2023-06-28 10:06
413

កំពង់ឆ្នាំង៖ ប្រជាពលរដ្ឋ ចំនួន ៦៩គ្រួសារ រស់នៅក្នុងភូមិចំនួន ៥ ក្នុងឃុំស្វាយរំពារ ឃាត និងឃុំត្រងិល នៃស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង ដែលចាញ់បោកក្រុមហ៊ុនលក់ ទិញដីឡូត៍ ឧកញ៉ា ជា សារ៉ន សរុបជាង ១លានដុល្លារស្នើរសុំដល់ថ្នាក់ដឹកនាំជួយអន្តរាគម ខណៈឧកញ៉ា និងបក្ខពួកកំពុងជាប់ឃុំបណ្តោះអាសន្ន នៅពន្ធនាគារខេត្តកំពត។ 

ប្រជាពលរដ្ឋ ដែលរងគ្រោះដោយចាញ់បោកក្រុមហ៊ុន ជា សារ៉ន ទាំង ០៥ភូមិ រួមមាន៖ ភូមិក្នុង ,ភូមិដា ,ភូមិល្វា ,ភូមិអណ្ដូងនុក និងភូមិជើងគ្រោះ នៅក្នុងឃុំស្វាយរំពារ ឃាត ឃុំត្រងិល ក្នុងស្រុកកំពង់លែង។ 

នៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៣ នេះ លោក ម៉ៃ មឿន អាយុ ៣៨ឆ្នាំ និងលោកស្រី ភា ស្រីម៉ៅ អាយុ ៤៥ ឆ្នាំ តំណាងប្រជាពលរដ្ឋ ចំនួន ៦៩ គ្រួសារ បានប្រាប់ថា ពួកគាត់ទាំង ៦៩ គ្រួសារបានចាញ់បោកក្រុមហ៊ុនលោកឧកញ៉ា ជា សារ៉ន លក់ ទិញដីឡូតិ៍នៅខេត្តកំពត សរុបអស់ទឹកប្រាក់ ចំនួន ១ ០៣៤ ៨៥០ ដុល្លារ និងប្រាក់រៀល ចំនួន ៣២លានរៀល ដោយនៅក្នុងមួយគ្រួសារៗ បានចាញ់បោកក្រុមហ៊ុននេះចាប់ពី ៥ពាន់ដុល្លារដល់ ៧ម៉ឺនដុល្លារ។ 

ពួកគាត់បានឲ្យដឹងទៀតថា ក្នុងពេលបង់លុយទិញដីឡូត៍ ក្រុមហ៊ុនឧកញ៉ា ជា សារ៉ន ដែលមានមេការក្រុមហ៊ុនមឈ្មោះ ពិន សុខា , ផង់ ចំរើន , ហង់ ហៃ និងប្រធានក្រុមហ៊ុនបានសន្យាថានឹងជួយបង់ការប្រាក់ប្រចាំខែជូនធនាគារជំនួសប្រជាពលរដ្ឋ ដែលបានខ្ចីលុយពីធនាគារឯកជន គឺក្នុងមួយម៉ឺនដុល្លារ ត្រូវបង់ការប្រាក់ ២៥០ដុល្លារ ប៉ុន្តែចាប់ខែមេសា ឆ្នាំ២០២៣ ក្រុមហ៊ុនឧកញ៉ា ជា សារ៉ន មិនបានបង់ការប្រាក់ជូនពួកគាត់ទាំង ៦៩ គ្រួសារ ដូចការសន្យានោះឡើយ។ 

ករណីខាងលើនេះ ពួកគាត់ក៏ធ្លាប់បានដាក់ពាក្យបណ្ដឹងស្នើសុំពី ឯកឧត្តមអភិបាលខេត្តកំពត និងឯកឧត្តមអភិបាលខេត្តកំពង់ឆ្នាំង ជួយអន្តរាគមន៍ដោះស្រាយ ប៉ុន្តែមកដល់ពេលនេះមិនទាន់ឃើញជួយចំណាច់ការជូនពួកគាត់ឡើយទេ។ ដូច្នេះ ពួកគាត់គោរពស្នើសុំថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់មេត្តាជួយដោះស្រាយ ដូចខាងក្រោម៖ 

១- សុំឱ្យក្រុមហ៊ុនឧកញ៉ា ជា សារ៉ន ចរចាជាមួយគ្រឹះស្ថានហិរញ្ញវត្ថុឯកជនបង់ការប្រាក់ប្រចាំខែជំនួសប្រជាពលរដ្ឋដូចដែលក្រុមហ៊ុនបានសន្យា។

២- ពួកគាត់ស្នើសុំដកយកប្លង់ដីប្លង់ផ្ទះដែលដាក់បញ្ចាំនៅធនាគារមកវិញ។ 

៣- ស្នើសុំឲ្យក្រុមហ៊ុនឧកញ៉ា ជា សារ៉ន បង្វិលសងប្រាក់ពួកគាត់ទាំង ៦៩ គ្រួសាជាង ១ម៉ឺនដុល្លាររមកវិញ។ 

៤- គោរពស្នើសុំឯកឧត្តមអភិបាលខេត្តកំពង់ឆ្នាំង និងខេត្តកំពត ជួយចំណាត់ការរឿងពួកគាត់ឲ្យដូចប្រជាព លរដ្ឋនៅខេត្តកំពត និងខេត្តតាកែវ ដោយក្តីអនុគ្រោះផងចុះ។ 

សូមរំឭកថា នៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៣ នេះ ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត បានដឹកនាំមន្ត្រី និងមន្ទីរអង្គភាពជំនាញពាក់ព័ន្ធអាជ្ញាធរក្រុងស្រុកទាំង៩ ទូទាំងខេត្តបានចុះទៅធ្វើការសម្របសម្រួល និងដោះស្រាយករណីក្រុមហ៊ុន អភិវឌ្ឍន៍ដីឡូត៍ ឧកញ៉ា ជា សារ៉ន ជាមួយនឹងប្រជាពលរដ្ឋរាប់ពាន់គ្រួសារដែលមានបញ្ហា ដោយសារក្រុមហ៊ុនមិនគោរពតាមកិច្ចសន្យា។ 

បញ្ហានេះ មានប្រជាពលរដ្ឋរាប់ពាន់គ្រួសារបានរងគ្រោះ ជាមូយការវិនិយោគខ្យល់ ឬភ្នាក់ងារលក់ និងអ្នកទិញអចលនទ្រព្យ ជាពិសេសអ្នកទៅខ្ចីលុយធនាគារមកដាក់ឱ្យក្រុមហ៊ុនដើម្បីបានចំណេញការប្រាក់ខ្ពស់ ប៉ុន្តែបែរជាធ្លាក់ខ្លួនជំពាក់បំណុលធនាគារនោះដោះស្រាយមិនរួចនោះហើយក្រុមហ៊ុន ជា សារ៉ន ត្រូវក្ស័យធន់គ្មានលទ្ធភាពដោះស្រាយតាមកិច្ចសន្យា។ 

ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត បានទទួលពាក្យបណ្តឹងពីប្រជាពលរដ្ឋជាច្រើនគ្រួសារ ថាពួគគាត់ជួបវិបត្តិនៅក្នុងជីវភាពរស់នៅដោយសារចាញ់កលល្បិចរកស៊ីរបស់លោកឧកញ៉ា ជា សារ៉ន ជាម្ចាស់ក្រុមហ៊ុន អភិវឌ្ឍន៍ដីឡូតិ៍ បណ្តាលឲ្យធ្លាក់ខ្លួនជំពាក់បំណុលធនាគារ និងអ្នកមាននោះ  ត្រូវបានឯកឧត្តម ម៉ៅ ធនិនអភិបាលខេត្តកំពតបានចុះទៅដោះស្រាយរួចរាល់អស់ហើយ ដោយខាងក្រុមហ៊ុនត្រូវទទួលខុសត្រូវរាល់បំណុលទាំងអស់ ។ 

ឯកឧត្តមអភិបាលខេត្តកំពត បានធ្វើការសម្របសម្រួលដោះស្រាយករណីវិវាតរវាងក្រុមហ៊ុនរបស់ឧកញ៉ា ជា សារ៉ន និងប្រជពលរដ្ឋរាប់ពាន់គ្រួសារ ក្នុងបរិវេណវត្តអង្គឈូក  ឃុំឈូក ស្រុកឈូកខេត្តកំពត បានជាលទ្ធផល ក្រុមហ៊ុនអភិវឌ្ឍន៍ដីឡូតិ៍ ជា សារ៉ន បានឯកភាពយល់ព្រមទទួលខុសត្រូវ និងចេញសងរាល់បំណុលដែលប្រជាពលរដ្ឋបានទៅខ្ចីធនាគារ ឬអ្នកមានមកឲ្យក្រុមហ៊ុនហើយប្លង់ដីផ្សេងៗដែលប្រជាពលរដ្ឋបានយកទៅដាក់ខ្ចីលុយនៅធនាគារនោះ  លោក ជា សារ៉ន ត្រូវទទួលខុសត្រូវយកមកឲ្យប្រជាពលរដ្ឋវិញទាំងអស់។ 

ករណីខាងលើនេះ សម្រាប់ដំណោះស្រាយរបស់ឯកឧត្តមអភិបាលខេត្តកំពត ជាមួយក្រុមហ៊ុន ជា សារ៉ន គ្រុប នាព្រឹកមិញនេះ រួមមាន៖ 

ទី១- ក្រុមហ៊ុន ជា សារ៉នគ្រុបត្រូវទទួលយកនូវបន្ទុកបំណុលដែលពុកម៉ែបងប្អូនយើង ទៅខ្ចីពីអ្នកមានលុយ យកទៅឲ្យក្រុមហ៊ុន ដូចនេះក្រុមហ៊ុន ជា សារ៉នគ្រុប ត្រូវធានារ៉ាប់រងបង់ការប្រាក់ជំនួសពុកម៉ែបងប្អូនយើង។

ទី២- អចលនៈទ្រព្យរបស់ពុកម៉ែបងប្អូនទាំងអស់ ដែលយកទៅតម្កល់ជាមួយអ្នកមានលុយ ហើយខ្ចីនោះ ក្រុមហ៊ុន ជា សារ៉នគ្រុបត្រូវយកទ្រព្យសម្បត្តិរបស់គាត់ ទៅតម្កល់ជំនួសអចលនៈទ្រព្យរបស់ពុកម៉ែ ហើយត្រូវបង្វិលអចលនៈទ្រព្យរបស់ពុកម៉ែ ជូនពុកម៉ែយើងវិញ។ 

ទី៣- អ្នកដែលវិនិយោគជាមួយក្រុមហ៊ុន ជា សារ៉នគ្រុប ដែលមិនមានកម្ចីលុយពីនរណានោះ ក្រុមហ៊ុន ជា សារ៉នគ្រុបសុំពេលមួយ (០១)ខែ ដើម្បីធ្វើបច្ចុប្បន្នភាពស្រាវជ្រាវ ថាតើមានប៉ុន្មាននាក់ លើទំហំទឹកប្រាក់ចំនួនប៉ុន្មាន ដើម្បីឲ្យគាត់ពិនិត្យមើលលទ្ធភាពប្រមូលអចលនៈទ្រព្យ និងថវិការបស់គាត់ ក្នុងការត្រៀមដោះស្រាយជូនពុកម៉ែបងប្អូនយើងវិញ។ 

ទី៤- ពុកម៉ែបងប្អូនកូនក្មួយយើង ដែលបានបង់ផ្តាច់ហើយ ជាមួយការទិញលក់ដីឡូត៏នេះ មិនទាន់បានប្លង់កម្មសិទ្ធិ ត្រូវទៅប្រាប់ក្រុមហ៊ុន ជា សារ៉នគ្រុបដើម្បីចេញប្លង់ជូន (ហើយខាងជំនាញរៀបចំជូន)។ 

ទី៥- ឯកឧត្តមអភិបាលខេត្ត បានឲ្យមេធាវីខេត្ត តំណាងឲ្យពុកម៉ែបងប្អូនយើង ដើម្បីដាក់ពាក្យស្នើទៅម្ចាស់លុយទាំងអស់ សុំពន្យាក្នុងការទារប្រាក់គ្រប់យ៉ាងនេះ ដើម្បីបង្វិលបន្ទុកនេះ ទៅឲ្យក្រុមហ៊ុន ជា សារ៉នគ្រុបជាអ្នកទទួលខុសត្រូវ ហើយមិនឲ្យមកទារពុកម៉ែបងប្អូនយើងតាមខ្នងផ្ទះទេ ព្រោះបន្ទុកនេះក្រុមហ៊ុន ជា សារ៉នគ្រុប ជាអ្នកទទួលខុសត្រូវចំពោះមុខថ្នាក់ដឹកនាំទាំងអស់នៅទីនេះ។ 

យោងតាមដីកាបង្គាប់ឲ្យឃុំខ្លួនរបស់លោក ភាព សុភា ចៅក្រមស៊ើបសួរនៃសាលាដំបូងខេត្តកំពត ចុះថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៣ បានសម្រេចឃុំខ្លួនជាបណ្តោះឧកញ្ញ៉ា ជា សារ៉ន និងបក្សពួកដែលបានឆបោកប្រជាពលរដ្ឋរាប់ពាន់នាក់ ពីបទៈ ឆបោកមានស្ថានទម្ងន់ទោស និងត្រូវបានបញ្ជូនដល់ពន្ធនាគារខេត្តកំពត។ 

ជនត្រូវចោទឈ្មោះ ជា សារ៉ន ភេទប្រុស អាយុ ៣៨ឆ្នាំ ជនជាតិខ្មែរ សាសនាព្រះពុទ្ធ កម្រិតវប្បធម៌មធ្យម សិក្សាទុតិយភូមិ មុខរបរអគ្គនាយកក្រុមហ៊ុន ជាសារ៉ន រៀលធី ទីកន្លែងកំណើតភូមិទួល ឃុំល្បើក ស្រុកឈូក ខេត្ត កំពត ទីលំនៅបច្ចុប្បន្ននៅភូមិទួល ឃុំល្បើក ស្រុកឈូក ខេត្តកំពត។ ជនត្រូវចោទទាំងនេះ ត្រូវបានដាក់ឲ្យស្ថិតនៅក្រោមការពិនិត្យពីបទៈ ឆបោកមានស្ថានទម្ងន់ទោស ប្រព្រឹត្តនៅភូមិបឹងនិមល និងភូមិត្រពាំងបី ស្រុកឈូក ខេត្តកំពត និងភូមិព្រៃវែង ឃុំស្រែក្នុង ស្រុកជុំគិរី ខេត្តកំពត ចាប់ពីថ្ងៃទី០៨ ខែសីហា ឆ្នាំ២០១៨ រហូតដល់បច្ចុប្បន្ន បទល្មើសមានចែង និងបញ្ញត្តឲ្យផ្ដន្ទាទោសតាមមាត្រា៣៧៧ , មាត្រា៣៨០ នៃក្រម ព្រហ្មទណ្ឌ។ 

សូមបញ្ជាក់ថា មានប្រជាពលរដ្ឋរាប់ពាន់នាក់ បានរងគ្រោះចាញ់បោកក្រុមហ៊ុន ជា សារ៉ន អស់ប្រាក់ម្នាក់ៗចាប់ពីរាប់ពាន់ដុល្លារឡើង ក្នុងការទិញដីឡូត៍ និងដាក់ប្រាកវិនិយោគដើម្បីទទួលបានផលចំណេញខ្ពស់ ប៉ុន្តែចុងក្រោយលុយក៏អស់ និងជាប់បំណុលធនាគារវ័ន្តដោះស្រាយមិនចេញទៀត៕