2023-07-12 02:07
507

ភ្នំពេញ៖ បុរស ០២នាក់ ស្លៀកពាក់ស៊ីវិល កាត់វិទ្យុទាក់ទង (ID) ជាក្រុមអង្គរក្សការពារអ្នកមានលុយ បានជិះម៉ូតូកៀរប្រជាពលរដ្ឋម្នាក់ កំពុងធ្វើដំណើរតាមដងផ្លូវ និងគំរាមរកវាយបង្កឲ្យមហាជនរិះគន់យ៉ាងខ្លាំង។

ចំពោះសកម្មភាពរបស់ក្រុមអង្គរក្សអ្នកមានលុយបង្កការប៉ះពាល់ដល់ប្រជាពលរដ្ឋនេះ កើតឡើងនៅព្រឹកថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៣ នេះ តាមបណ្តោយផ្លូវចាក់អង្រែក្រោម សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យរាជធានីភ្នំពេះ ជិះម៉ូត ម៉ាកហុងដា C125 ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1GJ-7132 ជិះអមរថយន្តស៊េរីទំនើប ០១គ្រឿង ម៉ាក Roll Royce ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2BL.1717។

យោងតាមគណនីហ្វេសប៊ុកឈ្មោះ “គាំទ្រគណបក្ស ប្រជាជន ដេីម្បីប្រជាជន” បានសរសេរថា មុននេះបន្តិចខ្ញុំបានឃើញហេតុការមួយដែលកើតឡើងនៅលើផ្លូវចាក់អង្រែក្រោម ដែលមានអង្គរក្សពីរម៉ូតូ មានគ្នាបួននាក់ ដែលបានជិះតាមឡាន ម៉ាក Roll Royce ពណ៌ខ្មៅ ដែលមានអង្គក្សចរឹកដូចជាជនពាល ពួកបាតផ្សារ បានធាក់ម៉ូតូបងប្រុសម្នាក់ ដែលបានជិះនៅលើគន្លងផ្លូវស្តាំរបស់គាត់ហើយបុរសពីរនាក់ដែលមានកាន់វិទ្យុទាក់ទងបានព្យាយាមជិះទៅគៀគាត់នៅខាងមុខ តែដោយសារជិះវ៉ាជែងមិនបានដោយសារគាត់នៅពីរមុខហើយជែងមិនផុតព្រោះគាត់ជិះយឺត ហើយក៌បានធាក់គាត់ពីក្រោយ និងចុះមករករឿងរកវ៉ៃគាត់គាត់ ហើយនិយាយថា “ជិះហ្នឹងមានមើលឡានគេទេ” ខ្ញូំចង់សួរថា “ឡានមេគាត់ហ្នឹងជាឡានក្បួន ឬផ្លូវហ្នឹងធ្វើសំរាប់តែពួកគាតជិះទេ?”

គណនីហ្វេសប៊ុកដដែលបានសរសេរទៀតថា “បើយើងចង់លឿនតាមមេកើយទេ យើងជិះទៅជិតគាត់ហើយប្រាប់គាត់ទៅថា បងខ្ញុំសុំទៅមុនមួយដើម្បីតាមឡានមេ នេះជាសុជីវធម៌ និងការគោរពអ្នកដ៏ទេ មិនមែនចរឹកពាលជិះគៀចូលទៅគន្លងផ្លូវគេហើយ ធាក់ម៉ូតូអោយជៀសផ្លូវហើយរករឿងរកវ៉ៃគេនោះទេ។ ដូច្នេះសូមអជ្ញាធរមានសមត្ថកិច្ចជួយមើលនិងចំណាំផង និងសូមផ្តាំអស់លោកមួយចំនួនជួយមើលនិងបង្រៀនកូនចៅអោយមានសិលធម៌ ក្នុងការបើកបរផង សូមអរគុណ”។

ពាក់ព័ន្ធទង្វើអសីលធម៌ខាងលើនេះ មហាជនបានធ្វើការរិះគន់យ៉ាងខ្លាំង ចំពោះក្រុមអង្គរក្សការពារអ្នកមានដែលប្រព្រឹត្តលើអ្នកដំណើរបែបនេះ។ ជុំវិញករណីខាងលើ អង្គភាពយើងមិនសុំការបកស្រាយពីភាគី ម្ចាស់ឡាន និងអង្គរក្សនោះបានទេ៕