់ និងកុំប្រើប្រាស់និមិត្តសញ្ញា (logo) របស់អង្គភាពរដ្ឋាភិបាលដោយគ្មានការអនុញ្ញាត៕