2024-01-24 11:01
76

កំពង់ស្ពឺ៖    បុរសម្នាក់បានស្លាប់ភ្លាមៗយ៉ាងអាណោចអធម៌ ខណៈពីរនាក់ទៀតបានរងរបួស នៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយដែលបានកើតឡើងរវាងម៉ូតូពីរគ្រឿង បុកគ្នា ហើយខ្ទាតចូលរថយន្តមួយគ្រឿង បង្កឲ្យមានការភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោង ៦និង៣០នាទី ព្រលប់ថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៤ ស្ថិតនៅត្រង់ចំណុចផ្លូវកៅស៊ូ ក្នុងភូមិគីរីរស្មី ឃុំព្រៃរំដួល ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ។

តាមប្រភពព័ត៌មានពីសមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថាមុនកើតហេតុគេឃើញ ម៉ូតូមួយគ្រឿង ម៉ាកហុងដាឌ្រីម ពណ៌ក្រហម គ្មានផ្លាកលេខ បើកបរដោយឈ្មោះ ពុធ រដ្ឋា ភេទប្រុសអាយុ២៣ឆ្នាំ រស់នៅភូមិជន្លង់ម្លូ ឃុំព្រៃរំដួល ស្រុកភ្នំស្រួចខេត្តកំពង់ស្ពឺ ធ្វើដំណើរក្នុងទិសដៅពីជើងទៅត្បូង។ លុះពេលមកដល់ចំណុចកើតហេតុក៏ បានបុកគ្នាជាមួយម៉ូតូមួយគ្រឿងម៉ាក ហុងដាឌ្រីម ពណ៌ខ្មៅ ពាក់ផ្លាកលេខ កំពង់ស្ពឺ1M-5414 បើកបរដោយឈ្មោះ មាស ផាន ភេទប្រុស អាយុ៤៨ឆ្នាំ រស់នៅភូមិគីរីរស្មី  ឃុំព្រៃរំដួល ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ និងអ្នករួមដំណើរជាមួយឈ្មោះ សួយ នី ភេទស្រី អាយុ៥៤ឆ្នាំ រស់នៅភូមិព្រៃរមៀត ឃុំព្រៃរំដួល ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ក្នុងទិសដៅបញ្រ្ចាស់គ្នា បណ្តាលឲ្យ ឈ្មោះ ពុធ រដ្ឋា ខ្ទាត ចូលរថយន្តធុនធំមួយគ្រឿង ពណ៌បៃតង ពាក់ផ្លាកលេខ3E-0651 ត្រូវរថយន្តកិនស្លាប់ភ្លាមៗ យ៉ាងអាណោចអធម៌ ។

បន្ទាប់ពីកើតហេតុអ្នករងរបួស ពីរនាក់ត្រូវបានគេជួយដឹកបញ្ជួនទៅកាន់មន្ទីរពេទ្យដើម្បីសង្គ្រោះ ក្រោយមកក៏មានសមត្ថកិច្ចជំនាញចុះទៅពិនិត្យនិងធ្វើការវាស់វែងរួចបានអូសយករថយន្តនិងម៉ូតូទៅរក្សាទុក រង់ចាំធ្វើការដោះស្រាយនៅពេលក្រោយ ។ចំណែកសព ប្រគល់េជូនក្រុមគ្រួសារដើម្បីរៀបចំចាត់ចែងធ្វើបុណ្យតាមប្រពៃណី។